កីឡដ្ឋាន Jakarta International Stadium (JIS) ត្រូវបានសម្ពោធជាផ្លូវការ ជាមួយជំនួបមិត្តភាពអន្តរជាតិរវាងម្ចាស់ផ្ទះឥណ្ឌូនេស៊ី Persija Jakarta ជាមួយក្លិបលីគកំពូលថៃ Chonburi FC ដែលបញ្ចប់ដោយលទ្ធផល 3-3 សម្រាប់ក្រុមទាំងពីរកាលពីម្សិលមិញនេះ។ កីឡដ្ឋានលំដាប់ពិភពលោកថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី JIS ដែលអាចផ្ទុកអ្នកទស្សនាបាន 82 000នាក់។
ប៉ុន្តែក្នុងថ្ងៃសម្ភោធនោះ កំឡុងពេលមុនការប្រកួតចាប់ផ្ដើម មានឧប្បត្តិហេតុមួយដែលបានធ្វើឲ្យ អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ីមានការភ្ញាក់ផ្អើល ដោយរបងរនាំងនៅកន្លែងអង្គុយទស្សនាក្រោយបង្គោលទីត្រូវបានគេរកឃើញថាបានបាក់ធ្លាក់មកខាងក្រោម។
យោងតាមរបាយការណ៍ Tempo របងមិនរឹងមាំគ្រប់គ្រាន់សម្រាប់ផ្ទុកអ្នកគាំទ្រ Persija Jakarta ក្នុងចំនួនដ៏ច្រើននោះទេ។ តាមពិតពួកគេខ្លះពិតជាបានឡើងរបងដើម្បីដាក់បដាធំៗ។ តែយ៉ាងណាក៏ដោយ ការប្រកួតបានបន្តដូចធម្មតា ដោយមានកងសន្តិសុខជាច្រើននាក់ត្រូវឃ្លាំមើលក្នុងតំបន់ដើម្បីរារាំងមិនឱ្យអ្នកគាំទ្រចូលទៅក្នុងទីលាន។
— Extra Time Indonesia (@idextratime) July 24, 2022
អភិបាលក្រុង Jakarta លោក Anies Baswesan មិនបន្ទោសអ្នកគាំទ្រ Persija Jakarta ជាបុព្វហេតុចម្បងនោះទេ ប៉ុន្តែនឹងធានាថា របងត្រូវបានជួសជុលភ្លាមៗ ដើម្បីឱ្យវាអាចទ្រទ្រង់បន្ទុកកាន់តែខ្លាំង។
លោក Anies បាននិយាយទៅកាន់ CNN Indonesia ថា ៖«សម្រាប់របងនេះ ខ្ញុំគិតថាវាដោយសារតែរងសម្ពាធទម្ងន់ដ៏លើសលុបមិនគួរឱ្យជឿ ហើយនេះគឺជាលើកទីមួយហើយដែលកីឡដ្ឋាននេះត្រូវបានសម្ភោធបើកឲ្យប្រើប្រាស់ឡើងវិញ។ ដូច្នេះនេះគឺជាផ្នែកទាំងអស់នៃដំណើរការសិក្សា។ ដំណើរការសិក្សានឹងជួបជាមួយបញ្ហាប្រឈមគ្រប់ប្រភេទ។ នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវប្រឈមមុខជាមួយគ្នា» ។
កីឡដ្ឋាន Jakarta International Stadium ក៏ត្រូវបានជ្រើសរើសជាកន្លែងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 20ឆ្នាំ FIFA U20 World Cup 2023 នៅឆ្នាំក្រោយផងដែរ។ កីឡដ្ឋាននេះត្រូវបានចាត់ទុកថាទំនើបបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយក៏មានមុខងារនៃដំបូលចល័តដែលអាចបើក និងបិទដូចជាកីឡដ្ឋាន Santiago Bernabeu របស់ Real Madrid ផងដែរ៕
ប្រភព៖ vocketfc