ads
ads
ក្រុមជម្រើសជាតិនារី គ្រោងកោះហៅកីឡាការនីកូនកាត់ និងបន្ថែមទៅហ្វឹកហាត់ក្រៅប្រទេស ដើម្បីត្រៀមស៊ីហ្គេម២០២៣
២៣-កក្កដា-២០២២

ក្រុមជម្រើសជាតិនារីកម្ពុជា មានសកម្មភាពចូលរួមប្រកួតកីឡាសីហ្គេមលើកដំបូងនៅប្រទេសវៀតណាមកាលពីខែឧសភា និងទើបតែបញ្ចប់យុទ្ធនាការពានរង្វាន់ជើងឯកនារីប្រចាំតំបន់ AFF Women’s Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលទ្ធផលវិជ្ជមានតាមការរៀបចំរបស់គ្រូបង្វឹកគឺលោក ប្រាក់ វុធ្ធី ។

ជំហានបន្ទាប់សម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ កម្ពុជានឹងធ្វើការបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស និងកោះហៅកីឡាការនីដែលមានឈាមជ័រខ្មែរមកជួយដែលកំពុងលេងបាល់នៅក្រៅប្រទេស។

អតីតគ្រូបង្វឹកក្រុមជើងខ្លាំងលីគកំពូលកម្ពុជាបឹងកេត លោក ប្រាក់ វុធ្ធី បាននិយាយទៅកាន់ CAMBODIA 2023 បែបនេះ៖ «ដំណាក់កាលបន្ទាប់ គឺយើងរង់ចាំព័ត៌មានជាក់លាក់ពីការហ្វឹកហាត់នៅក្រៅប្រទេស គឺប្រទេសចិន ហើយយើងក៏មានគម្រោងក្នុងការអភិវឌ្ឍក្រុមជម្រើសជាតិនេះដោយមានគម្រោងការរៀបចំប្រកួតមិត្តភាពអន្តរជាតិនៅក្នុងប្រទេស ការប្រមូលផ្ដុំនៅក្រៅប្រទេស ពង្រឹងគុណភាពលីគបាល់ទាត់នារី។ នេះសុទ្ធតែជារឿងដែលយើងត្រូវធ្វើ។ មួយទៀតយើងត្រៀមធ្វើការស្វែងរកកីឡាការិនីខ្មែរកាត់បរទេសនៅឯក្រៅប្រទេសផងដែរ អ៊ីចឹងដំណាក់កាលនេះ គឺជាដំណាក់កាលអភិវឌ្ឍសម្រាប់គោលដៅឆ្នាំ២០២៣ តែម្ដង។ ដូច្នេះភារកិច្ចរបស់យើងគឺយើងនៅសល់រយៈពេល១០ខែ ដើម្បីការប្រកួតស៊ីហ្គេមឆ្នាំ២០២៣»។

គ្រូបង្វឹករូបនេះក៏បាននិយាយពីចំណុចខ្វះមួយចំនួនរបស់កូនក្រុមខ្លួន ដែលចាំបាច់ត្រូវមានការបន្ថែមការហ្វឹកហាត់នៅក្រៅប្រទេស ក៏ដូចជាហៅកីឡាការនីខាងក្រៅមកជួយ និងការលេងមិត្តភាពអន្តរជាតិនៅទឹកដីកម្ពុជាជាដើម។

លោកនិយាយថា៖ «អ្វីដែលយើងកែតម្រូវនូវចំនុចខ្វះខាត ពាក់ព័ន្ធនឹងយុទ្ធសាស្រ្ត ពាក់ព័ន្ធនឹងចរិករួមគឺយើងបង្កើតការប្រកួតអន្តរជាតិឲ្យបានច្រើន ឲ្យពួកគាត់មានបទពិសោធន៍ក្នុងការប្រកួតអន្តរជាតិ។ ចំពោះយុទ្ធសាស្ត្រគឺយើងបានល្អប្រសើរច្រើន ទាំងទម្រង់នៃការការពារ ក៏ដូចជាទម្រង់ការប្រយុទ្ធ។ កីឡាការិនីយើងម្នាក់ៗយល់បានច្រើន ក៏ប៉ុន្តែអ្វីដែលជាបញ្ហាធំបំផុតគឺបញ្ហាបច្ចេកទេសម្នាក់ៗ គុណផលម្នាក់ៗ ទាំងការបញ្ចប់ទី ទាំងការបញ្ចូនបាល់ និយាយរួមកម្រិតគុណផលម្នាក់ៗដែលយើងត្រូវមានរយៈពេលជាក់លាក់ដើម្បីកែតម្រូវពួកគាត់ឲ្យបានច្រើន។ ដោយសារបច្ចុប្បន្នយើងខ្វះគុណភាពខ្សែប្រយុទ្ធ ដូច្នេះអ្វីដែលយើងយកពួកគាត់មកគឺផ្ដោតសំខាន់ទៅលើការប្រយុទ្ធ ហើយណាមួយទៀតយើងរកខ្សែបម្រើផងដែរ។ និយាយរួមកូនខ្មែរបរទេសទាំងអស់ ទាំងប្រយុទ្ធ ទាំងបម្រើ និងការពារ យើងត្រូវការទាំង៣ប្រភេទ»៕

ads
ads