ads
ads
កែវ សុខផេង ជាប់ឈ្មោះក្នុងកីឡាករគួរចាប់អារម្មណ៍ទាំង៥រូប នៅ AFC CUP 2022 ASEAN Zone
២២-មិថុនា-២០២២

ខ្សែប្រយុទ្ធស្លាបក្រុមវិសាខា និងជម្រើសជាតិកម្ពុជា កីឡាករ កែវសុខផេង ត្រូវបានទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី the-afc.com ជ្រើសរើសជាកីឡាករឆ្នើម ០៥រូបដែលគួរចាប់អារម្មណ៍ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ AFC CUP 2022 ក្នុងចំណោមកីឡាករឆ្នើមៗដ៏ទៃទៀតនៃក្លិបបាល់ទាត់អាជីពនៅតំបន់អាស៊ានចំនួន១១ ដែលប្រកួតប្រជែងក្នុងពានកម្រិតអាស៊ីមួយនេះពីពូល G ដល់ពូល I ដែលចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៤ ខែមិថុនានេះតទៅ។

គេហទំព័រ the-afc.com បានចុះផ្សាយថា៖ «តារាបាល់ទាត់កម្ពុជាមួយរូប ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ កែវ សុខផេង ត្រៀមបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ AFC Cup នៅអាយុ ៣០ឆ្នាំ ខណៈដែលទាំងរូបគេ និងក្លិបវិសាខា បោះជំហានទៅកាន់ការប្រកួតដែលពួកគេមិនដែលបានប្រកួតប្រជាងពីមុនមក។»

ទំព័រដដែលក៏បានលើកឡើងថា កែវ សុខផេង បានចូលក្នុងការប្រកួតនេះ បន្ទាប់ពីបានចូលលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការជម្រុះពានរង្វាន់ AFC Asian Cup 2023 ដែលគាត់បានរកគ្រាប់បាល់តាមស្មើ ជួយឲ្យក្រុមដែលដឹកនាំដោយលោក Keisuke Honda ក្នុងលទ្ធផលស្មើ ២-២ ទល់នឹងអាហ្វហ្គានីស្ថាន។

កីឡាករឆ្នើមៗផ្សេងៗទៀតដែលត្រូវបាន the-afc.com លើកឡើងរួមមាន៖ ខ្សែប្រយុទ្ធ Ilija Spasojevic ឥណ្ឌូនេស៊ីសញ្ជាតិដើមម៉ុងតេណេ វ័យ៣៤ឆ្នាំ (Bali United) ,ខ្សែបម្រើវៀតណាមវ័យ២៤ឆ្នាំ Nguyen Hoang Duc (Viettel FC) , ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន វ័យ៣០ឆ្នាំ Ronald Ngah (Kedah Darul Aman),និង ខ្សែប្រយុទ្ធBoris Kopitovic (Tampines Rovers) សញ្ជាតិ ស៊ែប៊ី-ម៉ុងតេណេហ្គ្រោបច្ចុប្បន្នមានវ័យ២៧ឆ្នាំ៕

 

ads
ads