ការប្រកួតក្នុងពានរង្វាន់ Cambodian League II នឹងចាប់ផ្ដើមដំណាលគ្នាជាមួយ Cambodian Premier League ពោលគឺនៅថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ ខណៈដែលក្រុមកោះកុងអេហ្វស៊ីដែលជាសមាជិកមួយក្នុងចំណោម១២ក្លិបនឹងចូលរួមក្នុងលីគទី២នេះហើយ។
អ្នកយកព័ត៌មានរបស់គេហទំព័រ B8 Sport បានសម្ភាសគ្រូបង្គោលក្លិបកោះកុងអេហ្វស៊ីលោក ហុក សុជីវ័ន្តទាក់ទងទៅនិងការរៀបចំក្លិប ការចុះកុងត្រានិងរៀងរ៉ាវលម្អិតនានាដែលនឹងកើតឡើងសម្រាប់របស់របស់លោកនៅរដូវកាល២០២២ខាងមុខនេះ។ តោះ! ទៅអានសំណួរ-ចម្លើយរវាង B8 Sport Reporter ជាមួយលោក ហុក សុជីវ័ន្ត៖
B8 Sport Reporter-ការរៀបចំក្រុមសម្រាប់រដូវកាលថ្មីរបស់កោះកុងអេហ្វស៊ីបានដល់កម្រិតណាហើយ?
លោក ហុក សុជីវ័ន្ត៖ «ការរៀបចំខ្លួនមិនទាន់ជាល្អណាស់ណាទេ ។ យើងបានប្រមូលផ្ដុំកីឡាករខ្មែរៗយើងមួយចំនួន ហើយតំណាក់កាលនេះយើងកំពុងផ្ដោតការពង្រឹងសមត្ថភាពបច្ចេកទេស និងកាយសម្បទារបស់ពួកគាត់តែប៉ុណ្ណឹងទេ! ហើយទាក់ទងទៅនិងការស៊ីជម្រៅគ្នា! យើងមិនអាចវាយតម្លៃច្បាស់លាស់នៅឡើយ ដោយសារពួកគាត់ទើបចូលមក គ្រាន់តែការហ្វឹកហាត់រួមគ្នាតិចតួច និងពង្រឹងកាយសម្បទា ហើយយើងបានលេងជាមួយ ISI(អាយ អេស អាយដង្កោសែនជ័យ) មួយប្រកួត ក្នុងលក្ខខណៈគាត់ស្គាល់គ្នាទៅវិញទៅមក ។ ដូច្នេះយើងមិនអាចវាយតម្លៃពីការយល់ចិត្តគ្នាប៉ុណ្ណាទេ ។ យើងនៅមានពេលវេលាច្រើនទៀត»។
B8 Sport Reporter-ឃើញថាក្លិបបានចុះកុងត្រាយកកីឡាករថ្មីមួយចំនួន ហើយបង់គិតថាប៉ុណ្ណឹងអាចគ្រប់គ្រាន់សម្រាប់ប្រកួតប្រជែងឬទេ ឬមួយមានគម្រោងបន្ថែមកីឡាករថ្មីទៀត? ចុះកីឡាករបរទេស ក្លិបគិតយ៉ាងណាដែរ ស្របពេលច្បាប់ថ្មីឱ្យក្លិបលីគទី២ចុះកុងត្រាកីឡាករបរទេសបាន៤នាក់?
លោក ហុក សុជីវ័ន្ត៖ «សម្រាប់ការចុះឈ្មោះបញ្ជីកីឡាករ? ត្រង់ចំណុចនេះយើងនិយាយទៅគឺចង់បានកីឡាករល្អៗ ច្រើនរួមទាំងកីឡាករបរទេសផងដែរ ប៉ុន្តែអ្វីៗផ្ដោតទៅលើថ្នាក់ដឹកនាំក្លិប ថាតើយើងមានគម្រោងចំណាយប៉ុណ្ណា យើងទាមទារយកលទ្ធផលកម្រិតណា។ សម្រាប់ការប្រកួតលីគទី២នៅឆ្នាំថ្មីនេះ យើងគិតថាវាជាការប្រកួតប្រជែងមួយកម្រិតទៀត ដែលខ្ពស់ជាងរាល់ឆ្នាំឆ្ងាយ ហើយមានកម្រិតប្រកួតប្រជែងខ្ពស់ អញ្ចឹងហើយយើងត្រូវតែរៀបចំកីឡាករ រៀបចំក្រុមគ្រប់គ្រាន់ មានគុណភាព និងតម្រូវឱ្យពួកគាត់លេង ដោយយល់ពីទម្រង់នៃការលេង ការយល់ចិត្តគ្នានៅក្នុងក្រុម។ អញ្ចឹងហើយ! បើយើងមានលទ្ធភាពបន្ថែមយើងចង់បានកីឡាករបរទេស និងកីឡាករល្អៗ គឺយើងត្រូវការចំណាយច្រើនមែនទែន។ អាស្រ័យលើថ្នាក់ដឹកនាំ ថាតើគាត់ឱ្យយើងចំណាយ ឬក៏មានម្ចាស់ឧបត្ថម្ភបានកម្រិតណាដើម្បីឱ្យយើងចំណាយសម្រាប់អ្វីដែលយើងចង់បានទាំងនេះ»។
“មែនទែនទៅ! ក្នុងនាមយើងជាគ្រូ! ការដឹកនាំគឺយើងចង់ឈ្នះ ចង់ឡើងទៅមុខឱ្យបានខ្ពស់ជាងហ្នឹងទៀត ទាំងពីកម្រិតនៃការលេង និងកម្រិតនៃការចូលរួមរបស់ក្លិបយើង។ ច្បាស់ណាស់! យើងចង់ទៅមួយកម្រិតទៀត អញ្ចឹងត្រូវការពង្រឹងគុណភាពកីឡាករក្នុងស្រុកឱ្យបានខ្លាំង”។
B8 Sport Reporter-អាចបង្ហាញគោលដៅបន្ទាប់របស់ក្រុម កោះកុងអេហ្វស៊ី ថាតើមានគម្រោងបែបណាទៀតសម្រាប់រដូវកាលក្រោយ? ចុះបងយល់យ៉ាងណាដែរ សម្រាប់ការកាត់ក្លិបមួយចំនួនលីគទី២? សុំចំណាប់អារម្មណ៍របស់បង?
៣- ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹង! គោលដៅរបស់យើងគឺចង់ឡើងទៅមួយកម្រិតទៀតនៅឆ្នាំក្រោយ។ សម្រាប់ខ្ញុំ! លីគទី២ឆ្នាំគ្មានអ្វីប្លែកទេ ព្រោះកម្រិតលីគដែលយើងចង់ឱ្យគុណភាពទៅមុខ ទាល់តែពួកគាត់ ថ្នាក់ដឹកនាំ ហ៊ានចំណាយ និងរៀបចំក្លិបមួយទៅជាសមាគមមួយ ក្រុមហ៊ុនមួយដែលមានលក្ខខណៈស្ដង់ដារតាមអ្វីដែលគេចង់បាន។ បើយើងធ្វើបាន លីគរបស់យើងក៏ដើរទៅមុខ និងមានកម្រិតខ្ពស់ដែរ។ ពួកយើងមិនអាចនៅដដែលៗរាល់ឆ្នាំបានទេ យើងត្រូវការអ្វីមួយដែលស្ដង់ដារ។
«ខ្ញុំឃើញថាការរៀបចំបានល្អនៃក្រុមហ៊ុនលីគដែលគាត់ចូលមក តែអ្វីដែលទន្ទឹងរង់ចាំមើល តើក្លិបដែលកាត់មកទាំងអស់នោះ និងក្លិបដែលចូលរួមលីគ២ឆ្នាំនេះ រៀបចំខ្លួនដើម្បីក្លាយជាក្លិបមួយអាជីព ដែលក្លាយទៅជាក្រុមហ៊ុនបាល់ទាត់ ក្លាយជាក្លិបមួយដែលលីគចង់បាន»។
«ខ្ញុំគិតថា សម្រាប់មកោះកុង យើងមានគោលដៅរបស់យើង គឺគោលដៅឡើងទៅលីគធំ Cambodian Premier League នៅឆ្នាំក្រោយ។អ្វីដែលជាឧបសគ្គនៃគោលដៅរបស់យើងគឺការចំណាយ។ បើយើងមានអ្វីសម្រាប់ចំណាយ និងការរៀបចំល្អ យើងអាចមានការប្រកួតប្រជែង ដើម្បីសម្រេចនៃគោលដៅរបស់យើង»។