អ្នកចាំទី Kawin Thamsatchanan គឺជាកីឡាករថៃម្នាក់ក្នុងចំណោមកីឡាករថៃលើសអាយុទាំងបីនាក់ ដែលនឹងចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ហើយគាត់នឹងពាក់ស្លាកដៃប្រធានក្រុមក្នុងការប្រកួតនេះ។
អ្នកចាត់ការទូទៅជម្រើសជាតិថៃអ្នកស្រី Madam Pang បញ្ជាក់ថា អ្នកចាំទី Kawin Thamsachanan (អាយុ ៣២ឆ្នាំ) នឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ហើយកីឡាករលើសអាយុរបស់ U23 ថៃ ២រូបទៀតនៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ខណៈកំពុងផ្សាយផ្ទាល់តាម facebook កាលពីម្សិលមិញ (២៦ មេសា) Madam Pang ត្រូវបានអ្នកគាំទ្រថៃសួរអំពីបញ្ជីឈ្មោះកីឡាករទាំង២០រូបដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ហើយអ្នកចាត់ការរូបនេះបានចែករំលែកថា៖
«Kawin Thamsachanan គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបីនាក់ដែលលើសអាយុ ទៅចូលរួមស៊ីហ្គេមលើកទី៣១ ពីរនាក់ទៀតនឹងប្រកាសនៅពេលក្រោយ។ Kawin នឹងពាក់អាវប្រធានក្រុម ព្រោះលើកចុងក្រោយដែលគាត់កាន់តួនាទីនោះ U23 ថៃឈ្នះមេដាយមាស»។
Kawin Thamsatchanan កំពុងលេងឱ្យក្រុមលីគថៃ Port FC ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប OH Leuven (បែលហ្សិក)។ Kawin ជាអ្នកចាំទីលេខមួយរបស់ថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់និងជម្រើសជាតិថៃឈ្នះជើងឯក AFF Cup 3 ដង (2014, 2016 និង 2020)។ លើសពីនេះ អ្នកចាំទី Kawin ក៏បានឈ្នះមេដាយមាស SEA Games លើកទី២៧ ជាមួយ U23 ថៃផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Kawin បានបាត់បង់តំណែងផ្លូវការក្នុងក្រុមថៃដោយសារបញ្ហារបួស និងទម្រង់លេងធ្លាក់ចុះ។ ក្នុងពាន AFF Cup 2020 គាត់លេងបានតែ១ដងគត់នៅលើទីលាន ក្រោយចូលពីកៅអីបម្រុង។ ថ្មីៗនេះ Kawin ក៏រងការរិះគន់ផងដែរចំពោះកំហុសដែលនាំអោយមានគ្រាប់បាល់ចូលទីខ្លួនឯងក្នុងការប្រកួតរវាង Port និង Ratchaburi (ថ្ងៃទី 9 ខែមេសា)។
ក្នុងបញ្ជីឈ្មោះ ៥០នាក់ ដែលត្រូវបានកោះហៅជាបឋមឱ្យទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ របស់ U23 ថៃ មានកីឡាករលើសអាយុផ្សេងទៀត រួមមាន Sarach Yooyen, Worachit Kanitsribampen, Phitiwat Sukjitthammakul និង Weerathep Pomphan ។ ក្នុងនោះ Weerathep (អាយុ 25 ឆ្នាំ) និង Worachit (អាយុ 24 ឆ្នាំ) ត្រូវបានគេរំពឹងថានឹងឈ្នះកៅអីលើសចំនួន 2 ដែលនៅសល់។
ក្រៅពីនេះកីឡាករថៃ៣រូបដែលទៅលេងនៅបរទេសគឺ Jonathan Khemdee, Ben Davis និង Chayapipat Supunpasuch កំពុងធ្វើដំណើរទៅផ្ទះដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១។
នៅស៊ីហ្គេមលើកទី៣១ ថៃ U23 ស្ថិតក្នុងពូលជាមួយម៉ាឡេស៊ី កម្ពុជា សិង្ហបុរី និងឡាវ។ U23 ថៃត្រូវបានគេរំពឹងថានឹងចេញដំណើរទៅវៀតណាមនៅថ្ងៃទី ៤ ខែឧសភា។ ពួកគេនឹងហោះហើរទៅកាន់ទីក្រុងហាណូយ បន្ទាប់មកធ្វើដំណើរទៅកាន់ទីក្រុង Nam Dinh ដើម្បីត្រៀមប្រកួតបើកឆាកជាមួយក្រុម U23 ម៉ាឡេស៊ី (ថ្ងៃទី ៧ ឧសភា)៕