បើនិយាយពីក្លិបបាល់ទាត់ក្នុងសាល គឺមានក្លិបបាល់ទាត់ឱម៉ាល់ ដែលជាក្លិបមួយ ក្នុងចំណោមក្លិបដទៃទៀត មានកំណត់ត្រាល្អៗ កីឡាករឆ្នើមៗ ជាពិសេសទៅទៀតនោះ គឺមានឈ្មោះបោះសម្លេងក្នុងការប្រកួតពានរង្វាន់ជាច្រើននៅក្នុងប្រទេសកម្ពុជា។
សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានរៀបចំពានរង្វាន់បាល់ទាត់ក្នុងសាល Tiger រដូវកាលឆ្នាំ២០២១ (Tiger Futsal Cup 2021) ដែលការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ មុននឹងព្រឹត្តិការណ៍ពានរង្វាន់ Tiger Futsal Cup 2021 ដំណើរការនៅចុងសប្តាហ៍នេះ ក្រុមការងារ B8-sport.com ក៏បានសាកសួរទៅកាន់គ្រូបង្វឹកក្លិបបាល់ទាត់ឱម៉ាល់ លោក ជាប លីឆាយ ជុំវិញការកំណត់គោលដៅរបស់ក្លិប មុនការចូលរួមពានរង្វាន់ Tiger Futsal Cup 2021 ។
គ្រូបង្វឹក វ័យ៥២ឆ្នាំ រូបនេះ បានសម្តែងចំណាប់អារម្មណ៍ថា៖ «គោលដៅរបស់ពួកយើង គឺចង់គ្រងតំណែងជើងឯកក្នុងឆ្នាំនេះតែម្តង ដោយសារឆ្នាំមុន យើងខកបំណងរួចមកហើយ ដោយបានត្រឹមចំណាត់ថ្នាក់លេខ២ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្លិបមហាហង្ស។ បន្ថែមលើសពីនេះទៀតក្តីកង្វល់របស់ខ្ញុំ នៅតែមានមុនការប្រកួតចូលមកដល់ គឺការហ្វឹកហាត់ ក៏ដូចជាការប្រកួតមិត្តភាពតែម្តង យើងដឹងហើយថា ដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ ដូច្នេះពួកយើងមិនសូវបានហ្វឹកហាត់ជុំគ្នា ឬក៏មានការប្រកួតមិត្តភាពបានច្រើនឡើយ»
«បើធៀបទៅឆ្នាំមុន សម្រាប់ឆ្នាំនេះ យើងមានកីឡាករល្អៗច្រើន ដែលមានបទពិសោធនៅលើទីលាន បានមកចូលរួមជាមួយក្លិបឳម៉ាល់ ដោយឡែកកីឡាករ ជាប រីឈី ដែលជាកូនប្រុសរបស់ខ្ញុំ ក៏បានមកចូលរួមជាមួយពួកយើងសារជាថ្មី ដូច្នេះពួកយើងមានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងជើងឯក Futsal Tiger Cup 2021» លោក ជាប លីឆាយ បានបញ្ជាក់បន្ថែមមកកាន់ក្រុមការងារ B8-sport.com អំពីសមាភាពកីឡាករ ដែលត្រៀមខ្លួនក្នុងឆ្នាំនេះ គឺមានកម្រិតល្អជាងឆ្នាំមុន។
ក្រៅពីមានតួនាទីជាគ្រូបង្វឹក លោក ជាប លីឆាយ ក៏ជាស្ថាបិកក្លិបបាល់ទាត់ឱម៉ាល់ ផងដែរ ដែលក្លិបមួយនេះ ចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០១២។ ក្លិបបាល់ទាត់ឱម៉ាល់ស្ថិតនៅពូល C ដែលមានគូប្រជែងដូចជា ក្លិប F1 Sport Club, ក្លិប Youngchester FT និងក្លិប Alpha FT ៕
រូបភាព៖ FFC និងមករ