Diogo Dalot បង្ហើបថាគាត់បានប្រើប្រាក់ឈ្នួលដំបូងរបស់ Man Utd ទៅទិញឡានក្រុងថ្មីសម្រាប់ក្លឹបកុមារភាពរបស់គាត់ដើម្បីជាកាយវិការដឹងគុណ។
ខ្សែការពារស្តាំ Diogo Dalot របស់ Manchester United បានប្រើប្រាស់ប្រាក់ឈ្នួលដំបូងរបស់ Red Devils ដើម្បីទិញឡានក្រុងខ្នាតតូចថ្មីសម្រាប់ក្រុមកុមារភាពរបស់គាត់។
កីឡាករវ័យ 23 ឆ្នាំកំពុងបង្ហាញទម្រង់លេងបានល្អខ្លាំងនៅ Old Trafford ក្រោមការដឹកនាំរបស់លោក Erik ten Hag។ Dalot បានបង្ហាញខ្លួន 15 ដងសម្រាប់ United នៅរដូវកាលនេះនៅគ្រប់ការប្រកួតទាំងអស់ ដោយចាប់ផ្តើម១១នាក់ពីគ្រប់ប្រកួតតែម្តង។
គាត់បានផ្លាស់ទៅ Old Trafford ដោយចាកចេញពី Porto ក្នុងតម្លៃ 19 លានផោនក្នុងឆ្នាំ 2018 ទោះបីជាបានបង្ហាញខ្លួនត្រឹមតែ 8 ដងសម្រាប់ក្រុមមកពីព័រទុយហ្គាល់ក៏ដោយ។ មុនពេលចូលហ្វឹកហាត់នៅនៅសាលាយុវជនថ្នាលរបស់ Porto នៅអាយុប្រាំបួនឆ្នាំ គាត់បានលេងឱ្យក្លឹបនៅទីក្រុង Braga ដែលមានឈ្មោះថា Fintas ។
Dalot ថា Fintas តែងតែនៅជិតបេះដូងរបស់គាត់។ ដូច្នេះគាត់បានទិញឡានក្រុងខ្នាតតូចមួយឱ្យពួកគេ។ ថ្លែងទៅកាន់កាសែត The Times ខ្សែការពារស្តាំបានរំលឹកឪពុករបស់គាត់ដែលបានអញ្ជើញប្រធានក្លឹបទាំងពីរឱ្យទៅផ្ទះរបស់គាត់ ជាកន្លែងដែលគាត់បានជូនអំណោយមួយ ដែលចេញមកពីប្រាក់ខែដំបូងរបស់គាត់នៅ United ។
គាត់បាននិយាយថា៖ «ខ្ញុំបានទិញវា(ឡានក្រុង)សម្រាប់ពួកគេ នៅពេលដែលខ្ញុំទទួលបានប្រាក់ខែដំបូងរបស់ខ្ញុំពី United ។ ខ្ញុំចង់ផ្តល់អ្វីមួយត្រឡប់ទៅ Fintas វិញ ពីព្រោះតាមច្បាប់ពួកគេនឹងមិនទទួលបានអ្វីសម្រាប់ការផ្ទេររបស់ខ្ញុំពី Porto នោះទេ»។
«ខ្ញុំដឹងថាឡានក្រុងអាចជួយពួកគេច្រើនណាស់ ព្រោះពួកគេត្រូវទៅយកក្មេងចេញពីផ្ទះ ហើយពេលខ្លះឪពុកម្តាយត្រូវបើកឡានជូនកូនៗទៅសាលា»។
«ខ្ញុំចាំថាឪពុករបស់ខ្ញុំបានបើកឡានឱ្យខ្ញុំទៅហ្វឹកហាត់រាល់ពេល ពេលខ្លះទៅយកកូនផ្សេងទៀត ដោយសារឪពុកម្តាយរបស់ពួកគេមិនអាច – ដូច្នេះខ្ញុំគិតថា ឡានគឺជាជម្រើសដ៏ត្រឹមត្រូវ»។
ថ្វីត្បិតតែជាតារាបាល់ទាត់ដ៏មមាញឹកក៏ដោយ ក៏ Dalot នៅតែឆ្លៀតពេលដើម្បីទៅលេងក្រុមអតីតរបស់គាត់នៅពេលនៅ Braga ។ គ្រូបង្វឹកលោក Luis Travessa Martins បាននិយាយនៅក្នុងឆ្នាំ 2019 ថា៖ “នៅពេលណាដែលគាត់មក Braga គាត់មកលេងយើង គាត់មើលការប្រកួត និងចំណាយពេលនិយាយជាមួយកីឡាករក្មេងៗ ហើយគាត់គឺជាការលើកទឹកចិត្តដល់កីឡាកររបស់យើង»។