ពិតជាយីអ៊ុនដាក់ អារក្សជាន់មែន មិនត្រឹមតែគ្មានការងារធ្វើប៉ុណ្ណោះទេ លោក Jose Mourinho ក៏កំពុងប្រឈមនឹងបញ្ហាលុយកាក់ដែរថែមទៀត។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ដែលទើបត្រូវបានក្លិប Roma បណ្តេញចេញកាលពីខែមុននេះ ត្រូវរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ពីអាជ្ញាធរពន្ធដាររបស់ប្រទេសអេស្ប៉ាញ បើទោះជាគាត់ទំនងជាមានលុយគ្រប់គ្រាន់សម្រាប់សងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Mourinho មានបណ្តឹងបើកចំហមួយដែលគាត់បានប្តឹងឧទ្ធរណ៍ពីការគេចពន្ធពីអំឡុងឆ្នាំ ២០១០-១២ នៅពេលដែលគាត់ដឹកនាំក្លិប Real Madridក៏ប៉ុន្តែបណ្តឹងឧទ្ធរណ៍របស់គាត់ត្រូវបានបដិសេធដោយតុលាការកំពូលហើយគាត់នឹងត្រូវបង្ខំឱ្យបង់ប្រាក់ពិន័យចំនួនជាង៧១ម៉ឺនដុល្លារបន្ថែមពីលើការទូទាត់ចំនួនជាង១លានដែលសរុបទាំងអស់ចំនួន ១,៨លានដុល្លារ។
ខណៈដែលគាត់បានរួចផុតពីការចោទប្រកាន់ជុំវិញករណីបង់ពន្ធក្នុងឆ្នាំ ២០១០ អាជ្ញាធរពន្ធបានរកឃើញថាគាត់មិនបានបង់ពន្ធត្រឹមត្រូវសម្រាប់ឆ្នាំ ២០១១ និង ២០១២ ។ គាត់បានចោទប្រកាន់ថា Real Madrid បានបង់ថ្លៃឈ្នួលភ្នាក់ងារទៅ Jorge Mendes ដោយមិនគិតជាមួយប្រាក់ឈ្នួលរបស់គាត់ទេ។
លោក Mourinho ក្លាយជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះខ្ពស់ចុងក្រោយគេក្នុងប្រទេសអេស្ប៉ាញ ដែលបានប្រព្រឹត្តកំហុសចំពោះការបង់ពន្ធ។
គួររំឭកថានៅក្នុងប្រទេសអេស្ប៉ាញ ស្ទើរតែគ្រប់កីឡាករ និងគ្រូបង្វឹកដែលទៅធ្វើការឬលេងនៅទីនោះតែងតែប្រឈមមុខជាមួយនឹងការបង់ពន្ធ៕