ads
ads
ផ្លយ ពី​ក្មេង​រើស​បាល់​ និងរៀបឥវ៉ាន់ហ្វឹកហាត់ រហូតមាន​ឈ្មោះក្នុងបញ្ជីបឋមជម្រើសជាតិU23 មានប្រវត្តិតស៊ូយ៉ាងណាខ្លះ?
០៣-កញ្ញា-២០២២

«ផ្លយ»ជាឈ្មោះក្មេងប្រុសម្នាក់ ដែលក្នុង​មជ្ឈដ្ឋានបាល់ទាត់​កម្ពុជា ពិសេស​អ្នក​ដែល​ចូលទៅកាន់​ស្ដាត​ចាស់​កាលពី៥ ឬ ៦ឆ្នាំមុន​ពិត​ជាស្គាល់ច្បាស់ដែល​កាល​​នោះ ក្មេងប្រុស​សម្បុរខ្មៅ មាឌល្អិតម្នាក់​នេះ ជា​ក្មេង​រើស​បាល់​ និងរៀបឥវ៉ាន់ហ្វឹកហាត់  បានឆ្លងកាត់ការតស៊ូ ប្រឹងប្រែង ដំណាក់កាលបោះបង់​ចោល និង​ការ​ចាប់​ផ្ដើម​សារឡើង​វិញ ម្ដង​ហើយ​ម្ដង​ទៀត រហូតក្លាយទៅ​ជា​កីឡាករ​អាជីពនៅក្លិបបាល់ទាត់នគរបាលជាតិ។

ផ្លយ កាល​នៅជាក្មេងរើសបាល់ និង​រៀបឥវ៉ាន់នៅស្ដាតចាស់

ផ្លយ កាល​នៅជាក្មេងរើសបាល់ និង​រៀបឥវ៉ាន់នៅស្ដាតចាស់

ទោះបីត្រឹមមាន​ឈ្មោះក្នុង​បញ្ជីកោះហៅដំបូងក្នុង​ឈុត U23 កម្ពុជា​សម្រាប់ការធ្វើតេស្ដកាយសម្បទា ត្រៀមសម្រាប់ការប្រកួត​មិត្តភាពអន្តរជាតិ ទល់និងក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ អេម ផលនិត ឬ ផ្លយ បាន​បង្ហាញវា​ជាចំណុចចាប់​ផ្ដើមនៃអាជីពបាល់ទាត់​ដ៏លំបាក​មួយផុត​លេខ ព្រោះអីរូប​គេ​មិន​ដែល​រំពឹង​សោះថា មាន​ឈ្មោះរបស់​ខ្លួន​ក្នុង​បញ្ជីជម្រើស​ជាតិ។ ពេល​នេះ ផ្លយ​បាន​ធ្វើ​ការ​ឆ្លើយឆ្លងជាមួយអ្នក​យកព័ត៏មាន B8 Sport និង​គាស់រំលើងប្រវត្តិតស៊ូរបស់ខ្លួនក្នុង​វិថីនៃអាជីពបាល់ទាត់។

«ខ្ញុំស្រឡាញ់បាល់ទាត់​តាំងពីក្មេង។ ថ្ងៃមួយខ្ញុំបាន​តាម​មិត្តភ័ត្រម្នាក់ទៅស្ដាត់ចាស់មើល​គេហ្វឹកហាត់ និង​មើល​ការ​ប្រកួត មិនដែលខាន។ ខ្ញុំបាន​ស្គាល់គេ ស្គាល់​ឯងនៅទីនោះ សុំគេរើសបាល់ ពេលគេ​ហ្វឹកហាត់ រហូត​មក​ខ្ញុំបានរើស​បាល់ពេល​ក្លិប​គេ​ប្រកួតផ្លូវការ។ ពេល​គេហ្វឹកហាត់​ខ្ញុំបាន​ទៅជួយជញ្ជូនសម្ភារៈហ្វឹកហាត់ ជញ្ជូនបាល់ ហើយ​អង្គុយមើល​គេ​លេង​ភ្លេច​បាយ ភ្លេច​ទឹក»។

ផ្លយ(លេខ១៧)លេងនិង​ហ្វឹកហាត់​ក្នុងឈុតយុវជនក្លិបក្រសួងការពាតិ

ផ្លយ(លេខ១៧)លេងនិង​ហ្វឹកហាត់​ក្នុងឈុតយុវជនក្លិបក្រសួងការពាជាតិ

«ក្រោយ​មក​ទៀត​ ក្លិប​ក្រសួងការពារជាតិ​កាល​នោះបាន​រើស​យុវជនថ្នាល U15 U18 ហើយខ្ញុំក៏សុំគេចូលហ្វឹកហាត់ទៅ និង​លេង​នៅទីនោះ។ ពេលនោះខ្ញុំបាន​​ចូលលេងពានលីគ U15 និង U18​ដែរ ហើយ​ពេល​ចប់​ក្លិប​បាន​រំសាយឈុត​ U នេះ ខ្ញុំក៏ចាកចេញ។ ខ្ញុំបានសម្រាកពីបាល់ទាត់​មួយរយៈធំ ហើយ​បន្ទាប់​មក​ទៀត​ខ្ញុំក៏បាន​ចូលរួម​ឈុត U18 បឹង​កេត​ដែលកាល​នោះ ក្លិប​បង្កើតឈុត​U18 លេង​ពាន KMH។ ខ្ញុំបាន​ទៅធ្វើ​តេស្តិ៍ជាប់ ហើយ​លេង​បាន​១រដូវ​កាល»។

ផ្លយ(លេខ១៧)លេងនិង​ហ្វឹកហាត់​ក្នុងឈុតយុវជនក្លិបក្រសួងការពាតិ

ផ្លយ(លេខ១៧)លេងនិង​ហ្វឹកហាត់​ក្នុងឈុតយុវជនក្លិបក្រសួងការពាជាតិ

វា​ជាពេលវេលា​ដ៏ពិបាកបំផុត​សម្រាប់​ ផ្លយ ដែល​ត្រូវ​ចាកចេញ​ពីក្ដីស្រមៃ ទៅទទួលកាតព្វកិច្ចមើល​ថែរជីដូនឈឺអស់​រយៈពេល​ជាង២ឆ្នាំ។

«ពេល​នេះជាពេលវេលាដ៏ពិបាកសម្រាប់​ខ្ញុំ ដែល​ត្រូវ​ចាកចេញពីបាល់ទាត់​ជាថ្មីម្ដង​ទៀត ក៏ព្រោះកតព្វកិច្ចគ្រួសារ​គឺខ្ញុំបានចាកចេញពីបាល់ទាត់​ទៅមើលថែរយាយខ្ញុំឈឺនៅស្រុក ព្រោះ​គ្មាន​នរណាជួយមើល​ថែរ​នោះទេ។ គាត់​កើតជំងឺស្លាប់មួយចំហៀងខ្លួន​ដើរ​មិន​រួច ហើយ​វា​ជាជំងឺពិបាកពិបាកព្យាបាលបំផុត។ ខ្ញុំត្រូវ​ថែរក្សាយាយ​រហូត​ដល់​រយៈ​ពេល​២ឆ្នាំក្រោយ​មក​គាត់​បាន​ទទួលមរណៈភាព។ វាពិត​ជាស្ដាយពេល​វេលា​ណាស់​បង ដែលបែកពីបាល់ទាត់​ដល់ទៅ២ឆ្នាំ តែអ្នក​មានគុណ​ខ្ញុំមិនអាច​ទុកគាត់ចោលទេ»។

«ខ្ញុំត្រឡប់​មក​ភ្នំពេញវិញ តែការ​ត្រឡប់​មក​លើក​នេះមិនគិត​ថា​នឹង​មក​ប្រកបអាជីពលេង​បាល់ទាត់វិញនោះទេ។ ខ្ញុំឡើង​មក​ម្ដង​នេះ គឺមករកការងារ​ធ្វើហើយគិត​ថា​ឈប់​លេង​បាល់បាត់ទៅហើយ។ ប៉ុន្តែពេលឃើញគេ​លេង​បាល់ ចិត្ត​តែងតែនឹក​ឃើញពេល​វេលាកាល​នៅតូច ។ ខ្ញុំតែងគិត​ថាពីក្មេងខិតខំណាស់ សុំគេ​ហាត់​ផង លេង​ផង ដើម្បីបាន​នៅជាមួយបាល់គេ​ប្រើឱ្យ​យក​អី​ក៏ព្រមដែរ តែពេល​នេះហេតុអ្វីត្រូវបោះបង់ចោលសមត្ថផាពខ្លួនឯងចោល? ហើយ​ក្រោយ​មកក៏ឈ្លាតទៅហ្វឹកហាត់​បាល់សារជាថ្មី ហើយ​សុំក្លិប​នគរបាលជាតិ​ធ្វើ​តេស្តិ៍សមត្ថភាព ចំពេល​ក្លិប​រើស​កីឡាករថ្មី។ ធ្វើ​ការ​ផង ហាត់​បាល់​ផង ទៅហ្វឹកហាត់​បាល់ ខ្ញុំសុំទៅជាមួយមិត្តភ័ត្ត្រ ដោយ​សារគ្មានយាន្តជំនិះទេ ខ្ញុំព្យាយាមហ្វឹកហាត់​រហូតជាង​៥​ខែ ទើបមានឈ្មោះក្នុង​ក្លិបតែម្ដង»។

ផ្លយហ្វឹកហាត់​នៅក្រុមនគរបាល់ជាតិ

ផ្លយហ្វឹកហាត់​នៅក្រុមនគរបាលជាតិ

អេម ផលនិត ត្រូវបានកោះហៅសម្រាប់ការធ្វើតេស្ដកាយសម្បទានៅថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួត​មិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ នៅថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២២ តែយ៉ាងណា! រូប​គេ​ថា​មិនដែលគិត​អំពីការ​ជាប់ក្រុមជម្រើសជាតិអីនោះទេ។

«ខ្ញុំមិនហ៊ានគិតសូម្បីតែបន្តិច​រឿង​ជាប់​ជម្រើស​ជាតិនេះ។ គោលបំណងរបស់ខ្ញុំគឺដណ្ដើមតំណែង​១១នាក់​នៅក្នុង​ក្រុមឈុតធំ ហើយលេង​បាល់ទាត់​អាជីព ដើម្បីទទួលបាន​កម្រៃខ្លះសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។ ការ​មានឈ្មោះក្នុងបញ្ជីដំបូង​នេះ វាភ្ញាក់ផ្អើល និង​រំភើបដែរ​សម្រាប់​ខ្ញុំ ព្រោះខ្ញុំមិនដែគិតសូម្បីតែម្ដង ទោះបីតែ​វាគ្រាន់​តែជាមាន​ឈ្មោះក្នុងបញ្ជីបឋមនៅឡើយ។ ខ្ញុំគិត​ត្រឹម​ជាកីឡាករនៅកម្រិតក្លិប និង​អាជីពក្នុងក្លិបប៉ុណ្ណោះ ហើយខ្ញុំមើល​ដឹង កាយសម្បទា និង​សមត្ថភាពខ្លួនឯង។»

សម្រាប់​កម្រឹតក្លិប​វិញ ផ្លយ តែងតែបង្ហាញខ្លួនទៀងទាត់ក្នុង​ជម្រើស១១នាក់ដំបូង និងជាកីឡាករបម្រុង។ ខ្សែបម្រើការពារវ័យក្មេង​រូប​នេះ​តែងតែ​មាន​វត្តមានក្នុង​ការ​ប្រកួតសឹង​គ្រប់ប្រកួតទៅហើយ​ក្នុង​ Cambodian League 2 និង​ពាន​រង្វាន់​សម្ដេចហ៊ន សែន​នាពេលកន្លងមក។

«ខ្ញុំលេង​បម្រើការពារ ហើយ​ពេលខ្លះខ្ញុំលេង​ក្នុង​តំណែងបម្រើប្រយុទ្ធ​តាម​គ្រូចាត់​តាំង។សម្រាប់​គ្រាប់បាល់វិញ ខ្ញុំរក​បាន​១គ្រាប់​និង​បញ្ចូនបាល់បាន​ច្រើន​លើក​ដែរ តែមិនចាំចំនួនទេបង។ តំណែងបម្រើការពារ​នេះ មិនរំពឹង​រក​គ្រាប់បាល់ទេបង តែសុំលេង​ឱ្យ​បាន​ល្អក្នុងតំណែងរបស់ខ្លួនតែប៉ុណ្ណោះ។ ទៅអនាគត! ខ្ញុំចង់​ស្វែងយល់ពីបាល់ទាត់​ឱ្យ​បាន​ច្រើនជាង​នេះទៀត ហើយគោលបំណងធំបំផុត​ចង់​លេង​ក្នុង​ឆាកអន្តរជាត»។

ads
ads