« ខ្ញុំមានក្ដីស្រមៃថានឹងបានលេងស៊ីហ្គេម2023 នៅកម្ពុជា » នេះគឺជាសម្ដីរបស់ឡេង ណូរ៉ា មានដើមកំណើតចេញពីមណ្ឌលកុមារកំព្រាកាលពីប៉ុន្មានឆ្នាំមុនហើយហើយពេលនេះគឺជាកីឡាកររបស់ក្លិបវិសាខា។
សម្ដីរបស់កុមារាកម្ពុជាកាត់ហ្គាណាម្នាក់នេះត្រូវបានគេដកស្រង់ពេញបណ្ដាញសង្គមថា៖ « វាជាក្ដីស្រមៃរបស់ខ្ញុំដ៏ធំមួយ ប្រសិនបើបានជាប់ជម្រើសជាតិបានលេងស៊ីហ្គេមនៅទឹកដីកម្ពុជាយើង។ ខ្ញុំបានប្ដេជ្ញាថា នឹងប្រឹងប្រែងលេងឲ្យបានល្អបំផុតនៅក្លិប ដើម្បីឲ្យគ្រូជម្រើសជាតិមើលឃើញ ដើម្បីអាចបានជាប់ជម្រើសជាតិក្នុងពេលនោះ»។
កីឡាករ ឡេង ណូរ៉ា ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ ។ ភាពល្បីរបស់ឡេង ណូរ៉ា ផ្តើមចេញពីការខិតខំប្រឹងប្រែង លត់ដំជីវិតឱ្យឆ្លងកាត់រសជាតិនៃការតស៊ូដើម្បីមានថ្ងៃនេះសម្រាប់អនាគតខ្លួនឯង និងបានលើកមុខមាត់ប្រទេសជាតិ។
ឡេង ណូរ៉ា គាត់ជាកូនកំព្រាដែលបានបាត់បង់ឪពុកជាជនជាតិហ្គាណាតាំងពីគេមានអាយុ៦ឆ្នាំ។ ក្រោយមកយុវជនរូបនេះស្ថិតក្នុងបន្ទុកម្តាយដែលមានកូន៤នាក់ មុនពេលម្តាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អ្នករស់នៅជាមួយឡេង ណូរ៉ា ក្នុងមណ្ឌលកុមារដូចគ្នាបានត្រេកអរនូវអ្វីដែលឡេង ណូរ៉ា មានថ្ងៃនេះ ស្មើនឹងលើកកិត្តិយសដល់កុមារកំព្រាទាំងអស់គ្នា ។
នៅក្នុងមណ្ឌលកុមារកំព្រាអង្គការនោះ ឡេង ណូរ៉ា ទទួលបានការមេីលថែ រៀនសូត្រ និងផ្តេីមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា នាឆ្នាំ 2019។ ឡេង ណូរ៉ា ឈ្នះពានមួយចំនួននៅទីនោះដូចជា ពានជេីងឯកវិទ្យាល័យ, Soccer League, ជេីងឯកយុវជន FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែងនៅឆ្នាំ២០២១ និងទេីបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ។
ក្នុងក្រុមជម្រេីសជាតិគេជាប់តាំងពីឈុត U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនឱ្យក្រុមធំក្នុងជំនួបតទល់អុីរ៉ាក់ ប្រចាំវគ្គជម្រុះវើលខាប់។បច្ចុប្បន្នឡេង ណូរ៉ាមានវ័យ១៧ឆ្នាំក្មេងជាងគេទី២ក្នុងក្រុម U23 បន្ទាប់ពីស៊ិន សុវណ្ណមករា។ ពេលនេះរូបគេមានឈ្មោះក្នុងបញ្ជីកីឡាករជម្រើសជាតិកម្ពុជាវ័យក្រោម២០ឆ្នាំដែលធ្វើដំណើរទៅកាន់ប្រទេស អ៊ូបេគីស្ថានចូលរួមប្រកួតពានរង្វាន់ AFC U20 Asian Cup Qualfiers ។