លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតនេះគឺជាការត្រៀមខ្លួនសម្រាប់ចូលរួមវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2023 នៅប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខ ។
លោករំពឹងថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អប្រសើរក្នុងការប្រកួតនេះ ទោះបីលោកបានមើលឃើញពីភាពខ្លាំងរបស់ក្រុមទីម័រខាងកើតយ៉ាងណាក៏ដោយ។ «យើងមានការប្រកួតដ៏សំខាន់នៅឥណ្ឌា ហើយការប្រកួតនេះពិតណាស់គឺជាការប្រកួតដើម្បីត្រៀម ប៉ុន្តែយើងត្រូវតែឈ្នះទីម័រ ពីព្រោះយើងបានចាញ់នៅក្នុងការប្រកួត U-23 កាលពីខែកុម្ភៈ។ ខ្ញុំប្រាកដណាស់ វានឹងក្លាយជាការប្រកួតដ៏ពិបាក ពីព្រោះពួកគេជាក្រុមដ៏ល្អ និងមានកីឡាករមានទេពកោសល្យជាច្រើន។ ដូចដែលអ្នកបានដឹងហើយ ពួកគេគឺជាក្រុមដែលមានបច្ចេកទេសល្អ មាឌមិនធំ ហើយក៏មិនជាខ្ពស់ ប៉ុន្តែពួកគេពិតជាមានជំនាញ។ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ចំណុចខ្លាំងរបស់គេ ហើយនិងឆ្លងកាត់ចំនុចខ្លាំងមួយចំនួន ដើម្បីត្រៀមសម្រាប់ការប្រកួតដ៏សំខាន់នៅប្រទេសឥណ្ឌា»។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិផ្លូវការ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនាវេលាម៉ោង ៧យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះគឺជាការប្រកួតក្នុងស្រុកលើកដំបូងរបស់ក្រុមធំនៃក្រុមគោព្រៃកម្ពុជា សម្រាប់រយៈពេលជាង ២ឆ្នាំចុងក្រោយបន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០ កន្លងទៅ។
ជំនួបមិត្តភាពអន្ដរជាតិនេះនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៧យប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងមានការផ្ទាល់ដោយក្រុមការងារទូរទស្សន៍ BTV-News។ បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្ដរជាតិនេះ ក្រុមគោព្រៃកម្ពុជាគ្រោងនឹងធ្វើដំណើរទៅប្រទេសឥណ្ឌានាពេលឆាប់ៗ ដើម្បីចូលរួមប្រកួតវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2023 ដែលកម្ពុជាស្ថិតក្នុងពូល D ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន ខណៈការប្រកួតនឹងធ្វើឡើងពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕