ads
ads
ផាន សុផេន៖«គោលបំណងរបស់ខ្ញុំគឺ​មាន​ឈ្មោះ​លេង​នៅ SEA Games ឆ្នាំ​នេះ»
០១-មេសា-២០២២

ពេល​ដែល​គេ​នឹក​ឃើញកីឡាករលេខ​ធ្លោក្នុងពាន​រង្វាន់សម្ដេច​ហ៊ុនសែនថ្នាក់​ខេត្តឆ្នាំ២០២១ គេនឹង​នឹក​ឃើញ​ខ្សែប្រយុទ្ធក្លិបខេត្តបន្ទាយមានជ័យ ផាន សុផេន​ ពី​ព្រោះកាល​នោះ​រូប​គេជាកីឡាកររក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ ហើយ​លេចធ្លោខ្លាំង​រហូត​បាន​ទទួល​កុងត្រា​ពី​ក្លិប​អាជីពព្រៃវែងអេហ្វស៊ីកាល​ពីពាក់កណ្ដាលរដូវកាល២០២១នៃ​ពាន​រង្វាន់ Metfone Cambodian League ។

គិត​មក​ដល់​ពេល​នេះ! រយៈ​ពេល​កន្លះឆ្នាំ​បាន​ទៅ​ហើយ​រូប​គេ​ទើប​តែបង្ហាញភាពលេចធ្លោសារជាថ្មីម្ដង​ទៀត បន្ទាប់​ពីស៊ុត​បញ្ចូល​ទីគ្រាប់​ដំបូងឱ្យព្រៃវែងអេហ្វស៊ីដោយ​រក​បាន​៣​គ្រាប់​ក្នុង​ជ័យជម្នះ៨ទល់១​លើ​ក្រុមក្រសួងអបរំយុវជនខេត្តត្បូងឃ្មុំ។ ផ្ដល់បទសម្ភាសន៍​ដល់​គេហទំព័រ B8 Sport កីឡាករមាន​ប្រភពមក​ពី​ខេត្តបន្ទាយមានជ័យ​បាន​និយាយបែបនេះ៖

ផាន សុផេន ក្នុងការ​ប្រកួត រវាងព្រៃវែងអេហ្វស៊ី​ជាមួយខេត្តត្បូងឃ្មុំ សប្ដាហ៍ទី៤ លីគ​ទី​២​កម្ពុជា

ផាន សុផេន ក្នុងការ​ប្រកួត រវាងព្រៃវែងអេហ្វស៊ី​ជាមួយខេត្តត្បូងឃ្មុំ សប្ដាហ៍ទី៤ លីគ​ទី​២​កម្ពុជា

«ការ​ប្រកួត​ជាមួយត្បូងឃ្មុំ ខ្ញុំបាន​ចូល​លេង​ក្នុងជម្រើស១១នាក់ ហើយស៊ុត​បញ្ចូល​ទី​៣​គ្រាប់ក្នុងចំណោម​លទ្ធផលដ៏ធំធេងនេះ(៨-១)។ខ្ញុំពិតជាសប្បាយរីករាយ ហើយ​មាន​មោទនកភាពមែន​ទែន ព្រោះ​វាជាគ្រាប់បាល់​លើកដំបូងបំផុតរបស់ខ្ញុំក្នុងអាជីពជាកីឡាករនៅក្លិបខេត្តព្រៃវែង។ ចូលលេងលើកដំបូងគឺ​រក​បាន​៣​គ្រាប់តែម្ដង វាមិននឹកស្មានដល់ទេបង»។

និយាយអំពីអាជីពនៅក្រុម​ខេត្តព្រៃវែងតាំងពី​រដូវ​កាលមុន រដូវ​ឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំតែបាន​ចូល​លេង​វិញ​នៅ​រដូវ​កាល​នេះ។ សុផេន បន្ត​ថា៖«ឆ្នាំមុនខ្ញុំមក​ចូលរួមជាមួយព្រៃវែងនៅ​ពាក់កណ្ដាលរដូវ​កាល។ ខ្ញុំបាន​ចូល​លេងបួន​ប្រកួតក្នុងជម្រើសដំបូង១១នាក់​តែ​ពេល​នោះ ការ​បង្ហាញរបស់​ខ្ញុំមិនសូវលេចធ្លោនោះ​ទេ ហើយ​ក្រោយ​មក​ ខ្ញុំមាន​របួស​ពេល​ហ្វឹកហាត់ផង ធ្វើឱ្យ​ចូល​លេង​ទីលានកាន់​តែ​ខើច”។

ផាន សុផេន ក្នុងការ​ប្រកួត រវាងព្រៃវែងអេហ្វស៊ី​ជាមួយខេត្តត្បូងឃ្មុំ សប្ដាហ៍ទី៤ លីគ​ទី​២​កម្ពុជា

ផាន សុផេន ក្នុងការ​ប្រកួត រវាងព្រៃវែងអេហ្វស៊ី​ជាមួយខេត្តត្បូងឃ្មុំ សប្ដាហ៍ទី៤ លីគ​ទី​២​កម្ពុជា

« ២ប្រកួតដំបូងក្នុងលីគទី​២នៅ​ឆ្នាំថ្មី​នេះ​គឺខ្ញុំមិនបាន​លេង​ទេ​ដោយ​សារ​របួស ប៉ុន្តែ​ពេល​នេះខ្ញុំអាច​លេង​បាន​វិញ ហើយខ្ញុំមាន​ទំនុកចិត្តខ្ពស់​អាច​ជួយព្រៃវែងឱ្យ​មាន​លទ្ធផលល្អតាម​ការ​ចង់​បាន​របស់ថ្នាក់​ដឹកនាំ”។

លើស​ពី​នេះ! អតីតខ្សែប្រយុទ្ធរបស់​ក្លិបពាក់កណ្ដាលអាជីពដូចជា អធិរាជភ្នំស្វាយ ប៊ុនកយអេហ្វស៊ី​រូបនេះបង្ហាញគោលបំណងធំ​បំផុត​មួយចង់​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិលេង​ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេមនៅ​វៀតណាម​ក្នុងឆ្នាំនេះ។

«ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម គោលបំណងខ្ញុំចង់​ជាប់​ជម្រើស​ជាតិ ចង់​ជួយជម្រើសជាតិ ហើយនៅ​ស៊ីហ្គេម​ឆ្នាំ​នេះខ្ញុំមាន​បំណងចង់​លេងឱ្យ​ជម្រើស​ជាតិ​ដែរ ពី​ព្រោះ​វា​ជាគោលបំណងធំបំផុតក្នុងអាជីព។ ពិតណាស់! វា​ពិតជាការពិបាកក្នុងប្រជែងកន្លែង​នៅ​ទី​នោះ តែខ្ញុំនឹង​ខំប្រឹងប្រែងឱ្យ​ខ្លាំង ទោះបី​ជាមិនជាប់​ក៏ដោយ។ កីឡាករជម្រើសជាតិ​គឺ​ក្ដីស្រមៃរបស់ខ្ញុំ”៕

រូបភាព៖ Prey Veng Football Club

 

ads
ads