ម្ចាស់ក្លិបហាត់ប្រាណ The King Gym លោក សំបូរ សុភ័ណ្ឌ បានបង្ហាញលក្ខខណ្ឌមួយចំនួន៣ដើម្បីចូលទៅសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដើម្បីធ្វើការដោះស្រាយដោយសន្តិវិធីនូវបញ្ហាកើតឡើងកាលពីប៉ុន្មានថ្ងៃមុន (ចុចទីនេះ)។
ម្ចាស់ក្លិបហាត់ប្រាណរូបនេះបានសរសេរក្នុងទំព័រហ្វេសបុករបស់ខ្លួនថា ៖«កាលពីថ្ងៃម្សិលមិញ( 19,01,2023 )ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម បានចេញជាសារព័ត៌មានមួយ សុំឱ្យខ្ញុំទៅដោះស្រាយដោយសន្តិវិធីនៅទីតាំងសហព័ន្ធកាយវប្បកម្ម ។ ថ្ងៃដដែល ខ្ញុំក៏យល់ព្រមដោយស្នើឱ្យមានលក្ខខណ្ឌមួយចំនួនដូចខាងក្រោមៈ
1_ខ្ញុំទៅជាមួយមេធាវីផ្ទាល់ខ្លួនរបស់ខ្ញុំ
2_បងប្អូនដែលជាកីឡាករកាយវប្បកម្មអាចមានសិទ្ធិទៅចូលរួមទាំងអស់គ្នាបានដើម្បីដឹងឮជាសាធារណៈ។
3_អ្នកសារព័ត៌មានអាចទៅចូលរួមជាមួយគ្នាដើម្បីយកព័ត៌មានជាក់លាក់ឱ្យមហាជនបានដឹងទូលំទូលាយទាំងអស់គ្នាអំពីការពិតើ
លោកបន្តថា៖«យ៉ាងណាក្ដី! ខាងសហព័ន្ធបានយល់ព្រម ប៉ុន្តែព្រឹកថ្ងៃទី២០ខែមករានេះ សហពន័្ធកាយវប្បកម្មបានផ្ញើលិខិតអញ្ជើញបែរជាផ្ទុយពីលក្ខខណ្ឌដូចខាងលើទៅវិញ ដោយសហព័ន្ធចង់ធ្វើបែបស្ងាត់ៗ និងឲ្យខ្ញុំទៅតែម្នាក់ឯង ខុសពីលក្ខខណ្ឌដែលសហព័ន្ធបានយល់ព្រម»។
លោកបានបញ្ជាក់ដាច់ខាតថា ៖«បើសហព័ន្ធមិនព្រមតាមសំណើខាងលើនេះទេ ខ្ញុំមិនទៅចូលរួមនោះទេ ព្រោះរឿងនេះវាអយុត្តិធម៌ហើយប៉ះពាល់ដល់កិត្តិយសខ្ញុំបាទយ៉ាងធ្ងន់ធ្ងរណាស់»។
រឿងរយីងរយោងនេះកើតឡើង បន្ទាប់មានព័ត៏មានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចដកកីឡាកាយវប្បកម្ម ចេញពីការប្រកួតហើយ ក្រោយសហព័ន្ធរកឃើញកីឡាករ ២រូប ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់(ដូភីង) ប្រភេទ Steroids កំឡុងការប្រកួតកីឡាជាតិ លើកទី៣ កាលពីថ្មីៗនេះ ៕