កាលពីយប់ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២២ ក្លិបបាល់ទាត់អាយ អេស អាយ ដង្កោសែនជ័យបានបង្កើតកម្មវិធីមួយឈ្មោះ ថា Football Street Art ដែលបង្ហាញពីគំនូរ និងអត្ថន័យផ្សេង និងមូលហេតុនៃការគូសគំនូរនៅតាមជញ្ជាំងរបស់កីឡដ្ឋាន AIA KMH Park ។
កម្មវិធីនេះមានការចូលរួមពីប្រធានក្លិប អគ្គលេខាធិការក្លិបនានាក្នុងបាល់ទាត់កម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។ លោក កាំង សេនប្រធានក្លិបខាងលើបានបង្ហាញមូលហេតុក្នុងការធ្វើពិធីមួយនេះ និងមានការគូសគំនូរតាមជញ្ជាងរបស់កីឡដ្ឋានថា៖
«ការបង្កើតឱ្យមានគំនូរតាមជញ្ជាំង និងបង្កើតឱ្យមានគំនូរបែបនេះឡើង លោកចង់បង្កើនសោភ័ណភាពក្នុងកីឡដ្ឋាន លើកស្ទួយសិល្បៈគំនូរតាមជញ្ជាំង ដែលជាចំណុចទាក់ទាញមួយសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលមកកាន់កីឡដ្ឋាន AIA KMH Park មិនត្រឹមតែរីករាយជាមួយបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីករាយក្នុងការទស្សនាសិល្បៈគំនូររចនាបថខ្មែរ ដែលពួកគេអាចថតរូប និងមកទស្សនាបាន»។
លោកបន្តថា៖« ផ្ទាំងគំនូរតាមជញ្ជាងទាំងអស់នេះសុទ្ធតែគូតាមរចនាបទសិល្បៈខ្មែរ សត្វក្នុងអទិទេព ដែលមានក្នុងរចនាបទបុរាណក្នុងសម័យអង្គរ។ ក្លិបបាល់ទាត់ភាគច្រើន តែងតែយកសត្វណាមួយមកធ្វើជាតំណាងរូប ឡូហ្គោរបស់ខ្លួន ហើយរូបទាំងនេះបញ្ជាក់ពីការភ្ជាប់គ្នារវាងសិល្បៈនិងកីឡា»។
ប្រធានក្លិបរូបនេះបន្តថា សម្រាប់តម្លៃនៃការគូសគំនូរនេះក្លិបអាចចំណាយបាន ហើយគំនូរទាំងអស់បានចំណាយពេលច្រើនខែមកដែរ ហើយពេលនេះរួចរាល់អស់ហើយ។ សាធារណជនអាចមកទស្សនា ថតរូបបានដោយសេរីទៀតផង៕