ក្លិប Chelsea មានការព្រួយបារម្ភថា ការបណ្តេញលោក Mauricio Pochettino ចេញពីតំណែងនៅពេលនេះ វាអាចធ្វើឱ្យពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការបំពានច្បាប់ចំណាយរបស់ Premier League។
នេះហើយគឺជាកត្តាសំខាន់ដែលក្លិបកំពុងពិចារណា បើទោះជាអ្នកគាំទ្រនៅតែជជីកសួរថាតើពេលណាត្រូវផ្លាស់ប្តូរអ្នកចាត់ការថ្មី។គ្រូបង្វឹកអាហ្សង់ទីននៅសល់កុងត្រាប្រហែល ១៨ខែនៅកីឡដ្ឋាន Stamford Bridge ហើយប្រសិនបើបណ្តេញគាត់ចេញនៅពេលនេះ ក្លិប Chelsea ត្រូវសងជំងឺចិត្តជាង១២លានដុល្លារ។
រាល់ការទូទាត់ដែលបានព្រមព្រៀងមុនខែមិថុនា នឹងរាប់បញ្ចូលទៅក្នុងច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League នៅរដូវកាលនេះ ដែល Chelsea កំពុងប្រយុទ្ធរួចហើយដើម្បីជៀសវាងការបំពានច្បាប់ បន្ទាប់ពីចំណាយប្រាក់ជាង ១,២ពាន់លានដុល្លារ លើកីឡាករថ្មីចាប់តាំងពីការចូលមកកាន់កាប់របស់ម្ចាស់ថ្មីគឺលោក Todd Boehly និង Clearlake ។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុឯករាជ្យបានប៉ាន់ប្រមាណថា Chelsea ត្រូវការប្រមូលប្រាក់រាប់សិបលានពីការលក់កីឡាករនៅចុងខែមិថុនា ដើម្បីជៀសវាងការចោទប្រកាន់ពីបទបំពានដែនកំណត់នៃការចំណាយ ដែលជាបញ្ហាកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីការប៉ុនប៉ងបរាជ័យរបស់ពួកគេក្នុងការលក់កីឡាករក្នុងស្រុកដូចជា Armando Broja កាលពីខែមករា។
បច្ចុប្បន្នក្លិបត្រូវបានអនុញ្ញាតឱ្យខាតបង់អតិបរមា ១៣១ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ ទោះបីជាមានការលើកលែងមួយចំនួនដូចជាការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ បាល់ទាត់នារី និងការវិនិយោគលើយុវជនក៏ដោយ។
កញ្ចប់សំណងបន្ទាប់ពីបណ្តេញលោក Pochettino ចេញពីតំណែងវាមិនមែនជារឿងតូចតាចនោះទេ ខណៈដែលលោកក៏មានបុគ្គលិកដ៏ច្រើនទៀត ដែលបានមកដល់កាលពីរដូវក្តៅមានដូចជាៈ Jesus Perez, Miguel d’Agostino, Toni Jimenez និងកូនប្រុសរបស់គាត់ Sebastiano Pochettino ។
ម្ចាស់ក្លិបថ្មីរបស់ Chelsea បានចំណាយប្រាក់យ៉ាងច្រើនលើការបណ្តេញអ្នកចាត់ការទូទៅ ចាប់តាំងពីទិញក្លឹិបពីមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ក្នុងខែឧសភា ឆ្នាំ ២០២២ គឺចំណាយទៅលើលោក Thomas Tuchel ជាង១២លានដុល្លារ ត្រឹមរយៈពេល៤ខែក្រោយមកដេញលោក Graham Potter សងសំណងអស់ជាង១៦លានដុល្លារ៕