ក្រុមបាល់ទាត់ជម្រើសជាតិបុរសអាយុក្រោម ២៣ឆ្នាំហ្វីលីពីន នឹងត្រូវប្រកួតក្នុងពានរង្វាន់ AFF U23 Championship 2022 ដែលនឹងធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។
ហ្វីលីពីន ស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះកម្ពុជា ទីម័រខាងកើត និងប្រ៊ុយណេ ដារូសាឡឹម ក្នុងពូល A ជាមួយនឹងការប្រកួតដែលនឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋាន Prince Stadium។ ក្រុមកំពូលៗក្នុងពូលនីមួយៗ រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 2 ល្អបំផុតនឹងឈានទៅវគ្គបន្ត។
ការប្រកួតនេះក៏បម្រើដល់ការរៀបចំក្រុមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 31 នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែឧសភា ឆ្នាំ 2022 ខាងមុខនេះផងដែរ។ កីឡាករចំនួន ២៦ នាក់ (កើតក្រោយខែមករា 1999) ត្រូវបានហៅឱ្យចូលរួមក្នុងការប្រកួត។ ខ្សែបម្រើ Oskari Kekkonen, Oliver Bias, Dennis Chung, Sandro Reyes និងអ្នកចាំទី Quincy Kammeraad ស្ថិតក្នុងចំណោមក្រុមធ្លាប់មានវត្តមានក្នុងអាយុក្រោម 23 ឆ្នាំ និងក្រុមចម្រើសជាតិដែលបានប្រកួតក្នុងវគ្គជម្រុះ AFC U23 Championship 2022 កាលពីខែតុលា ឆ្នាំ 2021 និងពានរង្វាន់ AFF Suzuki Cup 2020នៅ ខែធ្នូ ឆ្នាំ 2021 ចុងក្រោយនេះ។
គ្រូបង្វឹកគឺលោក Stewart Hall សញ្ជាតិអង់គ្លេស ហើយគ្រូជំនួយរបស់ក្រុមមាន Norman Fegidero, John Paul Merida, Ernest Nierras និងគ្រូបង្វឹកអ្នកចាំទី Noel Marcaida ។
ក្រុមមួយនេះបានធ្វើការបោះជំរុំហ្វឹកហាត់បិទទ្វារចាប់ពីថ្ងៃទី 24 ខែមករា ដល់ថ្ងៃទី 03 ខែកុម្ភៈ ឆ្នាំ 2022 នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ PFF នៅ Carmona, Cavite និង Biñan Football Stadium ក្នុងទីក្រុង Biñan, Laguna មុនពេលបន្តការត្រៀមខ្លួនរបស់ពួកគេនៅរាជធានីភ្នំពេញមុនការប្រកួតតាំងពីជាងមួយអាទិត្យមុនមកម្ល៉េះ។