ម្ចាស់ភាគហ៊ុនលោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថាចង់ឱ្យក្លឹប Manchester United ផ្លាស់ប្តូរពហុកីឡដ្ឋាន Old Trafford ទៅជាពហុកីឡដ្ឋាន Wembley ទី២នៅភាគខាងជើងប្រទេសអង់គ្លេស (Wembley of the North)ជាមួយនឹងការកសាងឡើងវិញដ៏អស្ចារ្យ។
មហាសេដ្ឋីអង់គ្លេស និងជានាយកប្រតិបត្តិក្រុមហ៊ុន Ineos ដែលបានវិនិយោគទឹកប្រាក់១,៦ពាន់លានក្នុងភាគហ៊ុន២៥ ភាគរយជាមួយក្លឹប United ជឿជាក់ថាក្លឹបនេះគួរតែមានពហុកីឡដ្ឋានលំដាប់ពិភពលោកដើម្បីប្រជែងនឹងពហុកីឡដ្ឋានដ៏ល្បីល្បាញនៅទីក្រុងឡុងដ៍។
យោងតាមសារព័ត៌មាន Daily Telegraph លោក Ratcliffe អាចបញ្ចុះបញ្ចូលរដ្ឋាភិបាលចក្រភពអង់គ្លេសឲ្យជួយផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ ដែលអាចចំណាយរហូតដល់ជាង ២,៥ពាន់លានដុល្លារ។
ប្រភពដដែលនេះបានបន្តថាលោក Ratcliffe និងក្រុមហ៊ុនរបស់គាត់ Ineos បានពិភាក្សារួចហើយជាមួយអភិបាលក្រុង Andy Burnham Greater និង មន្ត្រីនៅក្រុមប្រឹក្សា Trafford ។ ខណៈពេលដែលការផ្តល់មូលនិធិមួយចំនួនរបស់រដ្ឋាភិបាលអាចនឹងកើតឡើងនាពេលខាងមុខ United នឹងត្រូវប្រមូលទុនភាគច្រើនដោយខ្លួនឯងដើម្បីបញ្ចប់គម្រោងនេះ។
លោកRatcliffe បានប្រឆាំងយ៉ាងដាច់អហង្ការចំពោះការផ្លាស់ប្តូរទីតាំងក្លឹប។ ទោះជាយ៉ាងណាក៏ដោយលោកជឿជាក់ថាអ្នកគាំទ្រនឹងស្វាគមន៍ចំពោះគម្រោងសាងសង់កីឡដ្ឋានលំដាប់ពិភពលោកថ្មីមួយនៅលើទឹកដីជុំវិញ Old Trafford ។
ផែនការមួយទៀតដែលកំពុងត្រូវបានពិចារណាគឺត្រូវអភិវឌ្ឍឡើងវិញនូវពហុកីឡដ្ឋាន South Stand ដែលមានសមត្ថភាពអ្នកទស្សនាបាន៧៦០០០នាក់។ កីឡដ្ឋាន Wembley ដែលជាកន្លែងធំជាងគេនៅចក្រភពអង់គ្លេស និងធំជាងគេទីពីរនៅអឺរ៉ុប ផ្ទុកមនុស្សបាន ៩០០០០ នាក់ ហើយការកសាងពហុកីឡដ្ឋានថ្មីនេះត្រូវតែមានទំហំស្មើឬលើសពីសមត្ថភាពផ្ទុកមនុស្សរបស់Wembley៕