ព័ត៌មានកីឡាជាតិ
លោក Ralf Rangnick ដែលជាអ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ Manchester United បានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករ Edinson Cavani នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយនៅក្នុងខែមករានេះ។
នាពេលថ្មីៗនេះ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ តែងតែត្រូវបានគេចុះផ្សាយថា មិនសប្បាយចិត្តក្នុងការលេងជាមួយ Man Utd ឡើយ ដោយសាររូបគេមិនសូវទទួលបាននាទីបង្ហាញខ្លួននៅលើទីលាន ខណៈ ពាក្យចចាមអារ៉ាមបានបន្តទៀតថា រូបគេចង់ផ្លាស់ទៅលេងនៅ Barcelona ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
លោក Rangnick បាននិយាយថា៖«ច្បាស់ណាស់ Cavani នឹងមិនចាកចេញឡើយនៅក្នុងខែមករានេះ។ ខ្ញុំបានប្រាប់គាត់តាំងពីថ្ងៃដំបូងដែលខ្ញុំបានមកដល់ទីនេះ ថា គាត់ជាកីឡាករសំខាន់នៅក្នុងក្រុម។ ពួកយើងត្រូវការគាត់។ គាត់ជាកីឡាករដ៏អស្ចារ្យ។ គាត់ដឹង ថា ខ្ញុំនឹងមិនអនុញ្ញាតឲ្យគាត់ចាកចេញនោះទេ»៕
ប្រភព៖ Manchester Evening News
សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសជូនដំណឹងដល់ក្រសួង-ស្ថាប័ន មន្ទីររាជធានី-ខេត្ត សមាគម-ក្លិបកីឡាហែលទឹកទាំងអស់ ស្តីពីការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មណ្ឌលកីឡាហែលទឹកបាត់ដំបង» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១០ ខែមករា ឆ្នាំ២០២២ នៅក្នុងសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមលិខិតជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់ថា បណ្តាក្លឹប-សមាគម ហែលទឹកដែលមានបំណងចូលរួមប្រកួតប្រជែងត្រូវដាក់ពាក្យចូលរួមប្រកួត ត្រូវមកទំនាក់ទំនងនៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក នៅមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយសហព័ន្ធបន្តការចុះឈ្មោះរហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាចទើបបិទបញ្ជី។ ចំពោះវិញ្ញាសាដែលដាក់ឱ្យប្រកួតត្រូវបានចែកជា៣ផ្នែកធំៗ គឺផ្នែកបុរសចាប់ពីអាយុ១២ ឆ្នាំឡើង ដែលមាន១២វិញ្ញាសា ខណៈផ្នែកនារី ចាប់ពី១០ឆ្នាំឡើងទៅ មាន១១វិញ្ញាសាដែរ ដោយ មានហែលរបៀបសេរី របៀបកង្កែប ហែលរបៀបផ្ងារ ហែលរបៀបមេអំបៅ ហែលបួនរបៀបឯកត្តជន និងហែលបណ្តាក់បួនរបៀប (៤x១០០ម៉ែត្រ) ក្នុងចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ។ ចំណែក ឯផ្នែកជនពិការមានពីរវិញ្ញាសាបុរស គឺហែល៥០ម៉ែត្រ និងហែល១០០ម៉ែត្រររៀបសេរីដូចៗគ្នា សម្រាប់ កម្រិតពិការភាព S3 ដល់ S10។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា គោលដៅនៃការរៀបចំការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅក្នុងមណ្ឌលហែលទឹកថ្មីនេះ ដើម្បីជាការតេស្តសាកល្បងនៃគុណភាពអាងហែលទឹកដែលទើបនឹងសាងសង់រួច សម្រាប់ការប្រកួតផង និងសម្រាប់ការហ្វឹកហាត់ផង។ លោកបានបន្ដថា អាងហែលទឹកខេត្តបាត់ដំបងនេះបានចំណាយអស់ថវិកាប្រមាណ ២លានដុល្លារអាម៉េរិក ដែលអាចរៀបចំការប្រកួតកម្រិតជាតិ និងអាចប្រកួតកម្រិតអន្តរជាតិថ្នាក់តំបន់បាន។ ទន្ទឹមនេះ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះត្រូវបានសាងសង់ឡើងស្របតាមផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។
ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ថ្នាក់ជាតិ ដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីនានាបានបញ្ចេញសមត្ថភាព និងសម្រិតសម្រាំងម្ចាស់ជ័យលាភីប្រចាំឆ្នាំផងដែរ។ ជាមួយគ្នានេះ «មណ្ឌលកីឡាហែលទឹកបាត់ដំបង» ស្ថិតក្នុងសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់សហព័ន្ធខ្មែរ កីឡាហែលទឹក ដើម្បីប្រើប្រាស់ដល់គោលដៅអភិវឌ្ឍន៍វិស័យកីឡាហែលទឹក ក្នុងការផលិតធនធាន កីឡាករ កីឡាការិនីឱ្យកាន់តែសម្បូរបែប និងរីកចម្រើនសម្រាប់ថ្ងៃអនាគតជាពិសេសគឺគោល ដៅចម្បង ចំពោះមុខ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ព័ត៌មានកីឡាអន្តរជាតិ
ទីក្រុង Glasgow: ក្លឹប Celtic ដែលកំពុងលេងនៅក្របខ័ណ្ឌ Premiership របស់ស្កុតឡេន កាលពីថ្ងៃសុក្របានប្រកាសពីការចុះហត្ថលេខាលើកីឡាករជប៉ុនបីនាក់គឺ Yosuke Ideguchi, Daizen Maeda និង Reo Hatate ខណៈដែលអ្នកចាត់ការក្លិបលោក Ange Postecoglou បាននិយាយថាកីឡាករទាំងបីនេះនឹងផ្ដល់ក្ដី “រំភើប” ដល់អ្នកគាំទ្រ។
Yosuke Ideguchi
ខ្សែបម្រើអន្តរជាតិជប៉ុន Ideguchi មានវ័យ២៥ ឆ្នាំ ចុះកិច្ចសន្យារយៈពេលវែងពីក្លិប Gamba Osaka ហើយ Hatate ដែលមានវ័យ២៥ ឆ្នាំចាកចេញពីក្លិបជប៉ុន Kawasaki Frontale ក៏មានសុពលភាពកុងត្រាវែងដូចគ្នា។
Daizen Maeda
ចំណែកកីឡាករទី៣គឺខ្សែប្រយុទ្ធ Maeda វ័យ២៤ ឆ្នាំ ដែលជាកីឡាករអន្តរជាតិជប៉ុនរបស់ក្លិប Yokohama F. Marinos ដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់។
Postecoglou ធ្លាប់បានដឹកនាំអស់រយៈពេលជាង 3 ឆ្នាំនៅ Yokohama F Marinos មុនពេលគាត់ចូលកាន់តំណែងនៅ Celtic នៅដើមឆ្នាំនេះ ហើយគាត់មានទំនុកចិត្តថាកីឡាករទាំងបីនឹងរីកចម្រើនសម្រាប់ក្លិបមានមូលដ្ឋាននៅទីក្រុងGlasgow ។
Reo Hatate
គាត់បាននិយាយថា៖ “យើងពិតជារីករាយក្នុងការនាំយកកីឡាករទាំងនេះទៅកាន់ Celtic ហើយខ្ញុំគិតថាពួកគេគឺជាកីឡាករដែលនឹងធ្វើឱ្យអ្នកគាំទ្ររបស់យើងរំភើប” ។
“ច្បាស់ណាស់ ខ្ញុំដឹងច្បាស់អំពីលក្ខណៈសម្បត្តិរបស់ពួកគេ ហើយខ្ញុំគិតថា ក្នុងការនាំយកកីឡាករទាំងបីមកកាន់ក្លឹប យើងនឹងនាំមកនូវគុណភាព បុគ្គលិកលក្ខណៈ និងថាមពលកាន់តែច្រើនដល់ក្រុម ដើម្បីធ្វើការជាមួយកីឡាករដែលធ្វើបានល្អសម្រាប់ពួកយើងរួចហើយនៅរដូវកាលនេះ”។
“ពួកគេទាំងអស់ពិតជាស្ថិតនៅកំពូលនៃអាជីពរបស់ពួកគេ មានមហិច្ឆតាក្នុងការសម្រេចបាននូវភាពជោគជ័យបន្ថែមទៀត ហើយខ្ញុំប្រាកដថានៅពេលពិសេសនេះ យើងនឹងទទួលបាននូវឆ្នាំដ៏ល្អបំផុតរបស់ពួកគេ”។
Celtic ដែលបានចុះហត្ថលេខាលើខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Kyogo Furuhashi ក្នុងខែកក្កដា ហើយពួកគេនឹងចាប់ផ្តើមយុទ្ធនាការ Premiership របស់ពួកគេឡើងវិញនៅទឹកដីរបស់ក្លិប Hibernian នៅថ្ងៃទី 17 ខែមករា បន្ទាប់ពីសម្រាករដូវរងារ។ បច្ចុប្បន្ន Celtic មាន 6 ពិន្ទុតាមពីក្រោយគូប្រជែង Glasgow Rangers នៅលើកំពូលតារាង Premiership នឹងសល់១៨ប្រកួតទៀត។
ប្រភព៖ AFP
Fabio Coentrao ដែលជាអតីតកីឡាករជម្រើសជាតិព័រទុយហ្កាល់ បានបំពេញក្តីស្រមៃរបស់ខ្លួនក្នុងការធ្វើជាអ្នកនេសាទត្រី ក្រោយសម្រេចចិត្តចូលនិវតត្តន៍ពីបាល់ទាត់កាលពីរដូវកាលមុន។
Coentrao បច្ចុប្បន្នមានវ័យ៣៣ឆ្នាំ ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិព័រទុយហ្កាល់បាន៥២ប្រកួត និង ធ្លាប់លេងឲ្យក្រុមធំៗជាច្រើនដូចជា Benfica, Real Madrid, Sporting CP និង កាលពីរដូវមុនជាមួយ Rio Ave ដែលជាក្លិបអាជីពចុងក្រោយរបស់គេក្នុងបាល់ទាត់ ដើម្បីទៅធ្វើការនេសាទត្រី។
Coentrao បាននិយាយក្នុងបទសម្ភាសន័មួយរបស់ Empower Brands Channel ថា៖ «ជីវិតនៅលើសមុទ្រ គឺ មិនមែនជារឿងអាម៉ាស់ ដូចមនុស្សមួយចំនួនបានគិតឡើយ។ សមុទ្រ គឺ ពិតជាស្អាត ហើយ យើងត្រូវការវា។ មនុស្សដែលចូលចិត្តសមុទ្រ និង ចង់បានបទពិសោធន៍ពីសមុទ្រ ត្រូវតែបំពេញក្តីស្រមៃរបស់ពួកគេ”។
“ឪពុករបស់ខ្ញុំមានទូក គាត់តែងតែនេសាទត្រី ហើយ កាលពីក្មេងខ្ញុំតែងតែមកជាមួយគាត់។ ជីវិតរបស់ខ្ញុំ គឺ ស្ថិតនៅជាមួយសមុទ្រ និង ការនេសាទត្រី។ ខ្ញុំដឹងច្បាស់ថា អាជីពបាល់ទាត់របស់ខ្ញុំនឹងដល់ពេលបញ្ចប់នៅថ្ងៃណាមួយ ហើយ ខ្ញុំនឹងជ្រើសរើសគោលដៅថ្មីសម្រាប់ជីវិតខ្ញុំ”៕
ប្រែសម្រួលពី៖ The Sun
លោក Rio Ferdinand ដែលជាអតីតខ្សែការពាររបស់ Manchester United បានបង្ហាញការយល់ឃើញថា ក្រុមបិសាចក្រហមគួរតែផ្តល់ស្លាកប្រធានក្រុមធំទៅកាន់ David De Gea ជាអ្នករ៉ាប់រង។
ពិតមែនហើយ បច្ចុប្បន្ននេះ Harry Maguire ជា ប្រធានក្រុមធំរបស់ Man Utd ដែលត្រូវបានតែងតាំង តាំងពីជំនាន់លោក Ole Gunnar Solskjaer ជា អ្នកចាត់ការក្រុមមកម្លេះ។ យ៉ាងណាក្តី រូបគេតែងតែទទួលបានពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រ និង អ្នកខ្លះទៀតយល់ឃើញថា រូបគេមិនគួរទទួលបានតំណែងជាប្រធានក្រុមទៀតផង។
លោក Ferdinand បាននិយាយថា៖
«ខ្ញុំគិតថា Man Utd ផ្តល់តំណែងប្រធានក្រុមដល់ Maguire លឿនពេកហើយ។ ការរ៉ាប់រងស្លាកប្រធានក្រុម គឺ ជាការទទួលខុសត្រូវដ៏ធំមួយ និង ជាសម្ធាធនៅលើស្មាររបស់អ្នក។ គាត់គួរតែផ្តោតជាមួយក្រុមជាជាងក្លាយជាប្រធានក្រុម។ De Gea គឺ ជាជម្រើសប្រធានក្រុមសម្រាប់ខ្ញុំ ពីព្រោះគេជាកីឡាករដែលចំណាយពេលច្រើនឆ្នាំជាមួយក្រុម និង ដឹងពីវិធីដើម្បីជួយក្រុមទទួលបានជ័យជម្នះ៕»
ប្រភព៖ Sportbible
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool នឹងអវត្តមានក្នុងការបញ្ជាកូនក្រុមរាត្រីនេះទល់នឹង Chelsea បន្ទាប់ពីលោកទទួលបានតេស្តវិជ្ជមានកូវីដ-១៩។
Liverpool នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge នៅយប់នេះដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League ឈានចូលក្នុងសប្តាហ៍ទី២១ ខណៈ ការប្រកួតនឹងប្រព្រឹត្តិឡើងនៅវេលាម៉ោង ១១:៣០នាទីយប់។
ថ្វីត្បិតតែលោក Klopp អវត្តមានពិតមែន ប៉ុន្តែ សម្រាប់ជំនួបសំខាន់ខាងលើនេះ Liverpool បានតែងតាំងជំនួយការលោក Pepijn Lijnders ជា អ្នកឈរបញ្ជាកូនក្រុមជំនួស៕
ខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea បានបញ្ជាក់ចំៗថា ខ្លួននឹងគ្មានថ្ងៃផ្លាស់ទៅលេងនៅ Juventus ឬ AC Milan ឡើយ។
កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ បានលើកឡើងបែបនេះបន្ទាប់ពីរូបគេជាអតីតកីឡាកររបស់ Inter Milan កាលពីរដូវកាលមុន ហើយ ក្តីស្រលាញ់របស់គេចំពោះ Inter Milan គឺ ពិតជាធំធេងមែនទែន។
Lukaku បាននិយាយថា៖
«នៅថ្ងៃអនាគតខ្ញុំនឹងផ្លាស់ទៅលេងនៅ Juventus និង AC Milan? មិនអាចទៅរួចទេ។ ខ្ញុំសូមឆ្លើយម្តងទៀត គឺ មិនអាចទេ។ Juventus ចង់បានខ្ញុំមុន Inter ទៅទៀត ប៉ុន្តែ នៅពេលដែលលោក Antonio Conte ទៅដឹកនាំ Inter នោះ វាជាកាត្វកិច្ចរបស់ខ្ញុំក្នុងការចូលរួមជាមួយពួកគេ។ នៅប្រទេសអ៊ីតាលី គឺ មានតែ Inter ប៉ុណ្ណោះសម្រាប់ខ្ញុំ៕»
លោក Zinedine Zidane ដែលជាអតីតគ្រូបង្វឹករបស់ Real Madrid បានលើកឡើង មនុស្សជាច្រើនមិនសូវចូលចិត្ត Neymar ឡើយ ដោយសាររូបគេ ចូលចិត្តប្រើបញ្ចេកទេសញាក់បាល់ខ្លាំងពេក ប៉ុន្តែ សម្រាប់លោកមិនយល់ឃើញបែបនេះឡើយ។
Neymar បច្ចុប្បន្នដែលមានវ័យ២៩ឆ្នាំ ជា កីឡាករម្នាក់ដែលចូលចិត្តបង្ហាញបច្ចេកទេសញាក់បាល់ គ្រប់គ្រងបាល់ នៅលើទីលាន ពោល រូបគេប្រៀបដូចជាលោក Ronaldinho អីចឹង ដែលពូកែក្នុងការច្នៃក្បាច់ញាក់បាល់ដែលមើលទៅហាក់ដូចជាទាក់ទាញមែនទែន ប៉ុន្តែ ពេលខ្លះវាប្រែទៅជាការទទួលបានការមិនចូលចិត្តពីអ្នកគាំទ្រទៅវិញ។
លោក Zidane បាននិយាយថា៖
«មានមនុស្សជាច្រើនដែលស្អប់ Neymar ពីព្រោះគេជាកីឡាករដែលចូលចិត្តបង្ហាញបច្ចេកទេសញាក់បាល់។ សម្រាប់ខ្ញុំវិញ មើលឃើញគាត់ជាកីឡាករដ៏ពិសេសម្នាក់ ពីព្រោះគាត់បានធ្វើរឿងដែលកីឡាករផ្សេងៗមិនអាចធ្វើបាន ហើយ អ្នកទាំងនោះក៏មិនល្អដល់ Neymar ដែរ៕»
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសារភាព ថា រូបគេមិនសប្បាយចិត្តជាមួយនឹងលទ្ធផលរបស់ Manchester United នៅក្នុងឆ្នាំ២០២១កន្លងទៅឡើយ។
កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ បានចាកចេញពី Juventus ដើម្បីផ្ទេរមកកាន់ Manchester United វិញជាលើកទី២កាលពីដើមរដូវកាល ហើយ រូបគេនៅតែបង្ហាញនូវទម្រង់េលងបានល្អដោយអាចរកគ្រាប់បាល់បានចំនួន១៤គ្រាប់គិតគ្រប់ព្រឹត្តិការណ៍។
Ronaldo បាននិយាយថា៖
«ការវិលត្រឡប់មកកាន់កីឡដ្ឋាន Old Trafford វិញ នឹងក្លាយទៅជារឿងដ៏អស្ចារ្យបំផុតមួយនៅក្នុងអាជីពរបស់ខ្ញុំ។ យ៉ាងណាក៏ដោយ ខ្ញុំមិនសប្បាយចិត្តជាមួយលទ្ធផលរបស់ក្រុមឡើយ ហើយ គ្មាននរណាម្នាក់នៅក្នុងក្រុមសប្បាយចិត្តដូចគ្នា។ ពួកយើងដឹង ថា យើងត្រូវតែប្រឹងប្រែងឲ្យបានខ្លាំង និង ទទួលបានលទ្ធផលគាប់ប្រសើរជាងពេលបច្ចុប្បន្ននេះ៕»