ads
ads
​ក្រុមជម្រើសជាតិថៃទំនងជាមិនអាចប្រើប្រាស់កីឡដ្ឋាន Rajamangala ក្នុងជុំទី១ នៃវគ្គចែកពូល AFF Mitsubishi Electric Cup 2022 បានឡើយ!
០២-កញ្ញា-២០២២

លោក Patit Suphaphong អគ្គលេខាធិការសមាគមកីឡាបាល់ទាត់ថៃ បង្ហាញពីការប្រើប្រាស់កីឡដ្ឋាន Rajamangala ក្នុងវគ្គចែកពូល AFF Mitsubishi Electric Cup 2022 បន្ទាប់ពីកាលបរិឆ្ឆេទការប្រកួតវាកៀកនឹងការប្រគុំតន្ត្រីរបស់តារាចម្រៀងពិភពលោក Justin Bieber និង Maroon 5។

លោក Patit Suphaphong បានបញ្ជាក់បន្ថែមថា «ឱកាសសម្រាប់ក្រុមជម្រើសជាតិថៃធ្វើការប្រកួតនៅកីឡដ្ឋាន Rajamangala នៃវគ្គសន្សំពិន្ទុ ជុំទី១ គឺពិបាកខ្លាំងណាស់ ដោយសារតែទីលានត្រូវការពេលវេលា ដើម្បីរៀបចំគុណភាពស្មៅឡើងវិញ។ ដូច្នេះហើយចាំបាច់ត្រូវរកទីលានបម្រុងតាមបទបញ្ជារបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) គ្រប់ប្រទេសទាំងអស់ត្រូវតែមានកីឡដ្ឋានយ៉ាងហោចណាស់២។

ក្នុងនោះដែរ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិថៃ លោក Mano Polking ក៏បានបង្ហាញពីគំនិតរបស់លោកផងដែរ ក្រោយទទួលបានដំណឹងបែបនេះ។
«ពួកយើងមិនចង់ប្រើកីឡដ្ឋាន ដែលត្រូវធ្វើដំណើរឆ្ងាយនោះទេ។ ដោយ​សារ​តែ​យើងត្រឡប់មកពីធ្វើការប្រកួតក្រៅទឹកដី ​មាន​ពេល​សម្រាក​តិច​តួច ហើយកីឡាករមានភាពនឿយហត់។ ដូច្នេះ​ហើយ យើង​ត្រូវ​ស្វែង​រក​ទីលាន​មួយ​ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន»

«ការប្រគុំតន្ត្រីដ៏ធំនឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ខណៈពេលដែលយើងមានការប្រកួតនៅក្នុងផ្ទះដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ទោះបីជាមានគម្លាតច្រើនជាង១០ថ្ងៃក៏ដោយ ប៉ុន្តែមានឱកាស ដែលលក្ខខណ្ឌនៃទីលាននឹងត្រូវបានរៀបចំឡើងវិញយ៉ាងពេញលេញនោះ គឺវាពិបាកប្រើណាស់។ ហើយ​ត្រូវ​មើល​ផលប៉ះពាល់​ជា​ច្រើននៅ​ពេល​ការ​ប្រគំ​តន្ត្រី​ចប់ តើ​អ្នករៀបចំទី​លាន​នឹង​មាន​វិធាន​ការ​អ្វី​ខ្លះ​ក្នុង​ការ​សម្អាត​និង​រៀបចំទីលានឡើង​វិញ? នេះ​មិន​មែន​ជា​ភារកិច្ចរបស់យើង ជាអ្នកទទួលបន្ទុកក្នុងការទៅលើករណីនេះទេ»

សម្រាប់កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិថៃ នៃវគ្គសន្សំពិន្ទុ ក្នុងពូល AFF Mitsubishi Electric Cup 2022 មានដូចខាងក្រោម៖

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ប្រ៊ុយណេ ឬទីម័រខាងកើត ជួបថៃ
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ថៃ ជួប ហ្វីលីពីន
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ ឥណ្ឌូនេស៊ី ជួប ថៃ
ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ ថៃ ជួប កម្ពុជា។

ads
ads