ការប្រកួតក្នុងពានរង្វាន់ Thai League Division 3 តំបន់ខាងត្បូង រវាងក្លិប MH Nakhonsi ទល់នឹង Muang Trang ត្រូវបានរំជើបរំជួលដោយឧប្បត្តិហេតុហឹង្សាដោយកីឡាកររត់ទៅដាល់កីឡាករគូប្រកួត។
MH Nakhonsi លេងក្នុងទឹកដីខ្លួនឯងដោយការយកឈ្នះ Muang Trang United ២-១។ មានរឿងមួយបានកើតឡើងនៅក្នុងការប្រកួតនៅពេលដែល កីឡាករ Tharathep Panmanee ដែលជាកីឡាករបម្រុងរបស់ MH Nakhonsi ចូលទីលាន ហើយបានដាល់អ្នកចាំទី Jarudet Lamood របស់ក្លិប Muang Trang United។
ពេលនោះ គាត់បានអបអរដូចជាបានស៊ុតបាល់បញ្ចូលទី។ អាជ្ញាកណ្តាលបានពិន័យកាតក្រហមដល់កីឡាកររូបនេះភ្លាមៗ។ ក្រោយចប់ការប្រកួត ហើយក្លិប Trang United បានបង្ហោះសារថ្កោលទោសចំពោះរឿងនេះ ហើយរៀបចំរាយការណ៍ករណីនេះទៅប៉ូលិសថាជាករណីអំពើហិង្សាដោយចេតនា។
ដើមឡើយ MH Nakhonsi បានចេញសេចក្តីថ្លែងការណ៍អំពីការពិន័យដល់ Tarathep Panmanee រួចហើយជាមួយនឹងការហាមមិនឱ្យលេងក្នុងង Thai League រយៈពេលមួយរដូវកាល។ ក្លឹបក៏បានបញ្ជាក់ដែរថា កីឡាករត្រូវកាត់ប្រាក់ឈ្នួលសម្រាប់រយៈពេលនៃការព្យួរការងាររបស់គាត់។
ប៉ុន្តែក្រោយមក ក្លិបលីគទី៣ថៃមួយនេះ បានសម្រេចលុបចោលកិច្ចសន្យាកីឡាករដែលដាល់គូប្រកួតភ្លាមៗតែម្ដង។ ការលុបនេះបន្ទាប់ពីទទួលសម្ពាធពីក្លិបជាច្រើនរួមទាំងអ្នកគាំទ្រខ្លួនឯង។ លើសពីនេះ បុគ្គលិកគ្រូបង្វឹកម្នាក់ក៏ត្រូវបានផ្អាកសម្រាប់ការប្រកួតចំនួន 2 និងត្រូវបានកាត់បន្ថយប្រាក់ឈ្នួល 50% សម្រាប់រដូវកាលដែលនៅសល់។
MH Nakhonsi នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា៖ «ក្លឹប MH Nakhonsi ចង់បង្ហាញពីជំហររបស់ខ្លួនក្នុងការមិនគាំទ្រការប្រើប្រាស់អំពើហិង្សា និងការមិនគោរពក្នុងកីឡាគ្រប់ទម្រង់ទាំងក្នុង និងក្រៅទីលាន»។
«បន្ទាប់ពីឧប្បត្តិហេតុដែលកីឡាករបាល់ទាត់បម្រុងរបស់យើងគឺ Tharathep Panmanee បានរត់ទៅលើទីលាន ហើយបានវាយប្រហារអ្នកចាំទី Trang United កាលពីថ្ងៃសៅរ៍ទី 18 ខែកុម្ភៈ ឆ្នាំ 2023″។
«ដូច្នេះក្លឹបបានស្នើសុំឱ្យ “លុបចោលកិច្ចសន្យា” របស់កីឡាករប្រភេទនោះដោយមានប្រសិទ្ធភាពភ្លាមៗ។ បុគ្គលិក គ្រូបង្វឹកHamaz Chukiatwongkul ដែលបានចូលទីលានដោយគ្មានហេតុផលសមរម្យ ហើយពួកគេមិនបានជួយសម្រួលដល់កីឡាករ។
“ពួកគេនឹងត្រូវហាមឃាត់ 2 ប្រកួត និងកាត់បន្ថយ 50% នៃប្រាក់ឈ្នួលរបស់ពួកគេ ដើម្បីធ្វើជាស្តង់ដារ និងគំរូល្អសម្រាប់យុវជន កុំឲ្យមានហេតុការណ៍បែបនេះកើតឡើងម្ដងទៀត ហើយក្លឹបសូមអភ័យទោសចំពោះហេតុការណ៍ដែលបានកើតឡើងលើកនេះ»។