លោក Stewart Hall គ្រូបង្វឹកហ្វីលីពីនវ័យក្រោម២៣ឆ្នាំបាននិយាយថាលោកបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតទាំងអស់ក្នុងពូល A ហើយកូនក្រុមរបស់លោកពិតជាស្រេកឃ្លានក្នុងការចូលលេងលើទីលាន។
ក្នុងសន្និសីទកាសែតមុនការប្រកួតកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា៖ “យើងបានកំណត់គោលដៅរបស់យើងរួចហើយសម្រាប់ក្រុម។អាកប្បកិរិយារបស់កីឡាករពិតជាអស្ចារ្យក្នុងពេលហ្វឹកហាត់។ ពួកគេបានបង្ហាញភាពស្រេកឃ្លានខ្លាំង ហើយចង់ធ្វើឱ្យបានល្អក្នុងការប្រកួតដើម្បីខ្លួនពួកគេផ្ទាល់”។
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់ហ្វីលីពីន នឹងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) U23 Championships 2022 នៅថ្ងៃស្អែកនេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ពួកគេនឹងត្រូវជួបក្រុមទីម័រខាងកើតក្នុងការប្រកួតបើកឆាកក្នុងពូល A នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥ ល្ងាច នៅថ្ងៃច័ន្ទ ទី 14 ខែកុម្ភៈ។ ការប្រកួតទីពីររបស់ពួកគេនៅថ្ងៃទី 17 ខែកុម្ភៈគឺប៉ះជាមួយប្រទេសម្ចាស់ផ្ទះកម្ពុជា ហើយការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេគឺប៉ះជាមួយប្រ៊ុយណេដារូសាឡឹមនៅថ្ងៃទី 20 ខែកុម្ភៈ។
ក្រុមនេះមានភាពស្វាហាប់ និងមានកម្លាំងចិត្តខ្ពស់ដោយសារជោគជ័យដ៏ធំរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីហ្វីលីពីន (PWNFT)ដែលទើបទទួលបានកៅអីទៅលេង FIFA Women’s World Cup 2023 ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ AFC Women’s Asian Cup 2022 នៅប្រទេសឥណ្ឌា៕
រូបភាព៖ PFF, AFF SUZUKI CUP