Jean-Clair Todibo បានបង្កើតប្រវត្តិសាស្ត្រកាលពីរសៀលថ្ងៃអាទិត្យសម្រាប់ហេតុផលមិនសមទំនង។កីឡាករសញ្ជាតិបារាំងរូបនេះស្ថិតក្នុងជម្រើសដំបូងសម្រាប់ការប្រកួត Ligue 1 របស់ Nice ទល់នឹង Angers នៅ Allianz Riviera ។
ប៉ុន្តែគាត់នៅលើទីលានត្រឹមតែ 9 វិនាទីប៉ុណ្ណោះ មុនពេលត្រូវបានបណ្តេញចេញ។ បាទ! អ្នកកំពុងអានអត្ថបទត្រឹមត្រូវ។ Todibo ពិតជាត្រូវបានបណ្តេញចេញ៩វិនាទីបន្ទាប់ពីការផ្លុំកញ្ចែចាប់ផ្ដើមប្រកួត។
កីឡាករក្រុម Angers ជាអ្នកចែកបាល់ ហើយបានទាត់ភ្លាមៗទៅរកមុខទីរបស់ Nice។ កីឡាករ Abdallah Sima របស់ Angers រត់តម្រង់ទីដើម្បីប្រជែងយកបាល់ ប៉ុន្តែTodibo បានមកទាន់ហើយធ្វើឱ្យគាត់ដួលទៅលើដី។អាជ្ញាកណ្តាលដឹកនាំការប្រកួតលោក Bastien Dechepy សម្រេចចិត្តមិនស្ទាក់ស្ទើរទាល់តែសោះ ខណៈដែលគាត់បានដកកាតក្រហម និងបណ្តេញ Todibo ពីបទប្រព្រឹត្តកំហុសវិជ្ជាជីវៈ។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានតវ៉ានឹងការសម្រេចចិត្តនេះ ប៉ុន្តែការអង្វររបស់គាត់បានមិនផលនោះទេ ហើយគាត់ក៏ត្រលប់ទៅបន្ទប់ស្លៀកពាក់វិញ។ ស្រមៃទៅមើលថាគាត់ត្រូវបានបណ្តេញចេញបន្ទាប់ពីលេងប្រាំបួនវិនាទី។ ថ្ងៃរបស់ Todibo មិនអាចអាក្រក់ជាងនេះទេ។
Todibo បង្កើតប្រវត្តិសាស្ត្រ Ligue 1
Todibo បានចូលទៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ប៉ុន្តែមិនមែនតាមរបៀបដែលគាត់ចង់បាននោះទេ។ តាម FotMob ការបណ្ដេញចេញរបស់គាត់ត្រូវបានចាត់ទុកថាគឺជាការពិន័យកាតលឿនបំផុត មិនថាលឿង ឬក្រហម ក្នុង Ligue 1 ចាប់តាំងពី Opta បានចាប់ផ្តើមប្រមូលទិន្នន័យក្នុងរដូវកាល 2006/07 ។