ពេលវេលារបស់កីឡាករជម្រើសជាតិហ្វីលីពីន Christian Rontini ជាមួយក្លិបឥណ្ឌូណេស៊ី Madura United បានបញ្ចប់មុនកាលកំណត់។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះត្រូវបានបញ្ជាក់ថា លែងជាផ្នែកមួយរបស់ក្លិបឥណ្ឌូនេស៊ីមួយនេះក្នុងជុំទីពីរនៃ BRI Liga 1 រដូវកាល 2024/25 ។
មូលហេតុនៃការផ្ដាច់កុងត្រា៖
កីឡាករជម្រើសជាតិហ្វីលីពីន Christian Rontini ត្រូវបានផ្ដាច់កុងត្រាចោល ត្រឹមតែមួយថ្ងៃ បន្ទាប់ពីជម្រើសជាតិហ្វីលីពីនបានទម្លាក់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក្នុងពានរង្វាន់ AFF Cup ឆ្នាំ 2024។
នៅក្នុងការប្រកួតដែលធ្វើឡើងនៅទីក្រុង Manahan, កោះ Solo (12/21/2024) Rontini បានជួយក្រុម The Azkals ឈ្នះក្រុមម្ចាស់ផ្ទះ 1-0 ។ អតីតកីឡាករ Persita Tangerang រូបនេះបានប្ដូរចូលនៅនាទី 70 និងទទួលបានកាតលឿង មុនពេលស៊ុតទម្លាក់ឥណ្ឌូណេស៊ីក្នុងការប្រកួតចុងក្រោយក្នុងពូល។
ជ័យជម្នះមួយនេះអាចនាំហ្វីលីពីនឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2024។ ពួកគេបានរក្សាតំណែងក្រុមលេខ២ដោយមាន៦ពិន្ទុនាំមុខក្រុមជម្រើសជាតិឥណ្ឌូណេស៊ី២ពិន្ទុ ដែលឈរក្នុងចំណាត់ថ្នាក់លេខ៣។
សារព័ត៌មានវៀតណាម Soha បានសរសេរថា៖ «កីឡាករ Christian Rontini ត្រូវបានបញ្ចប់កិច្ចសន្យាដោយក្លិបឥណ្ឌូនេស៊ីភ្លាមៗ បន្ទាប់ពីបានជួយក្រុមជម្រើសជាតិហ្វីលីពីន ទម្លាក់ឥណ្ឌូនេស៊ីចេញពីពានរង្វាន់ AFF Cup ឆ្នាំ 2024″។
« Madura United បានបញ្ចប់កិច្ចសន្យារបស់ Christian Rontini កាលពីថ្ងៃទី 22 ខែធ្នូ។ ការប្រកាសត្រូវបានធ្វើឡើងតិចជាងមួយថ្ងៃ បន្ទាប់ពីហ្វីលីពីនបានទម្លាក់ឥណ្ឌូនេស៊ីពីពានរង្វាន់ AFF Cup ឆ្នាំ 2024 ។ នេះបានធ្វើឱ្យអ្នកគាំទ្រសង្ស័យថាក្លិបបណ្តេញ Rontini ដើម្បីដាក់ទណ្ឌកម្មកីឡាករ» ។
ករណីស្រដៀងគ្នាកាលពី២០ឆ្នាំមុន៖
អ្នកនិយមលេងអ៊ីនធឺណិតអន្តរជាតិជាច្រើន បានប្រៀបធៀបករណីរបស់ Christian Rontini ទៅនឹង Ahn Jung-hwan ។ គាត់ជាវីរបុរសនៃជ័យជម្នះរបស់កូរ៉េខាងត្បូង លើអ៊ីតាលីក្នុងជុំទី 16 នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2002 ត្រូវបានលុបកុងត្រា ដោយក្លឹបអ៊ីតាលី Perugia បន្ទាប់ពីការប្រកួត។
ការប្រកួតដ៏ចម្រូងចម្រាសនេះ ពិតជាត្រូវបានសម្រេចដោយគ្រាប់បាល់ក្នុងម៉ោងមាស។ ច្បាប់ចែងថា ក្រុមដំបូងដែលរកគ្រាប់បាល់បាននៅម៉ោងនេះ ត្រូវបានគេចាត់ទុកថាបានឈ្នះការប្រកួត។
បន្ទាប់ពីការបញ្ចប់អាជីពនៅអ៊ីតាលី Ahn Jung-hwan បានត្រឡប់មកស្រុកកំណើតវិញ ហើយបានចុះកុងត្រាលេងនៅក្លិបក្នុងប្រទេសជប៉ុន បារាំង និងអាឡឺម៉ង់ មុនពេលបញ្ចប់អាជីពនៅប្រទេសចិនដោយការចូលនិវត្តន៍។
ការបដិសេធរបស់ Madura United៖
លោក Umar Wachdin អ្នកចាត់ការទូទៅរបស់ Madura United បានអះអាងថា ការបញ្ចប់កុងត្រាកីឡាករ Christian Rontini មិនមានជាប់ពាក់ព័ន្ធនឹងការបរាជ័យរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនោះទេ។ ការលុបចោលកុងត្រាកីឡាករអ៊ីតាលីហ្វីលីពីនចេញគឺសម្រាប់ហេតុផលបច្ចេកទេស/កលល្បិចសុទ្ធសាធ។
ខណៈដែលច្បាប់នៃកីឡាករបរទេសប្រាំមួយនាក់ដែលត្រូវបានអនុញ្ញាតឱ្យលេង វត្តមានរបស់ Rontini ហាក់បីដូចជាលែងសំខាន់។ Madura United ពេញចិត្តប្រើប្រាស់កីឡាករ Dida, Pedro Monteiro, Jordy Wehrmann, Iran Junior, Lulinha និង Maxuel Silva ។
Rontini លេងបានតែ 6 ដងប៉ុណ្ណោះនៅរដូវកាលនេះ គិតជានាទីត្រឹមតែ 277 នាទីប៉ុណ្ណោះ។ គាត់បានចាប់ផ្តើមក្នុងជម្រើសដំបូងបានពីរដងហើយបានលេងពេញមួយប្រកួតម្តង។ ការប្រកួតនៅសល់គឺបម្រុង។
គាត់បាននិយាយថា៖«រហូតដល់ពាក់កណ្តាលរដូវកាលនេះ ច្បាស់ជាត្រូវបានគេមើលឃើញថា ការរួមចំណែករបស់ពួកគេមានទំហំធំប៉ុណ្ណា។ ពិតណាស់ កីឡាករដែលមានការរួមចំណែកតិចតួចបំផុត ឬស្ទើរតែគ្មានការរួមចំណែកអ្វីទាំងអស់ នឹងត្រូវបានវាយតម្លៃ ហើយបន្ទាប់មកយើងនឹងស្វែងរកដំណោះស្រាយ» ។