កាលពីម្សិលមិញ ខ្សែបម្រើវ័យក្មេងជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំ ស៊ិន សុវណ្ណមករា បានទាត់សម្រេចទីឱ្យកម្ពុជាយកឈ្នះ U23 ហ្វីលីពីន ។ ខណៈដែលមួយគ្រាប់នេះ រុញកម្ពុជាឱ្យមកឈរកំពូលតារាងពូលA ជាបណ្ដោះអាសន្ន។ តែយ៉ាងណា! សម្រាប់ជំហរនៃការឈរចាប់ទីតាំង ដើម្បីស៊ុតមួយគ្រាប់នេះ គឺជាការរៀបចំទុករបស់ក្រុមការងារគ្រូបង្វឹក រាល់ពេលក្រុមទទួលបានបាល់ហ្វ្រីឃីក ឬបាល់ជ្រុង។
«ហ្នឹងហើយបង! និយាយទៅ ឱ្យតែបាល់ជ្រុង ( Corner Kick) អីចឹង! គាត់បានប្រាប់ឱ្យមកឈរកន្លែងហ្នឹង ដើម្បីធ្វើការទទួលបាល់ពីមិត្តរួមក្រុម ឬក៏បាល់ ដែលខ្សែការពារគូប្រកួតទាត់ចេញ ហើយគ្រាប់បាល់នេះគឺជាឱកាស នៃការទាត់សម្រេចទី ពេលកីឡាករហ្វីលីពីនតែតផ្ដាច់ចេញមកចំខ្ញុំតែម្តង»។ សុវណ្ណមករានិយាយបែបនេះ មកកាន់អ្នកយកព័ត៌មានរបស់ B8 Sport តាមរយៈសារអេឡិចត្រូនិក។
គ្រាប់បាល់របស់ប្អូនប្រុស ស៊ិន កក្កដា រូបនេះកើតឡើងពីការលើកបាល់ចូលតំបន់គ្រោះថ្នាក់ហ្វីលីពីន ពីសំណាក់ មិន រតនៈ ហើយខ្សែការពារហ្វីលីពីនតែតផ្ដាច់ចេញ ប៉ុន្តែបាល់នេះហោះមកចំខ្លួន មករា ហើយទាត់ផ្ដាច់សំដៅទីបានសម្រេចតែម្ដងនៅនាទី៨១ ។ កម្ពុជាមានឱកាសមាស ឱកាសប្រាក់ច្រើន ក្នុងសម្រេចទីតាំងវគ្គទីមួយ ពោលគឺការតែតបុករបារទីរបស់ ទេស សម្បត្តិ ការទាត់ពីចម្ងាយតម្រង់ទីរបស់ មិន រតនៈតែអ្នកចាំទីហ្វីលីពីនសង្រ្គោះបាន។
លើសពីនេះ! សុវណ្ណមករាបានបង្ហាញអារម្មណ៍សប្បាយចិត្ត ពេលគ្រូបង្វឹកផ្ដល់ឱកាសឱ្យលេង ហើយក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានមកលើកទឹកចិត្តក្នុងការប្រកួតកន្លងមកផងដែរ។
«ខ្ញុំសប្បាយចិត្តខ្លាំង។ សូមអរគុណដល់គ្រូបង្វឹកផ្ដល់ឱកាសឱ្យខ្ញុំបានលេងក្នុង១១នាក់ដំបូង ហើយក៏អរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលចំណាយពេលមកគាំទ្រ និងលើកទឹកចិត្តដល់កីឡាករទាំងអស់គ្នា»៕