កីឡាករវ័យក្មេង វឿន វ៉ា របស់ក្លិបបាល់ទាត់ខេត្តព្រៃវែងបានបង្ហាញក្ដីរំពឹងដ៏ធំ ក៏ដូចជាបំណងរបស់ខ្លួនចង់លេងឲ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ស៊ីហ្គេមនៅប្រទេសវៀតណាមខែក្រោយនេះ និងឆ្នាំ២០២៣ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ តែរូបគេមិនហ៊ានរំពឹងខ្ពស់ពេកទេ តែនឹងខំបង្ហាញអោយអស់ពីសមត្ថភាពរបស់ខ្លួន។
កីឡាករមានដើមកំណើតមកពីខេត្តព្រៃវែង វឿន វ៉ា ដែលលេងតួនាទីជាខ្សែបម្រើប្រយុទ្ធនៅក្រុមនៃខេត្តកំណើតខ្លួនដែលប្រកួតជែងនៅលីគទី២កម្ពុជា បានផ្ដល់ការសម្ភាសន៍តាមរយៈសារអេឡិចត្រូនិចមកកាន់ B8 Sport ថា៖ «សម្រាប់រដូវកាលនេះ ខ្ញុំបានត្រៀមនឹងហ្វឹកហាត់១០០% ក្នុងការជួយក្រុមក្នុងការប្រកួតលីគ២នេះ ដើម្បីជួយក្រុមទៅរកលទ្ធផលល្អ។ ហើយក្តីរំពឹងធំរបស់ខ្ញុំ គឺចង់ជាប់ជម្រើសជាតិនៅប្រទេសវៀតណាមនិង Sea game 2023 ដែរយើងធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែខ្ញុំមិនរំពឹងខ្ពស់ពេកទេ ខ្ញុំនឹងខំបង្ហាញឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ»។
មិនតែប៉ុណ្ណោះ វឿន វ៉ា ក៏បានបង្ហាញពីស្ថានភាពល្អប្រសើររបស់ក្រុមផងដែរថា៖ «ការប្រកួត៥សប្តាហ៍នេះ ក្រោមការដឹកនាំរបស់លោកគ្រូថ្មី ខ្ញុំឃើញថាក្រុមរបស់ខ្ញុំធ្វើបានល្អច្រើន មានសាច់បាល់លេងនឹងមានឱកាសច្រើនក្នុងកាសម្រេចទីគូរប្រកួតថែមទៀតផង»។
ហើយលើសពីនេះទៅទៀតរូបគេក៏បានបង្ហាញពីកីឡាករដែលជានិមិត្តរូបរបស់ខ្លួនផងដែរថា៖ «កីឡាករក្នុងស្រុកដែលខ្ញុំយកធ្វើជានិមិត្តរូបមាន រៀមច្បងចាន់ វឌ្ឍនាកា និងកែវ សុខផេង ហើយសម្រាប់កីឡាករក្រៅស្រុកគឺខ្សែប្រយុទ្ធប្រេស៊ីល Neymar JR»៕
រូបភាព៖ ក្លិបបាល់ទាត់ខេត្តព្រៃវែង