ដូចដែលប្រិយមិត្ត អ្នកគាំទ្របានដឹងរួចមកហើយឈ នីកូឡាស់ ឌឿងបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ ហើយក៏បានចូលរួមហ្វឹកហាត់ក្នុងជំរំហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ។ ការមកដល់ដីស្រុកខ្មែរលើកដំបូង នីកូឡាស់ ឌឿង បានបង្ហាញអារម្មណ៍រីករាយ និងបង្ហាញពីបទពិសោធ៍របស់ខ្លូនលើកដំបូងនៅកម្ពុជា។
«ខ្ញុំទទួលបានអារម្មណ៍ស្រស់ស្រាយល្អណាស់ ដែលបានមកដល់ប្រទេសកម្ពុជា និងបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម ព្រមទាំងក្រុមការងារគ្រូបង្វឹក។ ចំណែកការហ្វឹកហាត់រៀងពិបាកបន្តិចដែរ ព្រោះខ្ញុំទើបតែមកដល់…» ឌឿងបាននិយាយក្នុងសារឆ្លើយឆ្លងជាមួយអ្នករាយការណ៍ព័ត៏មានរបស់ B8 Sport ។
កីឡាកររូបនេះបានបន្តថា៖ «ខ្ញុំមើលឃើញថា ក្រុមជម្រើសជាតិយើងល្អ ហើយគុណភាពនៃមិត្តរួមក្រុមពិតជាមានសមត្ថភាព។ ខ្ញុំជឿជាក់ថា វានឹងក្លាយជាការប្រកួតដ៏ទាក់ទាញបំផុត»។
«ពិតណាស់! វាជាលើកដំបូង ដែលខ្ញុំមកកាន់ទីនេះ (កម្ពុជា)។ បរិយាកាសនៅទីនេះ គឺល្អមែនទែន ហើយ ទីក្រុងមានអាកាសធាតុល្អ មានអារម្មណ៍ថាទទួលបានភាពស្រស់ស្រាយ។ ដោយឡែកមនុស្សនៅទីនេះ រួសរាយរាក់ទាក់ ទាំងក្រុមការងារ និងមិត្តរួមក្រុម ដែលខ្ញុំបានជួបនៅទីនេះ គឺរាក់ទាក់ ស្វាគមន៍មកកាន់ខ្ញុំបានយ៉ាងល្អ។
«ជាចុងក្រោយ! ខ្ញុំសំណូមពរឱ្យអ្នកគាំទ្រទាំងអស់គ្នា ចូលរួមគាំទ្រឱ្យបានច្រើនកុះករនៅថ្ងៃប្រកួត ដើម្បីលើកទឹកចិត្តដល់ក្រុមជម្រើសជាតិរបស់យើង»។
ក្រុមជម្រើសជាតិកម្ពុជាឈុតធំនឹងត្រូវទទួលក្រុមជម្រើសជាតិបង់ក្លាដេសនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតមរតកតេជោ សម្រាប់ការប្រកួតមិត្តភាពក្នុងថ្ងៃ FIFA DAY ៕