អ្នកចាំទី វីរៈ ដារ៉ា បានចាត់ទុកថា វាជារឿងដ៏មិនគួរឲ្យជឿដែលរូបគេអាចទទួលបានឱកាសបង្ហាញខ្លួនជាជម្រើសដំបូងឲ្យក្លិបវិសាខា។
លោក Lee Tae Hoon បានផ្តល់ឱកាសឲ្យ វីរៈ ដារ៉ា លេងជាជម្រើសដំបូងពីរប្រកួតជាប់ៗគ្នាហើយក្នុងការប្រកួតទល់នឹង គិរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន ហើយ អ្វីដែលល្អនោះ គឺ គេអាចរក្សាសំណាញ់ទីមិនឲ្យរបូតទាំងពីរប្រកួតផងដែរ។
ថ្លែងប្រាប់ Cambodia 2023 វីរៈ ដារ៉ា បាននិយាយថា៖«វា មិន គួរ ឲ្យ ជឿ ក្នុង ការ បង្ហាញ ខ្លួន ឲ្យ ក្លិប ហើយ ខ្ញុំ មិន រំពឹង ថា វាឆាប់ បែបនេះ ទេ។ ដូចដែលអ្នកបានដឹងហើយថា កែវ សុខសិលា គឺជាអ្នកចាំទីជម្រើសដំបូងរបស់យើង»។
«ខ្ញុំតែងតែខិតខំប្រឹងប្រែង និងហ្វឹកហាត់យ៉ាងលំបាកជារៀងរាល់ថ្ងៃ ហើយត្រៀមខ្លួនគ្រប់ពេលដែលខ្ញុំត្រូវការ។ ខ្ញុំតែងតែស្តាប់គ្រូបង្វឹក ហើយព្យាយាមយល់ពីតម្រូវការរបស់គាត់។ ខ្ញុំ ហ្វឹកហាត់ ខ្លាំង ហើយ តែងតែ ផ្តោត អារម្មណ៍នៅ រាល់មុន ការ ប្រកួត ទោះបី ខ្ញុំ មិន បាន លេង ក៏ដោយ។ វាបានមកពីការខិតខំ។ ខ្ញុំពិតជាមិនខ្វល់ថា តើខ្ញុំអាចលេងនៅប្រកួតបន្ទាប់ទេ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺការខិតខំប្រឹងប្រែង។ ខ្ញុំ ចង់ ជួយ ក្រុម តាម ដែល អាច ធ្វើ ទៅ បាន»។
«ខ្ញុំមិនលេងច្រើនទេ ហើយខ្ញុំដឹងថា វាពិបាកក្នុងការទទួលបានឱកាស។ នេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ។ ដូច្នេះខ្ញុំត្រូវតែចាប់យកវាឲ្យបាន»។
«ខ្ញុំដឹងថា ខ្ញុំត្រូវកែលម្អបន្ថែមទៀត ប៉ុន្តែខ្ញុំជឿជាក់លើខ្លួនឯង។ ខ្ញុំត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានឱកាសលេងឱ្យបានច្រើន។ ខ្ញុំមិនប្រាកដថាខ្ញុំ អាចចាប់ផ្តើមក្នុងការប្រកួតបន្ទាប់ ឬយ៉ាងណាទេ។ អ្វីគ្រប់យ៉ាងគឺអាស្រ័យលើគ្រូបង្វឹកប៉ុន្តែខ្ញុំតែងតែខិតខំដើម្បីខ្លួនឯងនិងជួយក្លិបរបស់ខ្ញុំ»៕