បន្ទាប់ពីចំណាយពេលអស់ជាច្រើនឆ្នាំជាក្រុមអគ្គិសនីកម្ពុជាដែលលេង និងហ្វឹកហាត់ជាមួយកីឡាករខ្មែរសុទ្ធ ពេលនេះ ផាច សុជាវីឡាបានផ្ទេរមកលេងនៅភ្នំពេញក្រោនដែលជាក្លិបមានកម្រិតប្រកួតប្រជែងខ្លាំងជាង មានកីឡាករបរទេស និងកីឡាករដែលមានបច្ចេកទេស និងសមត្ថភាពល្អជាង ហើយរូបគេទទួលបានបទពិសោធ៍ប្លែកជាងមុន។
ផ្ដល់បទសម្ភាសន៍ ជាមួយក្រុមការងារ B8 Sport វីឡាថ្លែងបែបនេះ៖ « សម្រាប់ខ្ញុំផ្ទាល់! ពេលនេះខ្ញុំស្ថិតក្នុងការបន្ស៊ាំខ្លួនជាមួយក្រុម ត្បិតអីមកដល់ទីនេះ អ្វីៗសុទ្ធតែថ្មី ការប្រកួតប្រជែងក៏ខ្លាំងជាមុន»។
«សម្រាប់ការចូលរួមជាមួយក្រុមដែលមានកីឡាករបរទេស ហើយជាក្រុមជើងឯក២សម័យកាលជាប់គ្នាវាមិនងាយស្រួលទេ។ កីឡាករបរទេស និងកីឡាករខ្មែរនៅទីនេះ សុទ្ធតែមានគុណភាព បច្ចេកទេសល្អៗស្រាប់ហើយ អញ្ចឹងខ្ញុំគិតថាអត់មានអ្វីដែលពិបាកទេ។ មួយទៀតសមខាន់លើខ្ញុំខ្លួនឯង ខ្ញុំព្យាយាមបន្ស៊ាំជាមួយក្រុម ស្វែងយល់ពីតាកទិករបស់គ្រូ បច្ចេកទេសជាក្រុម នូវអ្វីដែលគ្រូចង់បាន»។
ផាច សុខជាវីឡា ចំណាយពេលជាង ៣ ឆ្នាំជាមួយក្រុមយុវជនថ្នាលសាលាបាល់ទាត់ជាតិបាទី បានចាកចេញពីមជ្ឈមណ្ឌលក្រោយបញ្ចប់ការសិក្សាថ្នាក់ទី ១២ តាមគោលការណ៍របស់សហព័ន្ធកីឡាកបាល់ទាត់កម្ពុជា ទៅចូលរួមនៅក្លិបផ្សេងៗគ្នា ខណៈរូបគេទទួលបានកិច្ចសន្យាអាជីពពីអគ្គិសនីកម្ពុជាចុងឆ្នាំ២០១៨។