ខ្សែប្រយុទ្ទជម្រើសជាតិកម្ពុជា និងក្លិបវិសាខា កីឡាកររ៉ឹង ប៊ុនហៀងពេលនេះបានចេញមកបង្ហាញពីបច្ចុប្បន្នភាពរបួសរបស់ខ្លួនក្រោយត្រូវសម្រាកព្យាបាលអស់ពេលដ៏យូរ ពោលគឺតាំងពីចុងរដូវកាលមុន។
ឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិកជាមួយ B8 Sport អតីតកីឡាកររបស់ក្រុមក្រសួងការពារជាតិឆ្លើយថា៖«ពេលនេះរបួសជាសះស្បើយ១០០%ហើយបងតែខ្ញុំទើបចូលហាត់ អញ្ចឹងកាយសម្បទារបស់ខ្ញុំមិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយទេ ហើយណាមួយយើងមិនទាន់ស៊ាំជាមួយកីឡាករក្នុងក្រុមនៅឡើយ។ ពួកគាត់បានហាត់ជាមួយគ្នាយូរហើយយើងទើបជា»។
«ស្ថានភាពជំងឺរបស់ខ្ញុំពេលនេះជាសះស្បើយ១០០%គ្រាន់តែមិនទាន់មានឱកាសអាចលេងបាននៅឡើយ។គ្រូមិនទាន់អាចដាក់ខ្ញុំលេងក្នុងក្រុមបានមាំទាំបានទេ ព្រោះតែយើងទើបចូលហាត់ ហើយពេលនេះគ្រូបង្វឹកកំពុងផ្សាំឱ្យខ្ញុំយល់ចិត្តជាមួយកីឡាករក្នុងក្រុមសិន»។
រ៉ឹង ប៊ុនហៀងបានរងរបួសបាក់កជើងខាងស្ដាំក្នុងជំនួបជាមួយភ្នំពេញក្រោនក្នុងពានរង្វាន់ Meftone Cambodian League ២០២១ នៅកីឡដ្ឋានព្រីនស៍។ របួសមួយនេះបានធ្វើឱ្យវិសាខារបូតឱកាសលើកពាន Metfone Cambodian Leagueរដូវកាល២០២១។