ads
ads
មិន រតនៈ៖ ការទាត់​ចូលហ្នឹង​ដោយ​សារ​តែគ្រូ ជំរុញឱ្យខ្ញុំរត់ចូលក្នុងប្រអប់ទីឱ្យបាន​ច្រើន
១៤-សីហា-២០២២

«ការ​រក​បានបួនគ្រាប់​នេះ! ខ្ញុំមិនដែលរំពឹង​ទុក​ទេ។ វាជាលើកទីមួយសម្រាប់អាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំមិនដែលទាត់ចូលច្រើនគ្រាប់អញ្ចឹងទេ តាំងពីណាពី​ណី​មកហើយបង ហើយខ្ញុំក៏មិនដែលរំពឹង​ដែរ» នេះគឺជាការ​លើកឡើង​របស់​ខ្សែបម្រើវ័យក្មេង មិន រតនៈផ្ដល់បទសម្ភាសន៍តាម​សារអេឡិចត្រូនិកជាមួយ B8 Sport ក្រោយ​ការ​ប្រកួតចប់​យប់មិញដែលព្រះខ័នរាជស្វាយរៀងយក​ឈ្នះគិរីវង់​១០​ទល់០។

មិន រតនៈជាកីឡាករ​ខ្មែរ​ដំបូង​គេ​រក​បាន​៤គ្រាប់​ក្នុងមួយប្រកួតសម្រាប់ពានរង្វាន់ Cambodian Premier League រដូវកាល២០២២ ក្រោយ​កីឡាកររូប​នេះ​និង​មិត្តរួម​ក្រុមជួយក្រុម ព្រះខ័នរាជស្វាយរៀង​ឈ្នះគិរីវង់​១០​ទល់០។ ៤ គ្រាប់​របស់​កីឡាករ​វ័យ​មិន​ដល់២០​ឆ្នាំ​រូប​នេះ​រកបាន​នៅនាទី០៦, ៤៦, ៦៦ និង​នាទី៨៦។ កីឡាកររូបនេះបន្ត​ថា៖

«ការទាត់​ចូលហ្នឹង​ដោយ​សារ​តែគ្រូគាត់ជំរុញឱ្យខ្ញុំរត់ចូលក្នុងទីឱ្យបាន​ច្រើន។ កាលណាយើង​ចូលទៅក្នុងប្រអប់គ្រោះថ្នាក់ច្រើនអញ្ចឹង​ទៅ យើងអាច​មានឱកាស​សម្រេច​ទី ហើយខ្ញុំក៏ព្យាយាម​តាម​គាត់ប្រាប់ ឃើញថាបាន​សម្រេច​មែន»។

គិតមក​ដល់ពេល​នេះ! រតនៈ​រក​បាន​៦គ្រាប់​ហើយ​ក្នុងពានរង្វាន់ Cambodian Premier League រដូវ​កាល​២០២២ ហើយ​ក៏ក្លាយជាកីឡាកខ្មែរ​រកបាន​គ្រាប់បាល់ច្រើនជាងគេបណ្ដោះអាសន្ន​ក្នុង​លីគលើស​រៀមច្បង ម៉ាត់ នូរុណ​របស់​ក្លិបបឹង​កេតអេហ្វស៊ី៕

រូបថត៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ និស្ស័យ

ads
ads