«ខ្ញុំចង់ឃើញកម្ពុជាទៅលេងនៅ World Cup មុនពេលខ្ញុំស្លាប់»នេះជាសម្ដីរបស់លោក Keisuke Honda និយាយទៅកាន់កីឡាកររបស់លោកក្នុងពិធីសំណេះសំណាលក្រោយការប្រកួតរបស់ជម្រើសជាតិកម្ពុជា ខណៈដែលលោកនឹងអស់ភារកិច្ចក្នុងការដឹកនាំក្រុមឈុតហើយ។
លើសពីនេះ តាមរយៈវីដេអូឃ្លីបដែលផុសដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកបានផ្ដាំផ្ញើឱ្យក្រុមកីឡាករកម្ពុជាខំប្រឹងហ្វឹកហាត់ ស្គាល់ខ្លួនឯង ហើយធ្វើឱ្យបានល្អបំផុតក្នុងការប្រកួតក្រោយៗផងដែរ។
លើសពីនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក(បានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅ លោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ” នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣ នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ”។
លោក Keisuke Honda នឹងបន្តភារ:កិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា “អាយុក្រោម ២២ឆ្នាំ” ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។