ប្រធានក្លិប អាយ អេស អាយដង្កោសែនជ័យ លោក កាំង សេន បានបង្ហាញមូលហេតុអ្នកគាំទ្រភ្លូកទឹកភ្លូកដីទៅទស្សនាការប្រកួតក្នុងកីឡដ្ឋាន AIA Stadium, KMH Park ថ្មីកាលពីរដូវកាល២០២២ក្នុងលីគទី២កន្លងទៅ ត្បិតតែកីឡដ្ឋានមួយនេះចាប់ផ្ដើមបដិសន្ធិចុងក្រោយគេក៏ដោយ។
ប្រធានក្លិបរូបនេះបានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៏មាន B8-Sport.net ថា៖ «សម្រាប់អ្នកគាំទ្រដែលចូលមើល យើងមិនរំពឹងបែបនេះទេ។ កីឡដ្ឋានយើងសាងសង់ដែលមានកៅអី៣០០០នាក់នេះ គឺសម្រាប់តែរដូវកាលក្រោយទេ»។
លោកបន្តថា៖ «យើងរំពឹងថាមានអ្នកមើលត្រឹមតែ១៥០០នាក់ឬជាងពាក់កណ្ដាល តែការប្រកួតក្នុងកីឡដ្ឋានបើកឱ្យចូលដំបូងនិងការប្រកួតចុងក្រោយចុងក្រោយ មានអ្នកមកមើលពេញ អញ្ចឹងហើយយើងដុតដៃដុតជើងបន្ថែមទៀត ដោយសារយើងដឹងថាយើងមានទីតាំងដែលមានសក្ដានុពល ងាយស្រួលពួកគាត់ធ្វើដំណើរមកមើល»។
ប្រធានក្លិបរូបនេះបន្តទៀតថា៖ «យើងមានទីលានស្រស់ស្អាត ពួកគាត់ចូលមកគាត់អាចអង្គុយមើលប្រកបដោយផាសុខភាព កន្លែងអង្គុយទំនើប បន្ទប់ទឹកស្អាត និងមានសុវត្ថិភាពក្នុងការចេញចូល។ ភាពទាក់ទាញនៃការប្រកួតជាផ្នែកមួយ ទោះយើងមិនទាន់លេងប៉ះក្រុមខ្លាំងៗក្នុងលីគកំពូល តែយើងលេងប្រកបដោយភាពទាក់ទាញ ក្នុងតំបន់របស់យើងដែលមិនមានពីមុន ហើយពេលយើងលេងក្នុងលីគកំពូលយើងនឹងកាន់តែទាក់ទាញថែមទៀត និងស្រូបយកអ្នកគាំទ្របន្ថែមទៀត»។
«នេះជាកត្តាបីដែលយើងបានដឹងដែលធ្វើឱ្យអ្នកគាំទ្រមក ហើយក្រៅពីកត្តាខាងលើ មានរឿងបន្ទាប់បន្សំថែមទៀតគឺសេវាកម្មនៃការទទួលភ្ញៀវជាដើម ការចូលមកមានសេវាកម្មល្អ បទពិសោធន៍នៃការលក់ ទិញសំបុត្រ ចែកចាយសំបុត្រ ការតម្រង់ជួរចូល ការរៀបចំឱ្យមានភាពងាយស្រួលក្នុងការចូល ពិសេសមានម្ហូប មានទឹកដែលងាយស្រួលទិញនៅបរិវេណទីលាន និងក្នុងទីលានដែលងាយស្រួកឱ្យពួកគាត់ងាយស្រស់ស្រូបអាហារ»។
កីឡដ្ឋាន AIA Stadium, KMH Park ទើបតែបើកឱ្យអ្នកគាំទ្រចូលទស្សនាចុងរដូវកាល២០២២ ក្នុងលីគទី២កម្ពុជា ខណៈការប្រកួតចុងក្រោយប៉ះជាមួយក្រុមនគរបាលជាតិមានអ្នកទស្សនា៣០៥៨នាក់ដែលជាចំនួនច្រើនជាងគេលំដាប់ទី២ ខណៈជំនួបអាយ អេស អាយ ដង្កោសែនជ័យប៉ះសាលាបាល់ទាត់ជាតិបាទីមានអ្នកទស្សនាច្រើនជាងគេបំផុតគឺដល់ទៅ ៣២៩៦នាក់។
រូបភាព៖ ISI Dangkor Senchey FC