ads
ads
គ្រូបង្វឹក​ថៃ​បដិសេធព័ត៌មាន​ថា​ក្រុមរបស់​លោក​គឺ​ជាក្រុមមានភាគរយខ្ពស់​ជាងគេក្នុងការ​ឈ្នះមេដាយមាសស៊ីហ្គេម
០៧-ឧសភា-២០២២

ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ថៃ​ចាប់​ផ្តើម​យុទ្ធ​នា​ការ​​ក្នុងវិញ្ញាសាបាល់​ទាត់បុរសនៃព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ថ្ងៃ​សៅរ៍​នេះ ស្របពេល​ពួក​គេ​ប៉ះ​ម៉ាឡេស៊ី​ក្នុង​ប្រទេស​វៀតណាម។

ការ​ប្រកួត​ក្នុង​ពូល B នឹង​ចាប់​ផ្តើម​នៅ​ម៉ោង ៧ យប់​នៅ​កីឡដ្ឋាន Thien Trurong ក្នុង​ទីក្រុង Nam Dinh។ ខណៈពេលដែលគ្រូបង្វឹកថៃលោក Mano Polking កាលពីថ្ងៃសុក្របានច្រានចោលការលើកឡើងដែលថាកូនក្រុមរបស់គាត់គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាននោះ លោកបាននិយាយថាក្រុមរបស់គាត់មានសមត្ថភាពក្នុងការសម្រេចបាននូវស្នាដៃនេះពិតមែន។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា ម្ចាស់ផ្ទះ និងក្រុមការពារតំណែងជើងឯកវៀតណាម និងឥណ្ឌូនេស៊ី មានឱកាសឈ្នះពានខ្ពស់ជាងថៃ។ លោក Polking បាននិយាយថា ភាគីទាំងសងខាងមានពេលហ្វឹកហាត់ច្រើនជាងកីឡាករថៃដែលទើបតែចាប់ផ្តើមហ្វឹកហាត់សម្រាប់ស៊ីហ្គេមលើកទី៣១ក្នុងសប្តាហ៍នេះដោយសារ​ភារកិច្ចលីគក្នុងស្រុករបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ Polking បាននិយាយថាគាត់ជឿថាកូនក្រុមរបស់គាត់អាចទទួលបានលទ្ធផលល្អ។គ្រូបង្វឹក​សញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា៖ «យើងនៅទីនេះជាមួយនឹងគោលដៅច្បាស់លាស់គឺ [ឈ្នះមេដាយមាស]” ។

“យើង​មិន​គិត​ថា​យើង​ជា​ក្រុម​ដែល​មានភាគរយខ្ពស់ជាង​គេបំផុតនោះ​ទេ ប៉ុន្តែ​យើង​មាន​ក្រុម​ដែល​មាន​គុណភាព និង​កីឡាករ​ល្អ ហើយ​ខ្ញុំ​គិត​ថា​យើង​អាច​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ស៊ីហ្គេម​នេះ»។

«នៅពេលនេះ យើងត្រូវផ្តោតលើការប្រកួតទាំងបួនរបស់យើងក្នុងវគ្គចែកពូល»។

ក្រុម​ផ្សេង​ទៀត​ក្នុង​ពូល B មាន​សិង្ហបុរី កម្ពុជា និង​ឡាវ។ ក្នុងពូល A មាន វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ លោក Polking ជា​គ្រូ​បង្វឹក​ក្រុមឈុតធំរបស់​ថៃ ប៉ុន្តែ​ត្រូវ​បាន​តែង​តាំង​ឲ្យ​ទទួល​បន្ទុក​ក្រុម​ស៊ីហ្គេម​ជាលក្ខខណៈពិសេស ​បន្ទាប់​ពី​គ្រូ​បង្វឹក U23 លោក Worrawoot Srikama បាន​ដឹកនាំ​ក្រុម​របស់​លោក​ទទួល​បាន​លទ្ធផល​មិន​ល្អ​មុន​ការ​ប្រកួត​នៅ​វៀតណាម។

លោក Polking ដែលបានដឹកនាំក្រុមឈុតថៃឱ្យឈ្នះពានរង្វាន់ AFF Suzuki Cup កាលពីខែមករា បាននិយាយថា៖«វាជាកិត្តិយស និងឱកាសដ៏ល្អក្នុងការបង្វឹកកីឡាករក្នុងឈុតស៊ីហ្គេម»។

«យើងមិនមានពេលច្រើនដើម្បីរៀបចំទេ ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើឱ្យអស់ពីសមត្ថភាពរបស់យើង ហើយឈានទៅដល់គោលដៅរបស់យើង»៕

ads
ads