ការប្រកួតក្នុងពានរង្វាន់ AFC Cup 2022 វគ្គជម្រុះក្នុងពូល នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ឧសភា ដល់ ៣០ មិថុនា ២០២២ ខណៈដែលក្រុមបាល់ទាត់វិសាខារបស់កម្ពុជាដែលដើមឡើយត្រូវលេងវគ្គជម្រុះ Playoff ជាមួយក្រុម Young Elephants ត្រូវឡើងមកឈរក្នុងពូល Hជាមួយក្រុម Kuala Lumpur City របស់ម៉ាឡេស៊ី Tampines Rovers របស់សិង្ហបុរី និងក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី។
តទៅនេះយើងនិយាយអំពីការប្រកួតតែក្នុងតំបន់អាស៊ាន ដែលមាន៣ពូលគឺ G, H, I។ សម្រាប់វិសាខាដែលឡើងមកឈរក្នុងពូល Hនេះគឺដោយសារក្លិបមីយ៉ាន់ម៉ាចំនួន២គឺ Shan United និង Hantharwady United ត្រូវដកខ្លួនចេញ។ ដូច្នេះ ក្រុម Young Elephants ដែលត្រូវលេងនៅក្នុងវគ្គជម្រុះ Playoff ត្រូវឡើងមកក្នុងវគ្គជម្រុះក្នុងពូលដោយឈរក្នុងពូល G ជាមួយ Kaya F.C.–Iloilo, Bali United, និងក្លិប Kedah Darul Aman ។
ដោយឡែក!សម្រាប់ក្រុមក្នុងពូល I ដែលមាន Viettel, Hougang United និង Phnom Penh Crown មានតែ៣ក្រុមតែប៉ុណ្ណោះ ហើយគ្មានការបន្ថែមក្រុមណាទៀតនោះទេ។ ដោយឡែកសម្រាប់រូបមន្តដែលគិតសម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូលនៃតំបន់អាស៊ានគឺ ដោយសារពូល I មានក្រុមតែ 3 ប៉ុណ្ណោះ លទ្ធផល និងពិន្ទុទល់នឹងក្រុមចំណាត់ថ្នាក់លេខ 4 ក្នុងពូល G និង H មិនត្រូវបានពិចារណាសម្រាប់ចំណាត់ថ្នាក់ទេ។
ក្រុមដែលឈរចំណាត់ថ្នាក់លេខ១ក្នុងពូលទាំងបី( G, H, I) នឹងត្រូវឡើងទៅវគ្គជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័តប្រចាំតំបន់ ឬហៅថា Zonal semi-finals ហើយក្រុមលេខ២ស្ថិតក្នុងករណីក្រុមដែលអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តប្រចាំតំបន់(Possible Zonal semi-finals)។