ក្រុមភ្នំពេញក្រោនរកឃើញជ័យជម្នះលើកដំបូងក្នុងពានរង្វាន់ Cambodian Premier League 2022 ក្រោយយកឈ្នះគិរីវង់សុខសែនជ័យក្នុងលទ្ធផល៦ទល់១ក្នុងសប្ដាហ៍ទី៥កាលពីយប់មិញ ខណៈខ្សែការពារស្លាប យ៉ើ មូស្លីមថា លទ្ធផលនេះគឺលើសពីការរំពឹងខ្លាំងណាស់។
ឆ្លើយឆ្លងក្នុងសារអេឡិចត្រូនិកជាមួយ B8 Sport មូស្លីមថា៖”មិននឹកស្មានទេបង ពីព្រោះជ័យជម្នះមួយដែលយើងត្រូវការ ហើយលទ្ធផលនេះជួយឱ្យយើងមានទំនុកចិត្តបន្តការប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត។ ខ្ញុំពិតជាសប្បាយចិត្តក្នុងការរកបានគ្រាប់បាល់ ហើយយើងនិងមិត្តរួមក្រុមសហការគ្នាបានល្អក្នុងរកគ្រាប់បាល់”។
អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះបន្តទៀតថា៖ “តែយ៉ាងណា! ការប្រកួតនេះយើងមានចំណុចខ្វះខាតមួយចំនួន ទោះបីជាយើងឈ្នះមែន តែវាហួសពីការរំពឹងទុក ដែលយើងរកបាន៦គ្រាប់ ដោយសារតែការស្រែកឃ្លានជ័យជម្នះខ្លាំង ការសហការក្រុមគឺជារឿងមួយដែលនាំឱ្យមាន៦គ្រាប់នេះកើតឡើង”។
៦គ្រាប់របស់ក្រុមសិង្ហក្រហមរកបានដោយកីឡាករ យ៉ើ ម៉ូស្លីមនាទី២៧ Nieto ៣គ្រាប់ម្នាក់ឯងនៅនាទី៤៥ ៧៩ និងនាទី៨១ Valerii នាទី៦៤ និងកីឡាករ Fareed នាទី៩០ ដោយឡែកមួយគ្រាប់ជារង្វាន់លួងចិត្តរបស់គិរីវង់រកបានដោយកីឡាករ Suhrob នាទី២៧។
លទ្ធផលនេះគឺភ្នំពេញក្រោនរកបាន៥ពិន្ទុក្រោយឆ្លងកាត៥ប្រកួត ស្មើ២ ចាញ់២ និងឈ្នះ១ ខណៈដែលគិរីវង់មាន១ពិន្ទុក្រោយចាញ់៤និងស្មើ១ប្រកួត៕
រូបភាព៖ភ្នំពេញក្រោន