គម្រោងសាងសង់ THE DREAM VISAKHA TRAINING CAMP របស់ក្លិបវិសាខាកំពុងដំណើរការសាងសង់យ៉ាងរលូន ស្ថិតលើមហាវិថីឈ្នះឈ្នះ (ផ្លូវទំនប់កប់ស្រូវ) នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសបុករបស់ក្លិប។
គម្រោងនេះបានចាប់ផ្ដើមសាងសងតាំងពីឆ្នាំ២០២០មកម្ល៉េះ ស្ថិតក្នុងរាជធានីភ្នំពេញដែលសាងសង់លើផ្ទៃដីជាង៤ហិចតា ដែលមានទីលានលំដាប់ខ្នាតអន្តរជាតិចំនួនបីដែលក្នុងនោះក្រាលស្មៅធម្មជាតិ២និងស្មៅសិប្បនិមិត្តចំនួន១។ ពិសេសពួកគេនឹងសាងសង់តារាងបែប Indoor សម្រាប់លេងក្នុងស្ថានភាពអាកាសធាតុមិនអំណោយផលថែមទៀត។
ក្នុងមជ្ឈមណ្ឌលបាល់ទាត់នេះនឹងមាន អាគាររដ្ឋបាលសម្រាប់បុគ្គលិកបំពេញការងារ សាលប្រជុំ សាលសន្និសីទ មានកន្លែងហ្វឹកហាត់ បន្ទប់រៀនសម្រាប់យុវជន បន្ទប់វិភាគបាល់ទាត់ បន្ទប់ស្នាក់នៅរបស់គ្រូបង្វឹក និងកីឡាករ មានបន្ទប់សម្រាប់សំពះព្រះទាំងពុទ្ធសាសនា ឥស្លាមសាសនា អាហារដ្ឋាន បន្ទប់ថែរទាំងសម្លៀកបំពាក់និងស្បែកជើង បន្ទប់ស្ទីមសូណា និងកន្លែងហាត់ប្រាណក្នុងខណៈ Outdoor CrossFit។