ads
ads
គឹម សុខយុទ្ធនិយាយអំពីគ្រាប់បាល់ស៊ុតចូល៖ «គ្រូប្រាប់ថា​បើមានបាល់នៅដំបូលទូក ទាត់​តម្រង់ទីទៅ កុំទុកយូរពេក»
១៣-មិនា-២០២២

ក្រុមព្រះខ័នរាជស្វាយរៀងបាន​យក​ឈ្នះ​ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនក្នុងលទ្ធផល​៣ទល់១​នៅ​កីឡដ្ឋាន Smart RSN ក្នុងពានរង្វាន់ Cambodian Premier League 2022 សប្ដាហ៍​ទី​២ ខណៈខ្សែបម្រើវ័យក្មេង គឹម សុខយុទ្ធបាន​បង្ហាញគំនិតរបស់​ខ្លួន​អំពី​ការ​ស៊ុត​គ្រាប់​បាល់​ដ៏​អស្ចារ្យពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់កាល​ពី​ម្សិលមិញ។

ឆ្លើយឆ្លងជាមួយអ្នក​យកព័ត៌មានរបស់ B8 Sport សុខយុទ្ធថ្លែងបែបនេះ៖«​រំភើបហើយសប្បាយចិត្ត​ដែល​បានទាត់​ចូល​ហើយ​យក​ឈ្នះក្រុមការពារតំណែងជើងឯក​ទៀត​ផង ព្រោះតែ​ពួកគេ(ភ្នំពេញក្រោន)ជាក្រុមខ្លាំង»។

«សប្បាយចិត្តពេក! មិននឹកស្មានថាខ្លួនឯងអាចស៊ុតចូល! គ្រូគាត់​តែងតែប្រាប់​ថា បាល់​លើដំបូលទូកឱ្យឧស្សាហ៍ទាត់ កុំ​ទុក​យូរ​ពេក…គាត់​ឱ្យ​ទាត់ទៅ។អ្វីដែលសំខាន់​យើងបាន​ឈ្នះក្រុម​ខ្លាំងដែល​ជាក្រុមជើងឯកឆ្នាំមុន!​សប្បាយចិត្តខ្លាំង រក​ពាក្យអ្វីនិយាយមិនបាន…»។

លើស​ពី​នេះ! ខ្សែបម្រើវ័យក្មេងដែលចាប់​ដៃគូជាមួយខ្សែបម្រើឆ្នើម មិន រតនៈបាន​បង្ហាញ​អំពី​កកម្រិតនៃការ​សហការ​គ្នាក្នុងក្រុមទាំងមូលផង​ដែរ។

«ចំពោះការ​យល់​ចិត្ត​គ្នាវិញ! ការ​ប្រកួត​ទី​មួយមិន​សូវ​ល្អប៉ុន្មាន​ទេ​ដោយសារ​ប្រកួតដំបូងសម្រាប់​យើង។ ប្រកួត​ទី​២​នេះ​យើងយល់​ចិត្ត​គ្នា​បានបណ្ដើៗហើយ ខណៈថា​ពី​មុន(ប្រកួតមុន)បាន៥០%​ ប្រកួត​នេះ​យើង​បាន​៧០​ទៅ​៨០​%ហើយ។ ប្រកួត​ទី​២​នេះ​យើងបាន​កែតម្រូវចំណុចខ្វះខាត​នៅក្នុងការ​ប្រកួត​ទី​មួយ ហើយ​ប្រកួត​ក្រោយ​យើង​បាន​១០០%​ហើយ”។

“ចំពោះការរ​លេង​ជាក្រុម​យើង​ធ្វើបានល្អ ព្រោះយើង​លេង​លើ​ទីលានជ្រោមជ្រែងគ្នាទៅ​វិញ​ទៅ​មក ពិសេស​យើង​លេង​ក្នុងជំហរកៀកជិតគ្នា។ ពេល​ដែល​យើង​គ្រប់​គ្រងបាល់ យើង​សង់តង់គ្នា។ គិត​មក​ដល់​ពេល​នេះ​ Team Work របស់​យើងអាចមាន​ពី​៧០​ទៅ​៨០ភាគរយហើយ”។

៣​គ្រាប់របស់ក្រុមមានមូលដ្ឋានមក​ពី​ខេត្តស្វាយរៀង​រក​បាន​ដោយ​កីឡាករ ឡុង ភារ៉ាត់​នាទីទី៥ សារ៉េត គ្រីយ៉ានាទី២៧​និង​ខ្សែបម្រើវ័យក្មេង គឹម សុខយុទ្ធនៅ​នាទី៣៣។ មួយ​គ្រាប់​របស់​ភ្នំពេញក្រោនរក​បាន​ដោយ​កីឡាករ Fareed Sadat នៅ​នាទី១១៕

ads
ads