ads
ads
មិន ​រតនៈ ឆ្លើយតបការរ៉ាប់រងទាត់បាល់ Set Piece និងបង្ហាញអារម្មណ៍រំភើបមួយ…!
១៨-កុម្ភៈ-២០២២

«សម្រាប់ទាត់បាល់ Set Piece! គ្រូបានឱ្យ​រូបខ្ញុំជាអ្នករ៉ាប់រង​។ ខ្ញុំមិនដឹង​ថា​គ្រូបានឃើញ​គុណសម្បត្តិរបស់ខ្ញុំ មានច្រើនដល់កម្រិតណាមួយឡើយ ។ គ្រាន់​​តែដឹងថា ​ពួក​គាត់​អនុញ្ញាតិ បូករួមជាមួយការផ្ដល់ទំនុក​ចិត្តយ៉ាងខ្ពស់មកកាន់រូបខ្ញុំ។ ដូច្នេះខ្ញុំត្រូវតែព្យាយាមឲ្យអស់​ពី​សមត្ថភាព ដែលខ្ញុំមាន ដើម្បីបង្ហាញនូវអ្វី ដែលពួកគាត់ចង់បាន»។ នេះ​គឺសម្ដី​របស់ មិន រតនៈខ្សែបម្រើ​ជម្រើស​ជាតិ​កម្ពុជា​វ័យក្រោម​២៣​ឆ្នាំ បាន​ផ្ដល់​បទសម្ភាសន៍មក​កាន់​អ្នក​យក​ព័ត៌មានរបស់​គេហទំព័រ B8 Sport។

May be an image of 5 people, people playing sports, people standing and grass

មែន​ទែន​ទៅ! ខ្សែបម្រើ​វ័យក្មេងរបស់​ក្លិបព្រះខ័នរាជស្វាយរៀង​រូបនេះ​គឺ​ជា​ទទួល​ភារៈទាត់​បាល់​រៀបចំ Set Piece ទាំង​ហ្វ្រីឃីគ បាល់​ជ្រុងក្នុងការ​ប្រកួត​ក្នុងពាន AFF U23  ហើយ​ពេល​ខ្លះ​គេ​សង្កេតឃើញគាត់​សហការ​គ្នា​ជាមួយ ញាណ សុស៊ីដាន់។​ ដោយឡែកអំឡុងពេល​ទាត់​ជ្រុងខាងស្ដាំ រតនៈជា​អ្នក​រ៉ាប់​រង ហើយខាងឆ្វេង​ពេល​ខ្លះ​គេ​ឃើញ ស៊ីដាន់ជា​អ្នក​ទទួល។

រតនៈ និង​ស៊ីដាន់ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជាកីឡាករ ​ដែល​ទាត់​ពី​ចម្ងាយ​បាន​ល្អហើយ​ជារឿយៗ​ពួក​គេ​តែងតែរ៉ាប់រង​គ្រប់​បាល់​បែប​នេះ​ក្នុង​២​ប្រកួត​កន្លងមក។ ខ្សែបម្រើ​មាឌល្អិត លេង​សឹង​គ្រប​ឈុត​ក្នុង​ជម្រើស​ជាតិ​កម្ពុជារូបនេះបាន​បន្ត​ថា៖ «ធ្វើបាន​ល្អប៉ុណ្ណា យើងត្រូវតែទទួលស្គាល់នូវលទ្ធផលរបស់យើង ពីព្រោះ​ហ្នឹង​ជាការងារ​គាត់ (ក្រុមគ្រូបង្វឹក) ​ជាអ្នក​ដាក់​ឱ្យ​យើង»។

May be an image of 6 people, people playing sports and outdoors

ខ្សែបម្រើ​វ័យ២១ឆ្នាំរូបនេះបន្ត​ទៀតថា៖«រឿងដែលរំភើបជាង​គេ​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​បាន​លេង​នៅ​ស្ដាតថ្មី ស្ដាតធំ លើក​ទី​មួយ​ក្នុងជីវិត។ បន្ទាប់​មក​ទៀត​ឃើញអ្នកមកទស្សនា​យ៉ាងច្រើនកុះករ ជាពិសេសម៉ាក់ប៉ាមក​លើកទឹក​ចិត្ត ។ ពិតជាមាន​អារម្មណ៍​រំភើបណាស់»។

May be an image of 1 person, playing football, standing, outdoors and text that says '26 ARRIX KICK PHOTOGRAPH ANDYSNAPPER Û'

ក្នុង​វគ្គ​ជម្រុះក្នុងពូល ក្រុម​កម្ពុជាវ័យក្រោម២៣ឆ្នាំ នៅ​សល់​មួយ​ប្រកួត​ទៀត​គឺ​ប៉ះជម្រើស​ជាតិ​ទីម័រខាងកើត នៅ​ថ្ងៃ​អាទិត្យ ទី​២០ ​ខែកុម្ភៈ ដែល​ជាការ​ប្រកួត​ចុងក្រោយ​​ពូល A។ កម្ពុជា​ត្រូវ​ការត្រឹម​តែ​ស្មើ​ប៉ុណ្ណោះ ដើម្បី​រក្សា​តំណែង​កំពូលតារាង​ ខណៈបច្ចុប្បន្ន​ឈរនៅលេខ១ ​មាន​៦​ពិន្ទុ​ពេញ​ និង​ចំណេញ​គ្រាប់​បាល់​៧​គ្រាប់ក្នុង​ដៃលើស​ក្រុម​លេខ២ ទីម័រខាងកើត ២ពិន្ទុ៕

 

ads
ads