

(English) អ្នកគាំទ្ររបស់ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយកីឡាករឆ្នើម Gabriel Silva បានរបួសក្នុងជំនួបរវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត សម្រាប់ការប្រកួតវគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ HSC ជើងទី ១ ដោយបញ្ចប់លទ្ធផល ០-១ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក កាលពីយប់មិញ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះបានទទួលរងរបួស បន្ទាប់ពីខ្សែការពារ Alex Baker បានព្យាយាមរារាំង និងប្រជែងយកបាល់ពីជើង Gabriel Silva។ ក្រោយទទួលរងរបួស Gabriel Silva ត្រូវបានសែងចេញពីទីលានតែម្តង។ Gabriel Silva បានផ្លាស់ប្ដូរចេញនៅនាទី ២៦ ក្នុងតង់ទី ១ ដោយជំនួសមកវិញដោយ Cristian Roque។
បញ្ហាខាងលើនេះ គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង លោក Pep Muñoz បានបញ្ជាក់ថា៖ យើងនៅតែមិនមានលទ្ធផល នៃការធ្វើតេស្តពីវេជ្ជសាស្រ្តទ្បើយ។ យើងកំពុងរង់ចាំមើលនៅព្រឹកនេះ។ ដូច្នេះហើយ យើងរង់ចាំមើលការស្កេនទើបអាចនិយាយបាន។
សូមបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង សង្ឃឹមថា Gabriel Silva នឹងអាចចូលរួមលេងទល់នឹង FK Arkadag សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League នៅឯពហុកីទ្បដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕