ខ្សែប្រយុទ្ធក្លិបភ្នំពេញក្រោន និង សមាជិករបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ លឹម ពិសុទ្ធ អាចនឹងអវត្តមានជួយក្រុមកម្ពុជាចូលរួមព្រឹត្តិការណ៍ Sea Games ដែលរៀបចំនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងខែឧសភាខាងមុខនេះ។
ពិសុទ្ធ បានរង់របួសបែកទ្រនាប់ជង្គង់ ហើយ រូបគេត្រូវបានបង្ខំចិត្តពីសំណាក់លោក Keisuke Honda ឲ្យដកខ្លួនចេញពីជម្រុំហ្វឹកហាត់របស់ក្រុមកម្ពុជាចូលរួមក្នុងពានរង្វាន់ AFF U-23 Championship កន្លងទៅ ដើម្បីទៅព្យាបាលរបួសសិន ពីព្រោះលោកបារម្ភខ្លាចវាកាន់តែធ្ងន់ធ្ងរនៅថ្ងៃខាងមុខ។
ពិសុទ្ធ ក៏ទទួលបានការវះកាត់បានដោយជោគជ័យកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ហើយ រូបគេនឹងត្រូវសម្រាកនៅក្រៅទីលានមួយរយៈធំសិនទើបអាចចូលរួមហ្វឹកហាត់វិញបាន។
គេហទំព័រ B8-Sport.com ក៏បានដកស្រង់កិច្ចសម្ភាសរបស់គេហទំព័រ Cambodia 2023 ជាមួយ ពិសុទ្ធ បាននិយាយអំពីការប៉ាន់ស្មាន ដែលរូបគេទំនងជាអវត្តមានជួយក្រុមកម្ពុជាក្នុងព្រឹត្តិកាណ៍ Sea Games ថា៖
«ខ្ញុំគិតថា មិនទាន់ពេលទេបង តែចាំមើលជាក់ស្ដែងសិន។ ស្ថានភាពរបួសនេះ ប្រហែល១ខែកន្លះ ឬ២ខែអីទៀតទើបអាចចូលហាត់វិញបាន»៕