បើយើងងាកត្រលប់ទៅឆ្នាំ 2021 Tottenham មានឱកាសនាំយក Erik ten Hag មកធ្វើជាអ្នកចាត់ការ បន្ទាប់ពីការចាកចេញរបស់ Jose Mourinho ប៉ុន្តែពួកគេបានជ្រើសរើសលោក Nuno Espirito Santo ជំនួសវិញ ដោយសារតែការបារម្ភអំពីសមត្ថភាពទំនាក់ទំនងរបស់គ្រូបង្វឹកសញ្ជាតិហូឡង់។
ឥឡូវនេះ ក្តីបារម្ភស្រដៀងគ្នាកំពុងលេចឡើងនៅ Man United ។ សារព័ត៍មាន The Athletic អះអាងថា កីឡាករមួយចំនួនរបស់ Man Utd ចាប់ផ្ដើមចោទជាសំណួរ ពិសេសការធ្វើដដែលៗរបស់លោក Ten Hag ដែលពិតជាគួរឱ្យធុញទ្រាន់។
របាយការណ៍បន្ថែមថា រចនាប័ទ្មបង្រៀនដដែលៗរបស់ Ten Hag កើតចេញពីវិធីសាស្រ្តដ៏ហ្មត់ចត់របស់គាត់ ក្នុងគោលបំណងធានាឱ្យកីឡាករទាំងអស់យល់យ៉ាងពេញលេញនូវចំណុចសំខាន់ៗជាយុទ្ធសាស្ត្ររបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលនៃវិធីសាស្រ្តទាំងនេះ ហាក់ដូចជាមានការមិនពេញចិត្តពីកីឡាករមួយចំនួនរបស់ United ជាពិសេសអំឡុងពេលហ្វឹកហាត់រយៈពេលវែង ដែលហ្វឹកហាត់ដដែលអាចឈានដល់មួយម៉ោង ហើយជាលទ្ធផលកីឡាករដែលមិនសូវចេះភាសាអង់គ្លេស និងយកភាសាអង់គ្លេសជាភាសាទំនាក់ទំនងទី២ បាត់បង់ការផ្តោតអារម្មណ៍។
នេះមិនមែនជាស្ថានភាពចម្លែកសម្រាប់ Ten Hag ទេ។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ធ្លាប់ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះទាក់ទងនឹងការទំនាក់ទំនង និងទម្រង់លេងរបស់គាត់នៅ Ajax ប៉ុន្តែអាចទទួលបានការគាំទ្រពីអ្នកគាំទ្ រជាមួយនឹងលទ្ធផលជោគជ័យជាច្រើន និងការពានរង្វាន់ជាច្រើន។