លីគបាល់ទាត់ម៉ាឡេស៊ី (MFL) បានដាក់ពិន័យ Perak FC ដែលជាក្លឹបនៅលីគកំពូលម៉ាឡេស៊ី ដោយកាត់ចេញ ៣ ពិន្ទុ ដោយសារខកខានមិនបានបើកប្រាក់បៀវត្សរ៍ដែលនៅសល់របស់កីឡាករ និងមន្ត្រីនៃក្រុមសំខាន់ និងក្រុមបម្រុង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។
ស្ថាប័នឯករាជ្យ First Instance Body (FIB) ថ្ងៃនេះបានប្រកាសថា Perak FC ត្រូវបានកាត់ចេញភ្លាមៗចំនួន 3 ពិន្ទុសម្រាប់ការប្រកួត Liga Premier Malaysia 2022 សម្រាប់ការខកខានមិនបានបើកប្រាក់បៀវត្សរ៍ដែលនៅសល់របស់កីឡាករ និងមន្ត្រីនៃក្រុមសំខាន់ និងក្រុមបម្រុង រហូតដល់ខែវិច្ឆិកា ឆ្នាំ 2021 ដោយផ្អែកលើសេចក្តីប្រកាសលក្ខន្តិកៈ (SD) ដែលដាក់ជូនដោយ Perak FC ចុះថ្ងៃទី (15 ខែធ្នូ ឆ្នាំ 2021)។
នាយកប្រតិបត្តិនៃលីគបាល់ទាត់ម៉ាឡេស៊ី (MFL) លោក Stuart Ramalingam បង្ហើបថាក្រុម Perak FC ឥឡូវនេះប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចេញពី Malaysia League 2022 ប្រសិនបើពួកគេបរាជ័យក្នុងការដោះស្រាយបញ្ហាជំលោះប្រាក់ខែនៅថ្ងៃទី 31 ខែមីនា (ម្សិលមិញ)។
យោងតាមរបាយការណ៍ពី Sinar Harian ក្រុមមួយនេះពិតជាមានបញ្ហាពីរដែលត្រូវដោះស្រាយពាក់ព័ន្ធនឹងការជំពាក់ប្រាក់ខែក្នុងរដូវកាល 2021 និងរដូវកាល 2022 ផងដែរ។
“តាមពិតទៅ មានបញ្ហាពីរដែល Perak FC កំពុងជួបប្រទះនៅពេលនេះ គឺបញ្ហាបំណុលកាលពីឆ្នាំមុន (2021) និងបញ្ហាជំពាក់ប្រាក់ខែសម្រាប់រដូវកាល 2022។
“ទោះជាយ៉ាងនេះក្តី បញ្ហាប្រាក់ខែដែលមិនបានបើកក្រៅពីការជំពាក់ប្រាក់បៀវត្សរ៍សម្រាប់រដូវកាលឆ្នាំ 2022 គឺជាបញ្ហាដែលបានទាក់ទាញការចាប់អារម្មណ៍របស់យើង ហើយយើងក៏បានទាក់ទងជាមួយ Perak FC អំពីរឿងនេះផងដែរ”។
លោកបានប្រាប់ Sukan Sinar ថា៖ “ដូច្នេះហើយ ការបរាជ័យរបស់ Perak FC ក្នុងការដោះស្រាយបញ្ហាការទូទាត់ រួមទាំងការជំពាក់ប្រាក់បៀវត្សរ៍ នឹងធ្វើឱ្យក្លឹបត្រូវដកចេញពីការប្រកួត M-League” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាកីឡាករ Perak មិនបានទទួលប្រាក់ខែអស់រយៈពេលពីរខែ។ ពួកគេក៏ប្រឈមមុខនឹងបញ្ហានៃការមិនត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើកីឡាករថ្មីដោយសារតែបំណុលចំនួនជិត៤៣ម៉ឺនដុល្លារ ដែលមិនត្រូវបានដោះស្រាយ។ជាក់ស្តែង បញ្ហានេះក៏ទទួលបានការចាប់អារម្មណ៍ពីសមាគមកីឡាករបាល់ទាត់អាជីពម៉ាឡេស៊ី (PFAM) ដែលបានជួយរកដំណោះស្រាយផងដែរ។
ក្រៅពីបញ្ហាជំពាក់ប្រាក់ខែសម្រាប់រដូវកាល២០២២ Perak FC ក៏ប្រឈមនឹងបញ្ហាប្រាក់ខែដែលមិនបានបើកកាលពីឆ្នាំមុនដែរ។ លោក Stuart បាននិយាយថា “បញ្ហានេះក៏អាចបណ្តាលឱ្យ Perak FC ត្រូវបានកាត់ចេញចំនួនបីពិន្ទុផងដែរ ដែលជាការដាក់ទណ្ឌកម្មលើកដំបូងក្នុងរយៈពេលពីរបីថ្ងៃ” ។