Emmanuel Petit បាននិយាយថា Harry Maguire គួរតែផ្លាស់ប្តូរចេញ Manchester United ទៅ Chelsea នៅរដូវក្តៅនេះទៅ ពីព្រោះពេលនេះបើគាត់នៅបន្តក៏មានបញ្ហាក្នុងចិត្តដែរ។
អតីតខ្សែបម្រើក្រុម Arsenal និងក្រុមតោខៀវជឿជាក់ថាកីឡាករវ័យ 29 ឆ្នាំរូបនេះត្រូវបាន “បំផ្លាញផ្លូវចិត្ត” នៅ Old Trafford បន្ទាប់ពីបង្ហាញគុណផលលេងមិនល្អនៅក្លិប។ បន្ទាប់ពីខកចិត្តក្នុងការបរាជ័យរបស់បិសាចក្រហមទល់នឹង Brighton និង Brentford លោក Erik ten Hag បានសម្រេចចិត្តទម្លាក់អតីតកីឡាករ Leicester ឱ្យអង្គុយកោអីបម្រុងពេញមួយប្រកួតក្នុងជ័យជម្នះ 2-1 លើ Liverpool កាលពីថ្ងៃច័ន្ទ។
ចំណែកវីរបុរសរបស់ក្រុមបិសាចក្រហមលោក Patrice Evra ជឿជាក់ថាប្រធានក្រុមបិសាចក្រហមបច្ចុប្បន្នអាចនឹងត្រូវធ្វើការផ្លាស់ប្ដូរចេញ ដើម្បីស្វែករកឱកាសលេងដោយទំនុកចិត្ត ចាប់ផ្ដើមសារជាថ្មី ដើម្បីឱ្យតម្លៃផ្ទេរ៨៥លានផោនរបស់គាត់មានតម្លៃបានយូរ។
ការផ្លាស់ប្តូរទៅកាន់ Chelsea ត្រូវបានគេចាប់អារម្មណ៍ ស្របពេលលោក Thomas Tuchel ត្រូវបានគេជឿថាបានកំណត់អត្តសញ្ញាណកីឡាកររូបនេះជាជម្រើសនៅពេលដែលពួកគេមិនអាចទិញបាន Wesley Fofana ។
Petit គិតថាការផ្លាស់ប្តូរបរិយាកាសថ្មីនឹងល្អសម្រាប់ Maguire ដូចដែលគាត់បាននិយាយថាគាត់ត្រូវតែលេងជាទៀងទាត់មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ខាងមុខនេះ។ Petit បាននិយាយផងដែរថា សកម្មភាពផ្ទេររបស់ Chelsea បានធ្វើឱ្យលោក Thomas Tuchel រំខានយ៉ាងខ្លាំង ហើយលោកបាននិយាយក្នុងគេហទំព័រ Bet Fair ថា៖«ប្រសិនបើខ្ញុំជា Maguire ខ្ញុំនឹងមានអារម្មណ៍មិនមានសុវត្ថិភាព និងស្ថិតក្នុងស្ថានភាពលំបាកខ្លាំង»។
«ខ្ញុំបានបាត់បង់ស្លាកដៃ ខ្ញុំមិនមែនជាប្រធានក្រុមទៀតទេ ខ្ញុំបានបាត់បង់កន្លែងនៅក្នុងក្រុម ហើយឥឡូវនេះខ្ញុំនៅលើកៅអីបម្រុង។ នៅពេលខ្ញុំក្រឡេកមើលគាត់ អារម្មណ៍ដំបូងរបស់ខ្ញុំគឺ “បុរសម្នាក់នេះត្រូវបានបំផ្លាញផ្លូវចិត្ត” គាត់មិននៅទីនោះទៀតទេ គាត់ត្រូវតែកសាងផ្លូវចិត្តឡើងវិញ»។
«គាត់ត្រូវតែធ្វើបែបនេះគ្រប់ការប្រកួត ដោយលេងឱ្យបានល្អ ព្យាយាមទទួលបានទំនុកចិត្តពីអ្នកគាំទ្រ ពីមិត្តរួមក្រុម ពីសារពត៌មាន ពីខ្លួនគាត់ ដើម្បីមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុននៅលើទីលាន។»