សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFU) កំពុងពិចារណាចាកចេញពីសហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដើម្បីចូលរួមជាមួយសហព័ន្ធបាល់ទាត់អាស៊ី (AFC)។
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអ៊ឺរ៉ុប RFU នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនាពេលខាងមុខ ដើម្បីពិភាក្សាអំពីសំណើចូលរួមជាមួយកីឡាបាល់ទាត់អាស៊ី ដើម្បីឱ្យក្រុមជម្រើសជាតិរបស់ពួកគេអាចវិលត្រឡប់មកសកម្មភាពវិញ។
ប្រធាន RFU លោក Alexander Dyukov បាននិយាយថា៖ «យើងនឹងពិចារណាបញ្ហានេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ។ ខ្ញុំមិនប្រាកដថាការសម្រេចចិត្តណាមួយនឹងត្រូវបានអនុម័តទេ ប៉ុន្តែស្ថានការណ៍ទាមទារឱ្យមានការពិភាក្សា»។
BREAKING: Having enjoyed a good ban in Europe, Russia now wants to be banned from Asian football pic.twitter.com/z3pcxyX1rT
— Max Fras (@maxfras) November 27, 2022
«ខ្ញុំមិនទាន់បាននិយាយជាមួយតំណាងអាស៊ីនៅឡើយទេ ដោយសារ UEFA នៅតែចាត់ទុកពួកយើងជាសមាជិកនៃគ្រួសារអឺរ៉ុប។ យើងអនុវត្តកម្មវិធីទាំងអស់ និងចូលរួមក្នុងការផ្តល់ហិរញ្ញប្បទានគម្រោង។ វាជាការមិនល្អសម្រាប់ពួកយើងក្នុងការពិភាក្សាដោយគ្មានពួកគេ»។
«ខ្ញុំបាននិយាយថាវាមានសារៈសំខាន់សម្រាប់ពួកយើងក្នុងការប្រកួតអន្តរជាតិជាផ្លូវការ។ ពីរឆ្នាំត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាលនៃមេរោគឆ្លង ហើយឥឡូវនេះយើងត្រូវបានគេព្យួរ» ។
កាលពីខែកុម្ភៈកន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី និងក្លឹបមកពីប្រទេសនោះមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតក្រោមការគ្រប់គ្រងរបស់ UEFA និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដោយសារតែបញ្ហានៃការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។
ជាលទ្ធផល រុស្ស៊ីមិនអាចចូលលេងក្នុងវគ្គជម្រុះ World Cup ហើយក្លឹបមួយក្នុងចំនោមក្លឹប Spartak Moscow ក៏ត្រូវបានកាត់ចេញពីពានរង្វាន់ European Champions League (UCL) ផងដែរ។
តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ក្នុងខែកក្កដា បានច្រានចោលបណ្តឹងឧទ្ធរណ៍ដែលដាក់ដោយ RFU និងក្លឹបរុស្ស៊ីចំនួនបួនប្រឆាំងនឹងការសម្រេចចិត្តរបស់ FIFA និង UEFA ក្នុងការហាមឃាត់ពួកគេពីការប្រកួតទាំងអស់រហូតដល់មានការជូនដំណឹងបន្ថែម។ អំឡុងពេលផ្អាក រុស្ស៊ីបានប្រកួតមិត្តភាពជាមួយកៀហ្ស៊ីស៊ីស្ថាន (២-១), តាហ្ស៊ីគីស្ថាន (០-០) និងអ៊ូសបេគីស្ថាន (០-០)។