ពានរង្វាន់ AFF U-23 Championship 2020 នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៤ដល់២៦ខែកុម្ភៈឆ្នាំ២០២២ នៅប្រទេសកម្ពុជា ខណៈដែលក្នុងនាមជាម្ចាស់ផ្ទះផងនោះ ក្រុមគោជំទង់កម្ពុជាស្ថិតក្នុងពូល A ជាមួយ U23 ទីម័រខាងកើត ហ្វីលីពីន និងប្រុយណេរ ។
អ្នកគាំទ្រកម្ពុជាបានយល់ឃើញថាការស្ថិតក្នុងពូលជាមួយក្រុមទាំង៣ខាងលើ ធ្វើឱ្យកម្ពុជាមានឱកាសខ្ពស់ក្នុងការឡើងទៅវគ្គបន្ទាប់ ជាមួយក្ដីរំពឹងធ្វើបានល្អខ្លាំង ដោយអាចរក្សាកំណត់ត្រាឈ្នះក្រុមទាំងបីនេះ ប៉ុន្តែក្នុងនាមជាគ្រូ និងជាអ្នកបច្ចេកទេស លោកភា សុភ័ត្រាមានការយល់ឃើញផ្សេងពីអ្នកគាំទ្រ។
“ទស្សនៈជាច្រើនជាមួយការរំពឹងខ្ពស់ ក្រោយកម្ពុជាស្ថិតនៅក្នុងពូលជាមួយ ទីម័រ ហ្វីលីពីន និងប្រុយណេរ សំរាប់ខ្ញុំក្នុងនាមជាគ្រូ និងជាអ្នកបច្ចេកទេស គឺមានលក្ខណះផ្សេងពីអ្នកគាំទ្រ ត្រង់ចំនុចមួយចំនួន ដូចជាការពង្រឹងស្មារតី ការសម្រួចផែនការ ឬកល្បិចនៃការលេង ក៏ដូចជាការអភិវឌ្ឍន៍សមត្ថភាពកីឡាករម្នាក់ៗបន្ថែម យើងមិនអាចភ្លេចខ្លួន ឬមោទនៈភាពពេលប៉ះជាមួយក្រុមដែលយើងគិតថាឈ្នះងាយនោះទេ”។
“ហើយការគិតបែបនេះគឺកាន់តែខុសពិសេសគឺកត្តាចិត្តសាស្រ្ត ម្យ៉ាងកម្មវិធីនេះគឺកម្មវិធីអន្តរជាតិ យើងរៀបចំល្អ គេក៏រៀបចំល្អ ពិសេសយើងត្រូវតែប្រយ័ត្នកាន់តែខ្លាំង។ សំរាប់ខ្ញុំការរំពឹងក្នុងរូបភាពដែលកើតឡើងនៅលើទីលានគឺ បំរែបំរួលល្បឿនប្រយុទ្ឋលឿន និងមានប្រសិទ្ឋភាព ការប្រជែងយកបាល់មកវិញលឿនៗ និងយុទ្ឋសាស្រ្តការពារបាល់រៀបចំអោយបានល្អ មូលហេតុដែលរំពឹងលើប្រសិទ្ឋភាពបែបនេះគឺដោយសារយើងបានប្រើប្រាស់កីឡាករយុវជនដែលមានសក្តានុពលសុីហ្គេមមួយចំនួនធំក្នុងព្រឹត្តិការណ៍ធំកន្លងមក”។
ពានរង្វាន់ AFF U23 Championship 2022 នឹងធ្វើឡើងនៅកម្ពុជាខណៈកីឡដ្ឋាន២នឹងយកមករៀបចំមានដូចជាពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីនស៍របស់ក្លិបវិសាខានេះឯង៕