វាហាក់ដូចជាចម្លែកអារម្មណ៍មែនទែន ដែលយើងបានឃើញនិមិត្តសញ្ញា (Logo) ក្លិប The Blue Warriors ក្នុងចំណោម ១៩ក្លិបផ្សេងទៀត នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Tiger រដូវកាលឆ្នាំ២០២១ ខណៈដែលនិមិត្តសញ្ញាមួយនេះ យើងធ្លាប់បានឃើញរួចមកហើយ គឺបញ្ជាក់ពីអ្នកគាំទ្រផ្លូវការ របស់ក្លិបវិសាខា នៃលីគកំពូលកម្ពុជា (Cambodian Premier League) ។
ទាក់ទងទៅនឹងក្លិប The Blue Warriors នេះផងដែរ ក្រុមការងារគេហទំព័រ B8-Sport.com ក៏បានធ្វើការសាកសួរទៅកាន់លោក សន ពិសិដ្ឋ ដែលជាប្រធានក្លិប ជុំវិញការកំណត់គោលដៅទៅថ្ងៃអនាគត ក៏ដូចជាការសម្រេចចិត្តប្រើប្រាស់និមិត្តសញ្ញា The Blue Warriors។
-សំណួរទី១ ក្រុមការងារ B8-Sport.com សួរទៅកាន់លោក សន ពិសិដ្ឋ៖ «ពិតជាគួរឲ្យចាប់អារម្មណ៍ ដែលបានឃើញក្លិប The Blue Warriors ជាក្រុមមួយថ្មី ប៉ុន្តែតាមប្រភពទទួលបាន គឺជាក្លិបសម្បូរទៅដោយកីឡាករមានបទពិសោធដូចជា កែវ ជាតួ និងកីឡាករមួយចំនួនទៀត ដែលពោរពេញទៅដោយទេពកោសល្យជាមួយពានរង្វាន់បាល់ទាត់ក្នុងសាល។ ដូច្នេះតើលោក ពិសិដ្ឋ បានកំណត់គោលដៅអ្វីខ្លះ? សម្រាប់ការចូលរួមពានរង្វាន់ Tiger Futsal រដូវកាលឆ្នាំ២០២១»
-ប្រធានក្លិបរូបនេះបានឆ្លើយតបថា៖ «ជាការពិតទៅមានការចូលរួមចំណែកធំពីបងប្រុស លី ឡាយ ជាស្ថាបនិក ក្រុម The Blue Warriors ដើម្បីឲ្យពួកយើងចូលរួមពានរង្វាន់ Tiger Futsal 2021 ក្នុងគោលបំណងចង់លើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងសាលកម្ពុជា ជាពិសេសសម្រាប់ការប្រកួតកីឡា Sea Game នៅឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះ និងផ្តល់ឳកាសឲ្យយុវជនបង្ហាញសមត្ថភាពឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាធនធានកីឡាករយើង នៅក្នុងក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នាពេលខាងមុខ»
-សំណួរទី២ ក្រុមការងារ B8-Sport.com សួរទៅកាន់លោក សន ពិសិដ្ឋ៖«កន្លងមកពួកយើងតែងតែសង្កេតឃើញថា The Blue Warriors ជាឈ្មោះរបស់ក្រុមអ្នកគាំទ្រក្លិបវិសាខា ដូច្នេះទាំងក្រុមការងារ B8-sport.com ក៏ដូចជាមហាជន ពិតជាចង់ដឹងថា តើមានអ្វីផ្សារភ្ជាប់ជាមួយគ្នាដែរ?»
-ប្រធានក្លិបរូបនេះបានឆ្លើយតបបន្តថា៖ «ពិតណាស់! The Blue Warriors គឺជាឈ្មោះក្រុមអ្នកគាំទ្ររបស់ក្លិបវិសាខា ដោយសារការស្រលាញ់រាប់អានរបស់បងប្រុស លី ឡាយ ដែលជាស្ថាបនិក បានសម្រេចចិត្តចូលរួមជាមួយរូបខ្ញុំ ដែលជាប្រធានក្លិប ខណៈដែលពីមុនមកតាមគម្រោង គឺខ្ញុំចង់ប្រើប្រាស់ឈ្មោះ ក្លិបបាល់ទាត់ខេត្តស្ទឹងត្រែង ជាស្រុកកំណើតរបស់ខ្ញុំ។ ដោយឡែក គោលបំណងនៃការចូលរួមជាមួយ The Blue Warriors គឺយើងសង្ឃឹមថាធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ថ្នាក់ដឹកនាំក្លឹបបាល់ទាត់អាជីពផ្សេងៗនៅក្នុងស្រុក ដើម្បីងាកមកចាប់អារម្មណ៍រួមគ្នាបង្កើតជាក្លឹបបាល់ទាត់ហ្វូតសាលអាជីព ឲ្យបានច្រើនដូចប្រទេសជិតខាងយើងអីញ្ចឹងដែរ នាពេលខាងមុខនេះ»