ads
ads
«កម្ពុជា ២០២៣» នឹងក្លាយជាប្រធានបទសម្រាប់ការផ្សព្វផ្សាយ កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ២០២៣
១០-កុម្ភៈ-២០២២

«កម្ពុជា ២០២៣ ឬ Cambodia 2023» នឹងត្រូវក្លាយជាប្រធានបទសម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ ២០២៣។ នេះបើយោងតាមបទបង្ហាញ ដោយអ្នកជំនាញការ លោក Nicholas ស្ដីពី «កម្មសិទ្ធិបញ្ញា និងការផ្សព្វផ្សាយ» ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកជំនាញការជនជាតិម៉ាឡេស៊ី Nicholas ទីប្រឹក្សា CAMSOC បានធ្វើបទបង្ហាញដូច្នេះថា «ការផ្សព្វផ្សាយមួយដែលយើងត្រូវរួមគ្នាផ្សព្វផ្សាយ គឺ កម្ពុជា ២០២៣ ដែលជាឈ្មោះនៃការផ្សព្វផ្សាយរបស់យើង ហើយអ្វីដែលលើសពីការផ្សព្វផ្សាយនេះ គឺ កម្ពុជាជាផ្ទះដែលទទួលការប្រកួតកីឡាក្នុងតំបន់នេះ លើសពីអ្វីដែលសំខាន់នៅក្នុងពាក្យស្លោកដែលយើងត្រូវប្រើប្រាស់ នោះគឺពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ចំពោះពាក្យស្លោក កីឡារស់ក្នុងសន្តិភាព គឺមានន័យថាយើងចង់បង្ហាញអំពីជ័យជំនះរបស់យើង ទៅលើការទទួលបានដោយចិត្ត និងដោយបេះដូងរបស់ប្រជាជនកម្ពុជាទាំងអស់ ដោយក្ដីសង្ឃឹម និងជឿជាក់ ហើយដោយធានាថា កីឡាពិតជារស់នៅក្នុងសន្តិភាព និងទទួលបាននូវការគាំទ្រវីរកីឡាករ-កីឡាការិនីឆ្នើម។ ក្រៅពីអត្ថន័យរួម កីឡារស់ក្នុងសន្តិភាព ក៏មានអត្ថន័យដោយឡែកដែលបញ្ជាក់អំពី មោទនភាព ការបង្រួបបង្រួម ឆន្ទ: ការធ្វើការជាក្រុម ដើម្បីឆ្ពោះទៅរកជោគជ័យទាំងអស់គ្នា និងអធ្យាស្រ័យទាំងអស់គ្នា។»

«នៅក្នុងគុណតម្លៃពិតប្រាកដនៃសន្តិភាពក្នុងកីឡានេះ យើងត្រូវតែផ្ដោតលើការយកចិត្តទុកដាក់ក្នុងការជម្រុញសន្តិភាពតាមរយៈសកម្មភាពកីឡា។ ក្នុងការជម្រុះនេះ យើងត្រូវធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋចូលរួម បានន័យថា បុគ្គលម្នាក់ដែលមានសន្តិភាពនៅក្នុងខ្លួនចូលរួម គឺនឹងធ្វើឲ្យគ្រួសារមានសន្តិភាព ហើយគ្រួសារមានសន្តិភាព ធ្វើឲ្យសហគមន៍មានសន្តិភាព សហគមន៍មានសន្តិភាពធ្វើឲ្យប្រទេសជាតិមានសន្តិភាព ប្រទេសជាតិមានសន្តិភាពធ្វើឲ្យពិភពលោកមានសន្តិភាព។» លោក Nicholas បានបន្ថែម។

ជាមួយគ្នាផងដែរ លោក Nicholas ក៏បានធ្វើបទបង្ហាញពន្យល់ឡើងវិញអំពីអត្ថន័យនិមិត្តសញ្ញា រូបសត្វតំណាង (សុភាទន្សាយ) និងពាក្យស្លោក ហើយកត្តាចម្បងគឺផ្សារភ្ជាប់ទៅនឹងកម្មសិទ្ធិបញ្ញា ដែលផ្នែកសំខាន់ទាំង៣នេះ សុទ្ធតែត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញា តាមរយៈក្រសួងពាណិជ្ជកម្ម។ អំពី និមិត្តសញ្ញាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម រូបសត្វតំណាង (សុភាទន្សាយ) និងពាក្យស្លោក (កីឡារស់ក្នុងសន្តិភាព) គឺជាកម្មសិទ្ធបញ្ញារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលនិមិត្តសញ្ញា ទាំង ៣ប្រភេទនេះ អាចអនុញ្ញាតយកទៅប្រើប្រាស់តាមសហព័ន្ធកីឡាជាតិ ដើម្បីជាការផ្សព្វផ្សាយទូលំទូលាយបាន ដោយស្នើសុំការអនុញ្ញាតពី CAMSOC ក្នុងនោះក៏មានម្ចាស់ឧបត្ថម្ភ (Sponsor) ដែលជាម្ចាស់ឧបត្ថម្ភផ្លូវការរបស់ CAMSOC ក៏អាចយកទៅប្រើប្រាស់បាន និងសារព័ត៌មានក៏អាចយកទៅផ្សព្វផ្សាយបានផងដែរ ប៉ុន្តែមិនដើម្បីប្រើប្រាស់បែបអាជីវកម្មឡើយ ស្របពេលដែលក្រសួងពាណិជ្ជកម្ម គឺជាក្រសួងសាមីដែលការពារដល់កម្មសិទ្ធិបញ្ញានេះ៕

អត្ថបទ៖ Cambodia 2023

ads
ads