ads
ads
បុរសស្មោះស្នេហ៍ Sadio Mane លាភាពកម្លោះក្នុងវ័យ៣១ឆ្នាំ
០៩-មករា-២០២៤

Sadio Mane ដែល​ជា​កីឡាករ​បាល់ទាត់​អាហ្វ្រិក​​មាន​អ្នក​គាំទ្រ(Follow)​ច្រើន​បំផុត​ក្នុង​ពិភពលោក​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំងស្ទើរតែ​មិនជឿនឹងភ្នែក បន្ទាប់ពីលោកបានសម្រេចចិត្តលាភាពកម្លោះក្នុងវ័យ៣១ឆ្នាំដឹកដៃនារីម្នាក់​ដែលលោកចិញ្ចឹមចិត្តស្រឡាញ់តាំងពីយូរមកហើយ ដើរលើកម្រាលព្រំក្រហមចូលរោងការកាលពីថ្ងៃអាទិត្យទី​៧មករា​២០២៤។

ពិធីរៀបអាពាហ៍ពិពាហ៍របស់លោកបានធ្វើឡើងនៅទីក្រុង Keur Massar ទីក្រុង Dakar ប្រទេសសេណេហ្គាល់។ ទោះបីជាគាត់រក្សាការសម្ងាត់ពីទំនាក់ទំនងរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏ព័ត៌មាននៃពិធីមង្គលការរបស់ Mane បានឆក់​យកបេះដូងអ្នកលេងបណ្តាញសង្គមរាប់លាននាក់។

Mane បាន​រៀបការ​ជាមួយ​សង្សារ​យូរ​ឆ្នាំ​របស់​គាត់​គឺនាងAisha Tamba។នាងមានដើមកំណើតមកពី Casamança ដូចជាប្តីរបស់នាងដែរ ។ យោងតាមប្រភព Pulse Sports បានឲ្យដឹងថាប្រពន្ធរបស់គាត់ អ្នកនាងAisha លួចស្រឡាញ់គាត់ជាយូរបកហើយពោលគឺចាប់តាំងពីថ្ងៃដែលមានវ័យជំទង់ម្លេះ។ Pulse Sports បន្តថាកូនក្រមុំដ៏ស្រស់ស្អាតគឺជាកូនស្រីរបស់ស្ថាបត្យករ។

ខ្សែបម្រើស្លាបដែលកំពុងលេងឲ្យក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏បានបង្ហាញចេតនារបស់គាត់យ៉ាងច្បាស់តាំងពីដំបូង ដោយមើលថែនាង និងបង់ថ្លៃសាលាអោយនាងរៀនទៀតផង។

កីឡាករឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិកពីរសម័យរូបនេះ បានគ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់គាត់ឱ្យនៅឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ ហើយពិធីដែលមិននឹកស្មានដល់នេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសាធារណជន។Aisha ក៏ដូចជាMane ដែរ​គឺ​មិនចូលចិត្ត​នៅ​លើ​បណ្ដាញ​សង្គម​ទេ៕

 

ads
ads