ខ្សែការពារស្លាបជម្រើសជាតិកម្ពុជា និងក្លិបវិសាខា កីឡាករ កែន ចាន់សុភ័ក្របាននិយាយថា ការប្ដូរតួនាទីលេងក្នុងតំណែងពីខ្សែការពារស្លាបមកលេងក្នុងតំណែងប្រយុទ្ធវាមិនមែនជាការពិបាកពេកនោះទេ ពីព្រោះការពារស្លាបគឺជាតំណែងមួយដែលតែងតែមកជំនួយក្នុងតំបន់ប្រយុទ្ធ ជួយក្នុងការបញ្ជូនបាល់ និងចុះឡើងញឹកញាប់។
មែនទែនទៅ! អតីតខ្សែការពារភ្នំពេញក្រោនរូបនេះគឺជាខ្សែការពារទេ ទាំងនៅក្លិបនិងជម្រើសជាតិទាំងឈុតតូចនិងធំ ប៉ុន្តែ២ប្រកួតចុងក្រោយនៅវិសាខា លោក លី តែហ៊ុនបានដាក់រូបគេក្នុងតំបន់ប្រយុទ្ធ ដោយសារតែគាត់មើលឃើញពីការចំណេញ(ចំនួនលើស)ក្នុងតំបនប្រយុទ្ធ ហើយកីឡាកររូបនេះមានទេពកោសល្យប្រយុទ្ធល្អជាង អ៊ុក សុវណ្ណ។ ល់ើសពីនេះ! ខ្សែប្រយុទ្ធបរទសរបស់ក្លិបមានការខ្វះខាតក្នុងតំបន់នេះ ដែលត្រូវតែធ្វើយ៉ាងណា រក្សាតុល្យភាព ពីការពារទៅប្រយុទ្ធឱ្យបានល្អ។
ឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មានរបស់ B8 Sport កីឡាកររូបនេះថា«ចំពោះការផ្លាស់ប្ដូរនេះ គឺពេលខ្ញុំនៅតំបន់ខាងលើ (ប្រយុទ្ធ) ខ្ញុំអាចចុះមកជួយការពារបាន ព្រោះខ្ញុំចុះឡើងបានលឿន ហើយខ្ញុំអាចប្រយុទ្ធបានល្អផងដែរ»។
«ការផ្លាស់ប្ដូរតួនាទីលេងនេះ ខ្ញុំគិតថាវាប្លែកដែរ តែវាមិនជាពិបាកប៉ុន្មានទេ ព្រោះរាល់ឆ្នាំ ពេលខ្ញុំលេងនៅក្រោមក៏ខ្ញុំបានជួយនៅខាងលើដែរ អញ្ចឹងវាមិនពិបាកអីប៉ុន្មាននោះទេ»។
បន្ទាប់ពីប្ដូរពីការមកលេងប្រយុទ្ធនេះ វិសាខារក្សាកំណត់ត្រាមិនទាន់ចាញ់នោះទេក្នុង២ប្រកួតចុងក្រោយដោយយកឈ្នះគិរីវង់សុខសែនជ័យ ៥ទល់០ និងស្មើជាមួយភ្នំពេញក្រោន០ទល់០។ ក្នុងជ័យជម្នះលើក្រុមមានមូលដ្ឋាននៅខេត្តតាកែវ សុភ័ក្រក៏រកបានមួយគ្រាប់ដែរ ក្នុងចំណោម៥គ្រាប់នោះ៕