ខ្សែបម្រើរបស់ Leicester City ដែលបច្ចុប្បន្នកំពុងខ្ចីជើងទៅ Watford, Hamza Choudhury មិនច្រានចោលលទ្ធភាពដែលគាត់នឹងពាក់អាវក្រុមជម្រើសជាតិបង់ក្លាដែសនៅថ្ងៃណាមួយនោះទេ។
ប្រទេសបង់ក្លាដែសដែលស្ថិតនៅអាស៊ីខាងត្បូងមួយនេះ ច្បាស់ជាមិនមែនជាប្រទេសក្រៅឬ បរទេស ចំពោះ Choudhury ទេ ព្រោះម្ដាយរបស់គាត់ជាពលរដ្ឋក្នុងស្រុកកើតនៅ Habiganj ខណៈឪពុករបស់គាត់មកពីប្រទេស Grenada ក្នុងតំបន់ការាបៀន។ ទោះបីជាកើតនៅទីក្រុង Loughborough ចក្រភពអង់គ្លេសក៏ដោយក៏ Choudhury ត្រូវបានគេយល់ថាស្ទាត់ជំនាញក្នុងភាសា Bengali ហើយជារឿយៗបានត្រលប់ទៅបង់ក្លាដែស ដើម្បីទៅលេងគ្រួសារខាងម្តាយរបស់គាត់តាំងពីកុមារភាព។
ស្ថានភាពនេះធ្វើឱ្យគាត់មិនភ្លេចដើមកំណើតរបស់គាត់ឡើយ ទោះបីគាត់ស្រមៃចង់លេងជាមួយក្រុមជម្រើសជាតិអង់គ្លេសក៏ដោយ ដែលជា សុបិនដែលមិនទាន់សម្រេចបានរហូតដល់សព្វថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ Choudhury ដែលបានបង្ហាញខ្លួន 84 ប្រកួតជាមួយក្រុមឈុតធំរបស់ Leicester City ចាប់តាំងពីរដូវកាល 2017/18 បានសារភាពដោយបើកចំហថា ប្រសិនបើគាត់មិនអាចនៅជាមួយក្រុម The Three Lions បានទេ គាត់ពិតជាមានមោទនភាពដែលបាននៅជាមួយក្រុមជម្រើសជាតិបង់ក្លាដែស។
«បាទ ខ្ញុំគិតដូច្នេះ»។ Hamza Choudhury បាននិយាយដោយយោងតាមរបាយការណ៍របស់ Sky Sports ។
«ខ្ញុំចង់ឃើញថាតើខ្ញុំធ្វើបានល្អប៉ុណ្ណាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែខ្ញុំកាន់តែមានមោទនភាព មានកិត្តិយសជាងដែលបានទៅទីនោះ ហើយលេងឱ្យបង់ក្លាដែស ហើយនឹងទៅទីនោះញឹកញាប់ជាង»។
«ប្រហែលជាខ្ញុំនឹងត្រលប់ទៅបង់ក្លាដែសវិញក្នុងកំឡុងវិស្សមកាលរដូវរងា យើងនឹងមើលថាតើខ្ញុំឈប់សម្រាកប៉ុន្មានថ្ងៃ [ដោយសារការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅកាតា]»។
«ខ្ញុំចង់យកកូនរបស់ខ្ញុំត្រឡប់ទៅទីនោះវិញ ព្រោះខ្ញុំចង់ឱ្យពួកគេនូវរសជាតិជីវិតរបស់ខ្ញុំកាលពីក្មេង។ យើងធ្លាប់ត្រឡប់ទៅប្រទេសបង់ក្លាដែសជារៀងរាល់ឆ្នាំ តាំងពីខ្ញុំនៅក្មេង ហើយវាជាពិភពលោកផ្សេង»។
Choudhury ដែលនឹងឈានចូលវ័យ 25 ឆ្នាំនៅថ្ងៃទី 1 ខែតុលា បានបង្ហាញខ្លួនចំនួន 7 ដងជាមួយនឹងក្រុម U-21 របស់អង់គ្លេសពីឆ្នាំ 2018 ដល់ឆ្នាំ 2019 ។ ដោយឡែកបង់ក្លាដេសនឹងលេងមិត្តភាពជាមួយជម្រើសជាតិកម្ពុជានៅថ្ងៃទី២២ខែតុលានេះ៕